តុលាការធម្មនុញ្ញរបស់កូរ៉េខាងត្បូង គ្រោងនឹងចេញសេចក្តីសម្រេចនៅម៉ោង ១១ ព្រឹកថ្ងៃសុក្រនេះ ស្តីពីសុពលភាពនៃការចោទប្រកាន់ប្រធានាធិបតី លោក Yoon Suk-yeol ។

តុលាការបានពិនិត្យករណីនេះ បន្ទាប់ពីសមាជិកសភាជាតិបានបោះឆ្នោតចោទប្រកាន់លោក Yoon សម្រាប់ការដាក់ច្បាប់អាជ្ញាសឹករយៈពេលខ្លីរបស់លោកកាលពីខែធ្នូ ឆ្នាំ២០២៤។ លោកត្រូវបានព្យួរពីតួនាទីប្រធានាធិបតីចាប់តាំងពីការចោទប្រកាន់។
បច្ចុប្បន្នតុលាការនេះមានសមាសភាពចៅក្រមប្រាំបីរូប ហើយលោក Yoon នឹងត្រូវដកចេញពីតំណែងភ្លាមៗ ប្រសិនបើយ៉ាងហោចណាស់ប្រាំមួយនាក់ក្នុងចំណោមពួកគេគាំទ្រការចោទប្រកាន់។ ការបោះឆ្នោតប្រធានាធិបតីនឹងប្រព្រឹត្តទៅក្នុងរយៈពេល 60 ថ្ងៃក្រោយការដកតំណែង។ ប៉ុន្តែ លោក Yoon នឹងបន្តតួនាទីរបស់គាត់ ប្រសិនបើចៅក្រមតិចជាងប្រាំមួយនាក់គាំទ្រការចោទប្រកាន់នេះ។
ក្រុមអ្នកច្បាប់របស់លោក Yoon និយាយថា គាត់នឹងមិនបង្ហាញខ្លួននៅចំពោះមុខតុលាការដើម្បីស្តាប់ការសម្រេចនោះទេ។ លោកត្រូវបានគេរំពឹងថានឹងស្នាក់នៅក្នុងគេហដ្ឋានប្រធានាធិបតីរបស់លោកក្នុងទីក្រុងសេអ៊ូលនៅពេលដែលការសម្រេចចិត្តរបស់តុលាការត្រូវបានប្រគល់៕

ដោយ៖ ពេជ្រ