ប្រធានាធិបតីអាមេរិកលោក Donald Trump កំពុងរៀបចំផែនការដំឡើងពន្ធថ្មី 25 ភាគរយលើដែកថែប និងអាលុយមីញ៉ូមនាំចូលពីបរទេសទាំងអស់។ ការផ្លាស់ប្តូរបែបនេះនឹងប៉ះពាល់ដល់ដៃគូពាណិជ្ជកម្មកំពូលដូចជាកាណាដា ម៉ិកស៊ិក និងជប៉ុន។

ក្នុងអំឡុងពេលអាណត្តិដំបូង លោក Trump បានដាក់ពន្ធ 25 ភាគរយលើដែកថែប និង 10 ភាគរយលើអាលុយមីញ៉ូម។ លោហធាតុទាំងពីរគឺជាធាតុផ្សំសំខាន់នៅក្នុងឧស្សាហកម្មផ្សេងៗ រួមទាំងការដឹកជញ្ជូន សំណង់ និងការវេចខ្ចប់។
លោក ត្រាំ បាននិយាយថា ផលិតផលដែលមានតម្លៃថោកៗពីប្រទេសនានា រួមទាំងប្រទេសចិន កំពុងធ្វើឲ្យប៉ះពាល់ដល់វិស័យក្នុងស្រុក។ ការការពារឧស្សាហកម្មអាមេរិក ហាក់ដូចជាស្ថិតនៅក្នុងរបៀបវារៈរបស់គាត់នៅពេលនេះផងដែរ។
លោក Trump ក៏គ្រោងនឹងបង្ហាញការយកពន្ធទៅវិញទៅមកលើ គ្រប់ប្រទេសផងដែរ នៅថ្ងៃអង្គារ ឬថ្ងៃពុធ។ លោកបាននិយាយកាលពីថ្ងៃអាទិត្យថា ប្រសិនបើគេចោទប្រកាន់យើង យើងចោទប្រកាន់គេវិញ៕

ដោយ៖ ពេជ្រ