ប្រធានាធិបតីជាប់ឆ្នោតរបស់សហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានជំរុញឱ្យមានការជជែកដេញដោលជាថ្មី ជាមួយនឹងការអត្ថាធិប្បាយអំពីហ្គ្រីនឡែន។ លោកបាននិយាយថា លោកនឹងមិនច្រានចោលការប្រើកម្លាំងយោធា ឬអំណាចសេដ្ឋកិច្ចដើម្បីដណ្តើមកាន់កាប់ទឹកដីដាណឺម៉ាកនោះឡើយ។ លោក Trump ក៏បានលើកឡើងពីការព្រួយបារម្ភផ្នែកសន្តិសុខរបស់អាមេរិក ខណដែលតំបន់ Greenland ជាចំណុចដ៏មានសារៈសំខាន់ និងជាយុទ្ធសាស្ត្រមិនអាចខ្វះបានសម្រាប់សហរដ្ឋអាមេរិក។ លោកបានលើកទ្បើងថា “អ្នកមានកប៉ាល់របស់ចិននៅគ្រប់ទីកន្លែង។ អ្នកមានកប៉ាល់រុស្ស៊ីនៅគ្រប់ទីកន្លែង។ យើងមិនអនុញ្ញាតឱ្យវាកើតឡើងបន្តទៀតទេ យើងត្រូវតែកាន់កាប់ Greenland។
លោកបានបន្ថែមថា លោកនឹងពិចារណាអំពីការដាក់ពន្ធលើការនាំចូលរបស់ប្រទេសដាណឺម៉ាក ប្រសិនបើមន្ត្រីនៅទីនោះទប់ទល់នឹងការកាន់កាប់របស់សហរដ្ឋអាមេរិកលើ Greenland។
ទោះជាយ៉ាងណាក៏ដោយ នាយករដ្ឋមន្ត្រីដាណឺម៉ាក លោកស្រីMette Frederiksen បានថ្លែងឲ្យដឹងហើយថា “ខ្ញុំចង់លើកទឹកចិត្តអ្នកគ្រប់គ្នាឱ្យគោរពដល់ ប្រជាជន Greenlandic គឺជាប្រជាជននៃពិភពលោក។ តំបន់នោះជាប្រទេសរបស់ពួកគេ ហើយនៅក្នុងភ្នែករបស់ខ្ញុំ “ប្រជាជននៅ Greenland នឹងធ្វើការសម្រេចចិត្ត និងកំណត់អនាគតរបស់ខ្លួនដោយខ្លួនឯង”។ លោកស្រីបានបន្ថែមថា ទឹកដីនេះមិនមែនសម្រាប់លក់នោះទេ សូមស្តាប់ឲ្យច្បាស់។
គួររំលឹកថា ការអត្ថាធិប្បាយរបស់លោក Trump កើតឡើងនៅថ្ងៃតែមួយដែលកូនប្រុសច្បងរបស់លោកគឺលោក Donald Trump Jr. បានធ្វើទស្សនកិច្ចទៅកាន់ Greenland ដើម្បីទស្សនាតំបន់ដ៏មានសារប្រយោជន៍សម្រាប់អាមេរិកនោះ៕
ដោយ៖ពេជ្រ