ប្រធានាធិបតីលោក Donald Trump បានស្វាគមន៍នាយករដ្ឋមន្ត្រីឥណ្ឌាលោក Narendra Modi នៅសេតវិមាន កាលពីថ្ងៃព្រហស្បតិ៍ ។

លោក Trump បានហៅលោក Modi ថាមិត្តដ៏អស្ចារ្យរបស់លោក ប៉ុន្តែយ៉ាងណាក៏ដោយ លោក ក៏ព្រមានថា ឥណ្ឌា នឹងមិនរួចផុតពីការដំឡើងពន្ធខ្ពស់ ដែលលោក ដាក់ចេញលើដៃគូពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិក នៅជុំវិញពិភពលោកនោះទេ។
លោក Trump ដែលធ្លាប់ចំអកឥណ្ឌាថា ជាស្តេចពន្ធ បានហៅការយកពន្ធនាំចូលដែលដាក់ដោយប្រទេសរបស់លោក Modi នេះ ថាអយុត្តិធម៌។
លោក Trump បានលើកឡើង នៅក្នុងសន្និសីទសារព័ត៌មានរួមគ្នាជាមួយលោក Modi ថា អ្វីក៏ដោយដែលឥណ្ឌា ចោទប្រកាន់ យើងនឹងចោទប្រកាន់ពួកគេវិញ។ ដូច្នេះ និយាយឱ្យត្រង់ទៅ វាមិនសំខាន់សម្រាប់យើងទៀតទេ នូវអ្វីដែលពួកគេគិតថ្លៃ ។
លោក ក៏បានរំលឹកឡើងវិញអំពីការធានាថាសហរដ្ឋអាមេរិក លុបបំបាត់ឱនភាពពាណិជ្ជកម្មរបស់ខ្លួនជាមួយឥណ្ឌា។
លោក ស្នើថា អាចធ្វើទៅបានដោយការបង្កើនការនាំចេញថាមពលរបស់សហរដ្ឋអាមេរិកទៅកាន់ប្រទេសឥណ្ឌា ប៉ុន្តែថែមទាំងសន្យាថានឹងស្ដារឡើងវិញនូវភាពយុត្តិធម៌ និងទៅវិញទៅមក ចំពោះទំនាក់ទំនងសេដ្ឋកិច្ច ដោយថា លោក និងលោក Modi នឹងចាប់ផ្តើមធ្វើការលើកិច្ចព្រមព្រៀងពាណិជ្ជកម្មដ៏សំខាន់មួយ ដែលអាចបញ្ចប់នៅចុងឆ្នាំនេះ ។
គួរបញ្ជាក់ថា សហរដ្ឋអាមេរិក និងឥណ្ឌា មានឱនភាពពាណិជ្ជកម្មចំនួន ៥០ ពាន់លានដុល្លារ។ ឥណ្ឌូ-អាមេរិក ពាណិជ្ជកម្មទំនិញ និងសេវាកម្មមានចំនួនសរុបប្រហែល ១៩០.១ ពាន់លានដុល្លារ ក្នុងឆ្នាំ ២០២៣ ។ យោងតាមក្រសួងកិច្ចការបរទេសរបស់ប្រទេសឥណ្ឌា ការនាំចេញរបស់សហរដ្ឋអាមេរិកទៅកាន់ប្រទេសឥណ្ឌាមានតម្លៃជិត ៧០ ពាន់លានដុល្លារ និងនាំចូលចំនួន ១២០ ពាន់លានដុល្លារ ៕

ដោយ៖ ពេជ្រ