ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន អញ្ជើញចូលរួមពិធីបិទរបៀបវរៈទី១ នៃវេទិកាថ្នាក់តំបន់ស្តីពីចីរភាពប្រព័ន្ធស្បៀង និងអាហារូបត្ថម្ភសម្រាប់អនាគត

ឯកឧត្តមបណ្ឌិតសភាចារ្យ ទេសរដ្ឋមន្ត្រី អ៊ុក រ៉ាប៊ុន ប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ និងជាប្រធានគណៈកម្មាធិការជាតិជម្រុញចលនាភូមិមួយផលិតផលមួយ នារសៀលថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥ បានអញ្ជើញជាអធិបតីក្នុងពិធីបិទរបៀបវារៈទីមួយ នៃវេទិកាថ្នាក់តំបន់ស្តីពីចីរភាពប្រព័ន្ធស្បៀង និងអាហារូបត្ថម្ភសម្រាប់អនាគត ដែលប្រព្រឹត្តទៅរយៈពេល២ថ្ងៃ ពីថ្ងៃទី១៧ ដល់ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥ នៅខេត្តសៀមរាប។

 នាឱកាសនោះ ឯកឧត្តមបណ្ឌិតសភាចារ្យបានថ្លែងការកោតសរសើរដល់ក្រុមការងារទាំងអស់នៃក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទកម្ពុជាដែលសហការជាមួយអង្គការGIZ  រៀបចំព្រឹត្តិការណ៍ដ៏មានសារៈសំខាន់នេះ ដោយក្នុងរយៈពេលពីរថ្ងៃកន្លងមកនេះ ការពិភាក្សាគឺប្រព្រឹត្តទៅយ៉ាងរលូនប្រកបដោយអត្ថន័យផ្តោតលើចំណុចប្រសព្វនៃវិស័យកសិកម្ម អាហារូបត្ថម្ភ និងការប្រែប្រួលអាកាសធាតុ។

ឯកឧត្តមបណ្ឌិតសភាចារ្យ បានមានប្រសាសន៍បន្តថា តាមរយៈវេទិកានេះ ប្រទេសកម្ពុជាគឺឈរនៅជួរមុខគេដោយមានការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការផ្លាស់ប្តូរវិស័យកសិកម្ម និងប្រព័ន្ធស្បៀងរបស់យើង ដើម្បីធានាបាននូវសន្តិសុខស្បៀង អាហារូបត្ថម្ភ និងចីរភាពបរិស្ថាន។ វេទិកានេះគឺសង្កត់ធ្ងន់លើការផ្លាស់ប្តូរដ៏សំខាន់មួយគឺការផ្លាស់ប្តូរទស្សនៈនៃការមើលឃើញបញ្ហាប្រឈមនៃការបំភាយឧស្ម័នផ្ទះកញ្ចក់ (GHG) និងបម្រែបម្រួលអាកាសធាតុជាឧបសគ្គ ទៅជាឱកាសថ្មីសម្រាប់កសិករដែលអាចនាំមកនូវប្រភពចំណូលបន្ថែមសម្រាប់ពួកគាត់។

ឯកឧត្តមបណ្ឌិតសភាចារ្យ បានបន្ថែមទៀតថា កន្លងមកប្រព័ន្ធស្បៀង និងការប្រែប្រួលអាកាសតែងតែជះឥទ្ធិពលទៅលើគ្នាទៅវិញទៅមក ប៉ុន្តែតាមរយ:ភាពច្នៃប្រឌិត និងនវានុវត្តន៍ក្នុងការធ្វើបរិវត្តកម្មប្រព័ន្ធស្បៀងដែលជាវិធីសាស្រ្តឈ្នះឈ្នះ យើងអាចបោះជំហានយ៉ាងសំខាន់ឆ្ពោះទៅរកការកាត់បន្ថយកាកសំណល់ស្បៀង ក្នុងពេលដំណាលគ្នា នៃការកែលម្អសុខភាព និងអាហារូបត្ថម្ភរបស់ប្រជាជន ក៏ដូចជាកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ផងដែរ។ សកម្មភាពទាំងនេះបង្ហាញថាការដោះស្រាយបញ្ហាប្រឈមអាកាសធាតុអាចដើរទន្ទឹមគ្នាជាមួយនឹងការលើកកម្ពស់ជីវភាពរស់នៅ និងការធានាបាននូវអាហារូបត្ថម្ភកាន់តែប្រសើរឡើងសម្រាប់ទាំងអស់គ្នា។

 ឯកឧត្តមបណ្ឌិតសភាចារ្យក៏បានលើកឡើងអំពីសារៈសំខាន់នៃការផ្លាស់ប្តូរបទពិសោធន៍នៃវិធីសាស្ត្រ និងគោលនយោបាយដែលបានអនុវត្តនៅអាស៊ី និងអាហ្វ្រិក ការទទួលយកឌីជីថលនីយកម្ម និងនវានុវត្តន៍ និងការផ្លាស់ប្តូរអាកប្បកិរិយាសង្គម ដែលទាំងនេះសុទ្ធតែជាកាតាលីករដែលអាចឱ្យយើងឆ្ពោះរួមគ្នាទៅរកអនាគតដែលយើងចង់បាន៕

Written by 

Related posts

Leave a Comment