​លោក Xi Jinping ប្រធានរដ្ឋចិនជួបពិភាក្សាការងារជាមួយ លោក  Zardari ប្រធានាធិបតីប៉ាគីស្ថាន

រសៀលថ្ងៃទី៥  ខែកុម្ភៈ  លោក Xi Jinping ប្រធានរដ្ឋចិនបានជួបពិភាក្សាការងារជាមួយ លោក  Zardariប្រធានាធិបតីប៉ាគីស្ថានដែលអញ្ចើញបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសចិននៅវិមានសភាប្រជាជនក្រុងប៉េកាំង។

លោក Xi Jinping បានចង្អុលបង្ហាញថា ប្រទេសចិន និងប៉ាគីស្ថាន គឺជាដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រទាំងស្រុង។ ប្រទេសចិននឹងគាំទ្រប៉ាគីស្ថានយ៉ាងមុតមាំក្នុងការដើរលើមាគ៌ាអភិវឌ្ឍន៍ដែលស្របតាមលក្ខខណ្ឌជាតិរបស់ខ្លួន។ ប្រទេសចិនមានឆន្ទៈក្នុងការធ្វើឱ្យស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការជាក់ស្តែងជាមួយប៉ាគីស្ថានក្នុងវិស័យផ្សេងៗ និងរួមគ្នាកសាងគំរូល្អនៃកិច្ចសហប្រតិបត្តិការច្រករបៀងសេដ្ឋកិច្ចចិន-ប៉ាគីស្ថាន។ សង្ឃឹមថាប៉ាគីស្ថាននឹងពង្រឹងកិច្ចការពារនូវសុវត្ថិភាពរបស់ប្រជាជនចិន គម្រោង និងអង្គភាពរបស់ចិននៅក្នុងប្រទេសប៉ាគីស្ថាន និងពង្រឹងកិច្ចសហប្រតិបត្តិការប្រឆាំងភេរវកម្មទ្វេភាគី និងពហុភាគី។ ឆ្នាំ២០២៦ គឺជាខួបទី៧៥នៃការបង្កើតទំនាក់ទំនងការទូតរវាងចិន និងប៉ាគីស្ថាន ភាគីទាំងពីរគួរតែពង្រឹងការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការលើវិស័យវប្បធម៌ ការអប់រំ ប្រព័ន្ធផ្សព្វផ្សាយ និងវិស័យផ្សេងៗទៀត ដើម្បីបន្តទំនាក់ទំនងមិត្តភាពរវាងចិន និងប៉ាគីស្ថាន។

លោក  Zardari បានថ្លែងថា ប៉ាគីស្ថានសូមអរគុណប្រទេសចិនដែលផ្ដល់ជំនួយដែលមិនគិតផលប្រយោជន៍ដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមរបស់ប្រទេសប៉ាគីស្ថាន ហើយមានឆន្ទៈក្នុងការរៀនសូត្រពីបទពិសោធន៍ជោគជ័យរបស់ប្រទេសចិន ជំរុញការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់នៃច្រករបៀងសេដ្ឋកិច្ចចិន និងប៉ាគីស្ថាន និងកិច្ចសហប្រតិបត្តិការលើវិស័យផ្សេងៗ និងជួយប៉ាគីស្ថានសម្រេចបាននូវឧស្សាហូបនីយកម្ម និងទំនើបកម្ម។

បន្ទាប់ពីកិច្ចពិភាក្សាការងារ ប្រមុខរដ្ឋនៃប្រទេសទាំងពីរបានរួមគ្នាធ្វើជាសក្ខីភាពក្នុងការចុះហត្ថលេខាលើឯកសារកិច្ចសហប្រតិបត្តិការទ្វេភាគីមួយចំនួនពាក់ព័ន្ធដូចជាការរួមគ្នាកសាងច្រករបៀងសេដ្ឋកិច្ចចិន-ប៉ាគីស្ថាន វិស័យពាណិជ្ជកម្ម វិទ្យាសាស្ត្រនិងបច្ចេកវិទ្យា និងវិទ្យុនិងទូរទស្សន៍ជាដើម៕

Written by 

Related posts

Leave a Comment