មានតែកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះទើបអាចធានាស្ថិរភាពដល់ទំនាក់ទំនងទេ្វភាគីចិន-អាមេរិកក្នុងយុគសម័យថ្មី

ទំនាក់ទំនងចិន-អាមេរិកគឺជាទំនាក់ទំនងទ្វេភាគី ដែលមានសារៈសំខាន់ជាងគេបំផុតរបស់ពិភពលោក។ ការវិលត្រឡប់មកកាន់សេតវិមានសាជាថ្មីជាលើកទី២របស់លោកប្រធានាធិបតី ដូណាល់ ត្រាំ ដែលមាននិន្នាការប្រកាន់យក “គោលនយោបាយអាមេរិកដំបូង” និង “គោលនយោបាយគាំពារនិយម” បានបង្កឱ្យ មានការព្រួយបារម្ភ និងការវិភាគផ្សេងៗគ្នាចំពោះអនាគតនៃទំនាក់ទំនងរវាងមហាអំណាចទាំងពីរ។

យ៉ាងណាមិញ អ្វីដែលជាវឌ្ឍនភាពវិជ្ជមានក្នុងទំនាក់ទំនងចិន-អាមេរិកនោះគឺ ការរក្សានូវការប្រាស្រ័យទាក់ទងគ្នាកម្រិតខ្ពស់ជាបន្តបន្ទាប់រវាងថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ ដែលនេះគឺជាសញ្ញាវិជ្ជមានសម្រាប់ទំនាក់ទំនងទ្វេភាគី។ ជាក់ស្តែង ជំនួបតាមប្រព័ន្ធទូរស័ព្ទរវាងប្រធានរដ្ឋចិន ស៊ី ជីនពីង និងប្រធានាធិបតីជាប់ឆ្នោត ដូណាល់ ត្រាំ ក៏ដូចជារវាងប្រមុខការទូតនៃប្រទេសទាំងពីរ បានក្លាយទៅជាកត្តាកំណត់ស្ថិរភាព (stabilizer) ក្នុងទំនាក់ទំនងទ្វេភាគីចិន-អាមេរិក យ៉ាងហោចណាស់ក្នុងពេលបច្ចុប្បន្ន ។ ទោះបីជាមានភាពខុសគ្នាមួយចំនួន ភាគីទាំងពីរបានបង្ហាញពីឆន្ទៈរួមក្នុងការរក្សាកិច្ចសន្ទនាដោយបើកចំហ និងបន្តធ្វើការជាមួយគ្នា ដើម្បីនាំមកនូវប្រយោជន៍ទៅវិញទៅមក និងសន្តិភាពសម្រាប់ពិភពលោក ដែលនេះជាចំណុចចាប់ផ្តើមល្អមួយ ក្នុងយុគសម័យថ្មីនៃទំនាក់ទំនងចិន-អាមេរិក។

មិនថាស្ថានការណ៍ពិភពលោកមានការប្រែប្រួលយ៉ាងណា រដ្ឋាភិបាលចិនក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ប្រធានរដ្ឋចិន ស៊ី ជីនពីង តែងតែចង់មើលឃើញមហាអំណាចទាំងពីរក្លាយជាដៃគូ និងមិត្តភក្តិ ដែលអាចរួមចំណែកដល់ភាពជោគជ័យរបស់គ្នាទៅវិញទៅមក។ ការណ៍ដែលរដ្ឋាភិបាលចិនបានចាត់តំណាងជាន់ខ្ពស់ថ្នាក់អនុប្រធានាធិបតី ចូលរួមក្នុងពិធីស្បថការឡើងកាន់តំណែងជាប្រធានាធិបតីរបស់លោកត្រាំជាលើកដំបូងក្នុងប្រវត្តិសាស្ត្រចិន គឺជាសាក្ខីភាពដែលឆ្លុះបញ្ចាំងឱ្យការប្តេជ្ញាចិត្តដ៏រឹងមាំរបស់រដ្ឋាភិបាលចិនចំពោះទំនាក់ទំនងទ្វេភាគីចិន-អាមេរិក។

តាមពិតទៅ ពិភពលោកលោកនេះមានទំហំធំល្មមសម្រាប់ចិន និងអាមេរិក ក្នុងការស្វែងរកឱកាសកិច្ចសហប្រតិបត្តិការ និងបន្តគោលនយោបាយមេត្រីភាព ដែលនឹងរួមចំណែកដល់ស្ថិរភាព សន្តិភាព និងវិបុលភាពក្នុងតំបន់ និងពិភពលោកទាំងមូល។ ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងទៅ ប្រទេសទាំងពីរបានសម្រេចសមិទ្ធផលច្រើនក្នុងទំនាក់ទំនងទ្វេភាគី ដែលក្នុងនោះរួមមានការរៀបចំកិច្ចពិភាក្សាយុទ្ធសាស្ត្រ កិច្ចប្រជុំសេដ្ឋកិច្ច-ហិរញ្ញវត្ថុ កិច្ចសហប្រតិបត្តិការប្រឆាំងបទល្មើសគ្រឿងញៀន និងគំនិតផ្តួចផ្តើមអាកាសធាតុ។

ក្រៅពីនេះ ភាគីទាំងពីរក៏បានចាប់ផ្តើមឡើងវិញនូវកិច្ចព្រមព្រៀងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ព្រមទាំងគំាទ្រគ្នាទៅវិញទៅមកលើសេចក្តីសម្រេចចិត្តរបស់មហាសន្និបាតអង្គការសហប្រជាជាតិស្តីពី “បញ្ញាសិប្បនិម្មិត” កាលពីឆ្នាំ២០២៤។ បច្ចុប្បន្ន ក្រុមហ៊ុនអាមេរិកជាង ៧០ ម៉ឺន កំពុងដំណើរការនៅក្នុងប្រទេសចិន ដែលបង្កើតប្រាក់ចំណូលប្រចាំឆ្នាំប្រមាណ ៥០ ប៊ីលានដុល្លារអាមេរិក ខណៈដែលការនាំចេញពីអាមេរិកទៅចិនបានបង្កើតការងារជិត ១ លានកន្លែងជូនពលរដ្ឋអាមេរិក។ ក្រោមគំនិតផ្តួចផ្តើម “៥០ ម៉ឺនក្នុងរយៈពេលប្រាំឆ្នាំ” ប្រទេសចិនបានស្វាគមន៍យុវជនអាមេរិកជិត ១៥ ម៉ឺននាក់ ដើម្បីជំរុញមិត្តភាព និងការយល់ដឹងទៅវិញទៅមក។ សមិទ្ធផលទាំងនេះគឺជាតឹកតាងបង្ហាញថា នៅពេលដែលចិន និងអាមេរិកធ្វើកិច្ចសហប្រតិបត្តិការជាមួយគ្នា ប្រទេសទាំងពីរនឹងទទួលបានផលចំណេញច្រើនជាងពេលប្រឈមមុខដាក់គ្នា ដែលនេះផ្ទុយទាំងស្រុងពីទស្សនៈ “ផលបូកសូន្យ”។

ទោះបីជាយ៉ាងនេះក្តី អ្វីដែលគួរឱ្យព្រួយបារម្ភណ៍នោះគឺឥរិយាបថដែលមិនអាចទស្សន៍ទាយបានរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ ។ អ្វីដែលលោកនិយាយថ្ងៃនេះ អាចនឹងប្រែប្រួលនៅថ្ងៃស្អែក ពោលគឺ លោកអាចដាក់ចេញវិធានការនានាក្រោមលេសថា ការពារផលប្រយោជន៍ និងសន្តិសុខអាមេរិក ដែលការណ៍នេះអាចនឹងគំរាមកំហែងដល់ស្ថិរភាពនៃទំនាក់ទំនងចិន-អាមេរិកគ្រប់ពេលវេលា។

ជាក់ស្តែង រដ្ឋាភិបាលអាមេរិកបានអនុម័តបន្ថែមអត្រាពន្ធគយ ១០% លើការនាំចូលទំនិញរបស់ចិនទាំងអស់ ដែលបានចូលជាធរមានកាលពីដើមខែកុម្ភៈនេះ ព្រមទាំងតម្លើងពន្ធបន្ថែម ២៥% ដាច់ដោយឡែកលើការនាំចូលដែកថែប និងអាលុយមីញ៉ូម។ សូម្បីប្រទេសជិតខាងដូចជាកាណាដា និងម៉ិចស៊ិក ក៏អាមេរិកបានគំរាមប្រើប្រាស់របាំងពន្ធគយជាឧបករណ៍បម្រើឱ្យគោលនយោបាយខ្លួនដែរ។

ចំណាត់ការនេះត្រូវបានមើលឃើញថា ជាការដើរប្រាសចាកពីគន្លងនៃពាណិជ្ជកម្មសេរី ដែលនឹងមិនត្រឹមតែប៉ះពាល់ដល់ទំនាក់ទំនងទ្វេភាគីចិន-អាមេរិកទេ តែថែមទាំងមិនអំណោយផលដល់សេដ្ឋកិច្ច អាមេរិកដែរ។ គ្នាននរណាម្នាក់នឹងក្លាយទៅជាអ្នកឈ្នះពិតប្រាកដក្នុងល្បែងពន្ធគយទេ។ មានតែការគោរពគ្នាទៅវិញទៅមក ការប្រកាន់ខ្ជាប់គោលការណ៍សន្តិសហវិជ្ជមាន និងកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ ទើបធ្វើឱ្យមហាអំណាចទាំងពីរអាចក្លាយទៅជាមិត្ត និងធ្វើការរួមគ្នាដើម្បីដោះស្រាយភាពខុសប្លែកគ្នា និងនាំមកស្ថិរភាព សន្តិភាព និងវិបុលភាពដល់ពិភពលោក។ ការតម្លើងអត្រាពន្ធគយមិនអាចដោះស្រាយបញ្ហាបានឡើយ ក្រៅតែពីនាំមកនូវភាពតានតឹងសាជាថ្មីម្តងទៀតដល់ទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរ ហើយអ្នកដែលរងគ្រោះពិតប្រាកដគឺជាប្រជាពលរដ្ឋដែលនឹងប្រឈមមុខនឹងការកើនឡើងនៃអត្រាអតិផរណា និងនិកម្មភាព។

សរុបមកវិញ ខណៈមហាអំណាចទាំងពីរហាក់បង្ហាញសញ្ញាវិជ្ជមានសម្រាប់ការបើកចំហចំពោះកិច្ចសន្ទនា និងកិច្ចសហប្រតិបត្តិការក្នុងការដោះស្រាយបញ្ហាខុសគ្នា និងធ្វើការរួមគ្នាដើម្បីផលប្រយោជន៍រួម ការផ្លាស់ប្តូរយ៉ាងឆាប់រហ័សនូវគោលនយោបាយរបស់លោកត្រាំ ដែលគ្មាននរណាម្នាក់អាចទស្សន៍ទាយទុកជាមុនបាន អាចនឹងនាំមកនូវហានិភ័យគ្រប់ពេលវេលាដល់ទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរ។មានតែការគោរពគ្នាទៅវិញទៅមក ការប្រកាន់ខ្ជាប់គោលការណ៍សន្តិសហវិជ្ជមាន និងកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះប៉ុណ្ណោះ ដែលអាចធានាស្ថិរភាពចិន-អាមេរិកនៅពេលអនាគត។

  ដោយលោក ហ៊ូ ចំរើន

អ្នកស្រាវជ្រាវនៃមជ្ឈមណ្ឌលអភិវឌ្ឍន៍កម្ពុជា

Written by 

Related posts

Leave a Comment