មេដឹកនាំកំពូលអ៊ីរ៉ង់លោក Ayatollah AliKhamenei ដែលគាំទ្រក្រុមហាម៉ាស និងក្រុមហេសបូឡា ដែលកំពុងប្រយុទ្ធនឹងអ៊ីស្រាអែលនៅហ្គាហ្សា និងលីបង់ បានចេញមុខអំពាវនាវកាលពីថ្ងៃចន្ទថា ទោសប្រហារជីវិតគួរតែត្រូវបានចេញសម្រាប់មេដឹកនាំអ៊ីស្រាអែល មិនមែនត្រឹមដីកាចាប់ខ្លួននោះទេ។
លោក Ayatollah Ali Khamenei កំពុងធ្វើអត្ថាធិប្បាយលើការសម្រេចចិត្តរបស់ តុលាការឧក្រិដ្ឋកម្មអន្តរជាតិ ដើម្បីចេញដីកាចាប់ខ្លួន នៅថ្ងៃព្រហស្បតិ៍ សម្រាប់នាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu និង អតីតប្រមុខការពារជាតិរបស់គាត់លោក Yoav Gallant។
លោក Khamenei បាននិយាយថា ការចេញត្រឹមដីកាចាប់ខ្លួន មេដឹកនាំអ៊ីស្រាអែលគឺវាមិនគ្រប់គ្រាន់នោះទេ…ប៉ុន្តែយើងត្រូវការដីការកាត់ទោសប្រហារជីវិតសម្រាប់មេដឹកនាំឧក្រិដ្ឋជនទាំងនេះ។
នៅក្នុងការសម្រេចចិត្តនៃដីការចាប់ខ្លួនមេដឹកនាំអ៊ីស្រាអែលចៅក្រម ICC បានលើកទ្បើងថា យើងមានហេតុផល និងភស្តុតាងគ្រប់គ្រាន់ថាលោក Netanyahu និងលោក Gallant ទទួលខុសត្រូវព្រហ្មទណ្ឌចំពោះសកម្មភាពរួមទាំងឃាតកម្ម ការធ្វើទុក្ខបុកម្នេញ និងភាពអត់ឃ្លានជាអាវុធនៃសង្គ្រាម ដែលជាផ្នែកមួយនៃ ការវាយប្រហារយ៉ាងទូលំទូលាយ និងជាប្រព័ន្ធប្រឆាំងនឹងប្រជាជនស៊ីវិលនៅហ្គាហ្សាហើតសកម្មភាពជាក់ស្តតែងនោះវាជាអំពើប្រល័យពូជសាសន៍។
ការសម្រេចចិត្តខាងលើនេះបានធ្វើឲ្យមានកំហឹងនៅក្នុងប្រទេសអ៊ីស្រាអែល ដែលបានហៅវាថាជាការអាម៉ាស់ និងមិនទំនងទាល់តែសោះសម្រាប់ការសម្រេចចិត្តរបស់ ICC។ ប៉ុន្តែអ្នកស្រុក Gaza បានសម្តែងក្តីសង្ឃឹមថា ដីការនោះវានឹងជួយបញ្ចប់អំពើហឹង្សា និងនាំអ្នកទទួលខុសត្រូវចំពោះឧក្រិដ្ឋកម្មសង្គ្រាមមករកយុត្តិធម៌។
យ៉ាងណាក៏ដោយ អ៊ីស្រាអែលបានច្រានចោលយុត្តាធិការរបស់តុលាការដែលមានមូលដ្ឋាននៅទីក្រុងឡាអេ និងបដិសេធឧក្រិដ្ឋកម្មសង្រ្គាមនៅហ្គាហ្សាផងដែរ៕
ដោយ៖ ពេជ្រ