លោក ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ នៅព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៥ នេះ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងទេសចរណ៍ អញ្ជើញចូលរួមកិច្ចប្រជុំកំពូលប្រចាំឆ្នាំ២០២៥ របស់សមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិក (PATA Annual Summit 2025) និងកិច្ចប្រជុំពាក់ព័ន្ធ និងពិធីសម្ពោធភាពយន្តទេសចរណ៍ថតនៅកម្ពុជា ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៥ នៅទីក្រុង Almaty សាធារណរដ្ឋកាហ្សាក់ស្ថាន និងទីក្រុង Istanbul សាធារណរដ្ឋតួកគីយ៉េ។

នាឱកាសចូលរួមកិច្ចប្រជុំកំពូលប្រចាំឆ្នាំ២០២៥ របស់សមាគម PATA ដែលរៀបចំនៅសាធារណរដ្ឋតួកគីយ៉េ លោករដ្ឋមន្រ្តី នឹងចូលរួមមហាសន្និបាតប្រចាំឆ្នាំ២០២៥ របស់សមាគម សន្និសីទស្តីពីគោលនយោបាយរាជរដ្ឋាភិបាលជាសមាជិករបស់សមាគម និងកិច្ចប្រជុំសំខាន់ពាក់ព័ន្ធមួយចំនួនទៀត។
ជាមួយគ្នានេះដែរ លោករដ្ឋមន្រ្តី ក៏មានជំនួបទ្វេភាគីជាមួយរដ្ឋមន្រ្តី និងថ្នាក់ដឹកនាំទេសចរណ៍នៃសាធារណរដ្ឋកាហ្សាក់ស្ថាន សាធារណរដ្ឋតួកគីយ៉េ និងប្រធានស្ថាប័នដៃគូរសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកមួយចំនួន ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ និងជំរុញទេសចរអន្តរជាតិមកកាន់កម្ពុជាឱ្យកាន់តែច្រើនឡើងបន្ថែមទៀត។
បន្ថែមលើនេះ លោករដ្ឋមន្រ្តី ក៏នឹងអញ្ជើញចូលរួមកម្មវិធីសម្ពោធភាពយន្តទេសចរណ៍នៅទីក្រុង Altay សាធារណរដ្ឋកាហ្សាក់ស្ថាន និងជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំក្រុមហ៊ុនផលិតកម្ម Daubay Production និងក្រុមផលិតករផ្សេងៗ ដើម្បីជំរុញបន្តថតភាពយន្តទេសចរណ៍បន្ថែមទៀត នៅតាមគោលដៅទេសចរណ៍ដ៏មានសក្តានុពលរបស់កម្ពុជា៕



