“កាណាដាមានអារម្មណ៍ថា ខ្លួនត្រូវគេក្បួត រំលោភបំពាននិងរងការវាយប្រហារដោយគ្មានហេតុផលទាល់តែសោះពីសហរដ្ឋអាមេរិកដែលជាបងធំរបស់ខ្លួន” ។ បន្ទាប់ពីសហរដ្ឋអាមេរិកបានប្រកាសដំឡើងពន្ធគយចំពោះប្រទេសកាណាដានាពេលថ្មីៗកន្លងទៅនេះ លោក Derek Holt សេដ្ឋវិទូនៃធនគារ Scotia កាណាដាបានបញ្ចេញឧទានដូចពោលខាងលើនេះក្នុងរបាយការណ៍មួយ ។ យ៉ាងណាមិញ ទីបំផុត តើអ្នកនយោបាយកាណាដាបានឆ្លើយតបនឹង”ការក្បត់ រំលោភបំពាននិងវាយប្រហារ”យ៉ាងដូចម្តេច ? ពេលថ្មីៗនេះ អភិបាលនៃខេត្តនិងតំបន់ចំនួន ១៣ របស់ប្រទេសកាណាដាបាននាំគ្នាទៅបំពេញទស្សនកិច្ចនៅសហរដ្ឋអាមេរិកដើម្បីនិយាយបញ្ចុះបញ្ចូលសមាជិកសភា សមាគមពាណិជ្ជកម្មនិងមគ្គុទ្ទេសក៍ពលកររបស់សហរដ្ឋអាមេរិក ក្នុងគោលបំណងព្យាយាមអស់ពីលទ្ធភាពដើម្បីសុំអង្វរសហរដ្ឋអាមេរិកឱ្យលើកលែងការដំឡើងពន្ធគយចំពោះប្រទេសខ្លួន ។
អ្វីដែលកាន់តែហួសហេតុខុសទំនងនោះគឺ ដើម្បីនិយាយបញ្ចុះបញ្ចូលភាគីអាមេរិក អ្នកនយោបាយកាណាដាបែរជាបានលេង”សន្លឹកបៀចិន”ដោយពិពណ៌នាចិនថាជា”សត្រូវសេដ្ឋកិច្ចរួម” ។
បន្ទាប់ពីលោកត្រាំបានជាប់ឆ្នោតជាប្រធានាធិបតីសហរដ្ឋអាមេរិកម្តងទៀត លោកបានព្រលយសម្តីជាច្រើនលើកហើយថា នឹង”លេបយក”ប្រទេសកាណាដាដែលធ្វើឱ្យវាក្លាយជារដ្ឋទី ៥១ របស់សហរដ្ឋអាមេរិក ។ កាលពីដើមខែនេះ សហរដ្ឋអាមេរិកបានគំរាមកំហែងថា នឹងយកពន្ធគយបន្ថែម ២៥ ភាគរយចំពោះផលិតផលកាណាដាដែលនាំចេញទៅសហរដ្ឋអាមេរិកក្រោមលេសបញ្ហាថ្នាំហ្វេនតានីលនិងជនអន្តោប្រវេសន៍ខុសច្បាប់ ។ ដោយឡែកនៅពេលថ្មីៗនេះ សហរដ្ឋអាមេរិកក៏បានប្រកាសដំឡើងពន្ធគយ ២៥ ភាគរយលើផលិតផលដែកថែបនិងអាលុយមីញ៉ូមទាំងអស់ដែលនាំចូលទៅសហរដ្ឋអាមេរិកផងដែរ ហើយប្រទេសដែលរងផលប៉ះពាល់មុនគេ គឺ កាណាដា ។
ទោះបីជាអ្នកនយោបាយ ដូចជាលោក Justin Trudeau នាយករដ្ឋមន្ត្រីកាណាដាជាដើមនិយាយបានតែមាត់ថា “មិនបន្ធូរបន្ថយគោលជំហររបស់ខ្លួនជាដាច់ខាត”ដោយបានអះអាងថា នឹងចាត់វិធានការពន្ធគយតបតវិញចំពោះសហរដ្ឋអាមេរិកក៏ដោយ ក៏ប៉ុន្តែតាមពិតទៅ កាណាដាបាននិងកំពុងពឹងផ្អែកយ៉ាងខ្លាំងលើសហរដ្ឋអាមេរិកក្នុងវិស័យសេដ្ឋកិច្ចនិងពាណិជ្ជកម្ម ។
មួយផ្នែក ប្រទេសកាណាដាត្រូវអាម៉ាស់មុខជាញឹកញាប់ដោយសហរដ្ឋអាមេរិកនិងសម្តែងការព្រួយបារម្ភចំពោះការខាតបង់ផលប្រយោជន៍របស់ខ្លួន មួយផ្នែកទៀត ពួកគេក៏គ្មានសមត្ថភាពក្នុងការធ្វើការប្រកួតប្រជែងជាមួយសហរដ្ឋអាមេរិកដែរ ហេតុនេះហើយ អ្នកនយោបាយកាណាដាទាំងឡាយមានគំនិតអាក្រក់ថា ប្រឆាំងចិនយ៉ាងក្ដែងៗនិងលាបពណ៌ប្រទេសចិនដើម្បីផ្គាប់ចិត្តរដ្ឋាភិបាលអាមេរិកក្នុងគោលបំណងសុំអង្វរសហរដ្ឋអាមេរិកឱ្យលើកលែងការដំឡើងពន្ធគយចំពោះប្រទេសខ្លួន ។ កាណាដាបានដាក់ចេញនូវវិធានការពាក់ព័ន្ធដែលសំដៅចំពោះចិនជាបន្តបន្ទាប់ក្នុងវិស័យនយោបាយ សន្តិសុខ វិទ្យាសាស្ត្រនិងបច្ចេកវិទ្យានិងសេដ្ឋកិច្ចជាដើម ក្នុងនោះមានខ្លះ គឺត្រូវញុះញង់ដោយអ្នកបញ្ជាពីក្រោយ ខ្លះទៀតគឺ “បន្ថែមឆាកល្ខោនដោយខ្លួនឯង” ។
តាមពិតទៅ ប្រទេសចិននិងកាណាដាមិនមានជម្លោះផ្នែកផលប្រយោជន៍ពីឬសគល់នោះទេ ទំនាក់ទំនងរវាងប្រទេសទាំងពីរធ្លាប់បានស្ថិតនៅជួរមុខនៃទំនាក់ទំនងរវាងចិននិងប្រទេសប៉ែកខាងលិចក្នុងរយៈពេលយូរ ។ ប្រទេសចិនគឺជាដៃគូពាណិជ្ជកម្ម ប្រភពនាំចូលនិងជាទីផ្សារនាំចេញធំទីពីររបស់ប្រទេសកាណាដា ។ ក្នុងរយៈពេលជាង ៩ ឆ្នាំដែលលោក Justin Trudeau បានឡើងកាន់មុខតំណែងជានាយករដ្ឋមន្ត្រីកាណាដា កាលពីដំបូង ទំនាក់ទំនងរវាងចិននិងកាណាដាបានទទួលការអភិវឌ្ឍដ៏ល្អប្រសើរ ប៉ុន្តែស្របពេលដែលសហរដ្ឋអាមេរិកបានចាត់ទុកប្រទេសចិនជា”គូប្រជែងយុទ្ធសាស្ត្រដ៏ធំបំផុត” ហើយទប់ស្កាត់និងគាបសង្កត់ដោយគ្រប់ជ្រុងជ្រោយចំពោះការអភិវឌ្ឍរបស់ប្រទេសចិន ទង្វើនិងឥរិយាបថរបស់កាណាដាបានចាប់ផ្តើមមានការផ្លាស់ប្តូរដោយសុខចិត្តធ្វើជាអ្នកដើរនាំមុខនិងជាទ័ពស្រួចរបស់អាមេរិកក្នុងជួរប្រឆាំងប្រទេសចិន ។ នេះបានបណ្តាលឱ្យកិច្ចសហប្រតិបត្តិការរវាងចិននិងកាណាដាបានបន្តជួប”ចរន្តត្រជាក់” ហើយក៏បានធ្វើឱ្យកាណាដាបង់តម្លៃដោយសារទង្វើខុសឆ្គងរបស់ខ្លួនផងដែរ ។
សំដៅចំពោះទង្វើខុសឆ្គងរបស់រដ្ឋាភិបាលប្រទេសខ្លួន ប្រជាជននិងសហគ្រាសជាច្រើនរបស់ប្រទេសកាណាដាសុទ្ធតែបានសម្តែងការប្រឆាំង ។ នៅពេលមុននេះមិនជាយូរប៉ុន្មាន «របាយការណ៍ស៊ើបអង្កេតអំពីពាណិជ្ជកម្មរវាងកាណាដានិងចិន»ដែលចេញផ្សាយដោយក្រុមប្រឹក្សាពាណិជ្ជកម្មកាណាដា-ចិនបានលើកឡើងថា សហគ្រាសកាណាដាភាគច្រើនសម្គាល់ឃើញថា ប្រទេសចិនគឺជាទីផ្សារជម្រើសចម្បងមួយរបស់ពួកគេក្នុងចំណោមទីផ្សារជម្រើសចម្បងចំនួន ៥ ក្នុងក្របខ័ណ្ឌទូទាំងពិភពលោក ហើយការធានាជាក់លាក់ដល់ឱកាសទីផ្សាររបស់ចិន វាមានសារសំខាន់ជាយុទ្ធសាស្ត្រចំពោះកាណាដា ។
សូមបញ្ជាក់ថា ឆ្នាំនេះគឺជាខួបទី ៥៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងចិននិងកាណាដា ហើយក៏ជាខួបទី ២០ នៃការបង្កើតទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្រ្តផងដែរ ។ បច្ចុប្បន្ននេះ ប្រទេសកាណាដាកំពុងប្រឈមមុខនឹងចំណុចរបត់នៃការផ្លាស់ប្តូររបស់ស្ថានការណ៍នយោបាយប្រទេសខ្លួន ។ បើនិយាយចំពោះថ្នាក់ដឹកនាំនាពេលអនាគតនៃប្រទេសនេះ តើពួកគេអាចប្រកាន់ខ្ជាប់នូវភាពម្ចាស់ការខាងយុទ្ធសាស្ត្រ បដិសេធមិនព្រមធ្វើជា”ទ័ពស្រួច”របស់អាមេរិកទាំងងងឹតងងុលនិងវិលត្រឡប់ទៅរកការយល់ដឹងប្រកបដោយវិចារណញ្ញាណចំពោះប្រទេសចិនឡើងវិញឬអត់ នេះគ្មានអ្វីគួរឱ្យសង្ស័យឡើយ គឺជាការសាកល្បងគន្លឹះមួយ ។ការលេង”សន្លឹកបៀចិន”មិនអាចធ្វើជា”ខែលការពារ”របស់ប្រទេសកាណាដាបានទេ ៕

