​លោករដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មថា៖ មានសង្ឃឹមយ៉ាងមុតមាំក្រោយសភាពាណិជ្ជកម្មខេត្តរតនគីរីបានបោះឆ្នោតរួចពិតជាជួយសម្រួលទំហំពាណិជ្ជកម្មក្នុងខេត្តកាន់តែមានសន្ទុះទ្វេឡើង

ខេត្តរតនគិរី÷ ក្រសួងពាណិជ្ជកម្មបើកការិយាល័យចុះឈ្មោះបោះឆ្នោតជ្រើសរើសប្រធាននិងជ្រើសតាំងសភាពាណិជ្ជកម្មខេត្តរតនគីរី។

ពិធីនេះត្រូវបានប្រារព្ធធ្វើឡើងនៅសាលប្រជុំ មន្ទីរពាណិជ្ជកម្មខេត្តរតនគិរី នៅព្រឹកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥ ក្រោមវត្តមានលោក ម៉ៅ ថូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងលោក នាង សំអាត អភិបាលរងខេត្តរតនគិរី ព្រមទាំងមានការចូលរួមពីសំណាក់ បេក្ខភាពឈរឈ្មោះ ម្ចាស់ក្រុមហ៊ុន ម្ចាស់សហភាគ្រាស ដែលកំពុងមានប្រតិបត្តិការក្នុងខេត្ត និងថ្នាក់ដឹកនាំមន្ទីរជំនាញពាក់ព័ន្ធជាច្រើនរូបទៀត។

នៅក្នុងឱកាសនេះ លោក នាង សំអាត អភិបាលរងខេត្តរតនគិរី បានលើកឡើងថា ពីកំណើនសេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋក្នុងខេត្ត ដែលមានកំណើន គួរឲ្យកត់សម្គាល់ បើប្រៀបធៀបជាមួយកំណើនសេដ្ឋកិច្ចប្រជាពលរដ្ឋទូទាំងប្រទេស ជាពិសេស ស្ថានភាព ទំហំពាណិជ្ជកម្មក្នុងខេត្តរតនគិរីដែលផ្តល់ភាពងាយស្រួលច្រើន សម្រាប់ការចរាចរ ព្រោះខេត្តរតនគិរី មានព្រំដែនជាប់ ប្រទេសជិតខាង មានច្រកអន្តរជាតិ ដែលធ្វើឲ្យមានកំណើន សេដ្ឋកិច្ចយ៉ាងឆាប់រហ័សស្របទៅនឹងស្ថានភាពខេត្តពោរពេញទៅដោយសក្តានុពល លើវិស័យកសិកម្ម និងកសិឧស្សាហកម្មខ្ពស់ផងដែរ។

លោក ម៉ៅ ថូរ៉ា បានលើកឡើងថា ដោយផ្អែកតាមស្ថានភាពសេដ្ឋកិច្ចកម្ពុជានាពេលបច្ចុប្បន្ន មានការរីកចម្រើនលើគ្រប់វិស័យ ជាពិសេស នៅតាមបណ្ដាលរាជធានី-ខេត្ត ទូទាំងប្រទេស បានធ្វើឲ្យខេត្តមួយចំនួន ដូចជាខេត្តរតនគិរីជាដើម មានលទ្ធភាពអាចបង្កើតសភាពាណិជ្ជកម្មខេត្តដោយឡែករបស់ខ្លួន។

លោក រដ្ឋលេខាធិការ មានសង្ឃឹមយ៉ាងមុតមាំថា ក្រោយសភាពាណិជ្ជកម្មខេត្តរតនគិរីបានបោះឆ្នោតរួច ពិតជាជួយសម្រួលទំហំពាណិជ្ជកម្មក្នុងខេត្ត កាន់តែមានសន្ទុះទ្វេឡើង ដែលផ្តល់លក្ខណៈងាយស្រួល ដល់ម្ចាស់ក្រុមហ៊ុនសហគ្រាស ក៏ដូចជាប្រជាពលរដ្ឋ ពិសេសក្នុងគោលបំណងធំ លើការសម្រួលកម្រិតជីវភាពប្រជាពលរដ្ឋក្នុងខេត្តរតនគិរីក៏ដូចជាទូទាំងប្រទេសឲ្យកាន់តែប្រសើរឡើងថែមមួយកម្រិតទៀតផងដែរ។

សូមបញ្ជាក់ផងដែរថា ចំពោះសមាសភាពអ្នកចូលរួមបោះឆ្នោតសភាពាណិជ្ជកម្ម ត្រូវតែជាអាជីវករ និងសេវាករ មានអាយុចាប់ពី១៨ឆ្នាំឡើង ដោយភ្ជាប់ឯកសារមកជាមួយរួមមាន៖

១÷ លិខិតអនុញ្ញាតធ្វើអាជីវកម្ម ឬប័ណ្ណប៉ាតង់ ឬអាជ្ញាបណ្ណ ឬវិញ្ញាបនបត្រអាជីវកម្ម។

២÷ មានអត្តសញ្ញាណប័ណ្ណ ឬលិខិតឆ្លងដែន ដោយឡែក ចំពោះបេក្ខជនឈរ ឈ្មោះបោះឆ្នោត ជ្រើសតាំងសភាពាណិជ្ជកម្មខេត្ត មិនមែនជាមន្ត្រីរាជការ ត្រូវជាអាជីវករពាណិជ្ជករ សេវាករ មានអាយុចាប់ពី ២៥ឆ្នាំឡើង មានសញ្ជាតិខ្មែរ ជាម្ចាស់ក្រុមហ៊ុនធំៗ ដែលបានចុះបញ្ជីពាណិជ្ជកម្មហើយ ដោយមានឯកសារយកភ្ជាប់មកជាមួយនូវ អត្តសញ្ញាណបណ្ណ ឬលិខិតឆ្លងដែន វិញ្ញាបនបត្រចុះបញ្ជី៕

Written by 

Related posts

Leave a Comment