ប្រធានាធិបតីអាមេរិក លោក Donald Trump បានប្រកាន់ជំហររឹងប៉ឹងមួយ សម្រាប់បទឈប់បាញ់នៅតំបន់ហ្គាហ្សាស្ទ្រីប ដើម្បីឲ្យចលនារ៉ាឌីកាល់ប៉ាឡេស្ទីនហាម៉ាស ដោះលែងចំណាប់ខ្មាំងអ៊ីស្រាអែលទាំងអស់ នៅថ្ងៃទី ១៥ ខែកុម្ភៈ នេះ។

លោក Trump បានប្រាប់អ្នកយកព័ត៌មាននៅឯសេតវិមានថា ខ្ញុំមិនដឹងថានឹងមានអ្វីកើតឡើង នៅម៉ោង ១២ ថ្ងៃនេះទេ ។
លោក បានបន្ថែមថា ឥឡូវនេះ ខ្ញុំយល់ថាក្រុមហាម៉ាស់ នឹងដោះលែងចំណាប់ខ្មាំងម្តងទៀត ។
លោក Trump ធ្លាប់ទាមទារឱ្យក្រុមហាម៉ាស ដោះលែងចំណាប់ខ្មាំងទាំងអស់ដែលបច្ចុប្បន្នត្រូវបានឃុំខ្លួននៅតំបន់ហ្គាហ្សាស្ទ្រីប ត្រឹមថ្ងៃត្រង់ ថ្ងៃសៅរ៍នេះ ។
គួរបញ្ជាក់ថា នៅថ្ងៃទី ១០ ខែកុម្ភៈ លោក Abu Ubaida អ្នកនាំពាក្យរបស់ Al-Qassam Brigades ដែលជាក្រុមយោធារបស់ក្រុមហាម៉ាស បានប្រកាសពីការពន្យារពេលក្នុងការដោះលែងចំណាប់ខ្មាំងក្រុមបន្ទាប់ ដែលគ្រោងនឹងធ្វើឡើងនៅថ្ងៃទី ១៥ ខែកុម្ភៈ ។ ទោះជាយ៉ាងណា ចលនានេះ អះអាងថាអ៊ីស្រាអែល បានរំលោភលើកិច្ចព្រមព្រៀងដោយពន្យារពេលការវិលត្រឡប់របស់ជនភៀសខ្លួនពីភាគខាងត្បូងនៃតំបន់ជុំវិញទៅភាគខាងជើង ដោយបើកការបាញ់ប្រហារទៅលើជនស៊ីវិលនៅហ្គាហ្សា ៕

ដោយ៖ ពេជ្រ