បទវិភាគ៖បុណ្យចូលឆ្នាំថ្មីប្រពៃណីចិនលើកដំបូងបន្ទាប់ពីត្រូវដាក់បញ្ចូលក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីបានបញ្ឆេះក្បាលម៉ាស៊ីនថ្មីនៃកំណើនសេដ្ឋកិច្ច

បុណ្យចូលឆ្នាំថ្មីប្រពៃណីចិនឆ្នាំនេះជាបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនលើកដំបូងបន្ទាប់ពីត្រូវបានដាក់បញ្ចូលក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបី អារម្មណ៍ចាយលុយរបស់អ្នកផងទាំងពួងបានបញ្ចេញយ៉ាងខ្លាំង ។ ចំនួនកុម្មង់ម្ហូបឈុតជាក្រុមក្រោមប្រធានបទ “បេតិកភណ្ឌវប្បធម៌អរូបី”លើវេទិកាមួយចំនួនបានកើនឡើង១២ដង បើធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន ម្ហូបយប់ដាច់ឆ្នាំចាស់តាមចន្ទគតិនៃភោជនីយដ្ឋានមួយចំនួនគឺទទួលប្រិយភាពដែលពិបាករកទិញបាន ។ អ្នកទេសចរដែលធ្វើដំណើរក្នុងស្រុកចិនមានចំនួន៥រយ១លាននាក់និងបានចំណាយប្រាក់សរុប៦សែន៧ម៉ឺន៧ពាន់២លានយាន់ប្រាក់ចិន ដែលកើនឡើង៥,៩ភាគរយនិង៧ភាគរយដោយឡែកពីគ្នាបើធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន ។ ទំហំទឹកប្រាក់នៃការលក់សំបុត្រភាពយន្តនិងអ្នកទស្សនាភាពយន្តក្នុងអំឡុងពេលបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនសុទ្ធតែបានបង្កើតកំណត់ត្រាថ្មី ទំហំទឹកប្រាក់សរុបនៃការលក់សំបុត្រភាពយន្តចិននៅឆ្នាំ២០២៥បានកាន់លំដាប់ថ្នាក់ទីមួយលើទូទាំងពិភពលោកដែលលើសពីទ្វីបអាមេរិកខាងជើង ។ ដូចដែលឥស្សរជនវិភាគអន្តរជាតិបានលើកឡើងថា សេដ្ឋកិច្ចបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនបានបញ្ចេញនូវកម្លាំងរស់រវើកច្នៃប្រឌិតថ្មីក្នុងបរិយាកាសអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន ដែលបង្ហាញពីកម្លាំងចលករផ្ទៃក្នុងនិងភាពធន់ដ៏ខ្លាំងក្លានៃទីផ្សារចិន។

សេដ្ឋកិច្ចបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនមានភាពសន្ទុះយ៉ាងខ្លាំង ហើយក៏នាំឱ្យពិភពលោកមានភាពកក់ក្តៅដែរ ។ ក្នុងអំឡុងបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនដំបូងបន្ទាប់ពីត្រូវបានដាក់បញ្ចូលក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនេះ ប្រជាជនចំនួន១ភាគ៥លើទូទាំងពិភពលោកបានអបអរសាទរបុណ្យចូលឆ្នាំចិនតាមទម្រង់ផ្សេងៗគ្នា ។ លើកម្មវិធី RedNote ដែលជាបណ្តាញទំនាក់ទំនងសង្គមចិន ជនបរទេសបានរៀនសរសេរពាក្យទំនឹមអបអរសាទរបុណ្យចូលឆ្នាំចិន ធ្វើនំគាវនិងរង់ចាំមើលរាត្រីសមោសរអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន ដែលរួមគ្នាអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនជាមួយជនជាតិចិន ។

ទន្ទឹមនឹងប្រទេសចិនបើកទូលាយនិងកាត់បន្ថយកម្រិតពន្ធគយជាបន្តបន្ទាប់  “ទំនិញនាំចូលសម្រាប់បុណ្យចូលឆ្នាំថ្មីចិន”បានចូលក្នុងបញ្ជីមុខទំនិញបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន ។ ទំនិញរបស់ប្រទេសនានាដូចជា ផ្លែគីវីរបស់នូវែលហ្សេឡង់ Cherries របស់ឈីលី បង្កងរបស់អូស្ត្រាលីនិងក្ដាមព្រិលទឹកកករបស់រុស្ស៊ីជាដើមបានទទួលប្រជាប្រិយភាពនៅទីផ្សាររបស់ចិន ដែលបំពេញតម្រូវការប្រើប្រាស់គ្រប់បែបយ៉ាងរបស់ជនជាតិចិន ។

មិនត្រឹមតែប៉ុណ្ណោះ ក្រោមការជំរុញនៃគោលនយោបាយដូចជាការផ្តល់ភាពងាយស្រួលក្នុងការធ្វើទិដ្ឋការជាដើម “China Travel”និង“Chinese New Year(បុណ្យចូលឆ្នាំថ្មីប្រពៃណីចិន) ”បានបំផុសចរន្តកម្ដៅសម្រាប់ធ្វើទេសចរណ៍ឆ្លងដែននៅទូទាំងពិភពលោក ។ តាមទិន្នន័យនៃវេទិកាភាគីទីបីបង្ហាញឱ្យដឹងថា នៅឆ្នាំ២០២៥នេះ អ្នកទេសចរបរទេសដែលធ្វើដំណើរទៅប្រទេសចិន ដើម្បីអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនបានកើនឡើង១៥០ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានាឆ្នាំមុន ដែលបង្កើតកំណត់ត្រាថ្មី ។ ព្រមពេលជាមួយគ្នានេះ អ្នកទេសចរចិនបានទៅធ្វើដំណើរនៅទីក្រុងជាង២១០០នៅទូទាំងពិភពលោក ។ វេបសាយ World Travel and Tourism របស់អាមេរិកបានវាយតម្លៃថា ទីផ្សារប្រើប្រាស់ទេសចរណ៍ដ៏ខ្លាំងក្លាក្នុងអំឡុងពេលបុណ្យចូលឆ្នាំថ្មីចិនបានចាក់គ្រឹះយ៉ាងរឹងមាំដល់សេដ្ឋកិច្ចចិននៅឆ្នាំ២០២៥ រីឯវិបុលភាពនៃទីផ្សាររបស់ចិននឹងក្លាយជាទីចាប់ផ្តើមជានិមិត្តសញ្ញានៃវិបុលភាពក្នុងវិស័យទេសចរណ៍ទូទាំងពិភពលោកឆ្នាំនេះ ។

ឆ្លងតាមរយៈការប្រើប្រាស់ក្នុងអំឡុងពេលបុណ្យចូលឆ្នាំថ្មីចិនដ៏សកម្ម អ្នកផងទាំងពួងមិនត្រឹមតែបានឃើញកម្លាំងរស់រវើកនៃឆ្នាំចិនប៉ុណ្ណោះទេ ថែមទាំងក៏ជាសក្សីនៃឧត្តមភាពទីផ្សារដ៏ធំសម្បើមរបស់ចិនផងដែរ ។ ស្របនឹងការរួមបញ្ចូលគ្នាយ៉ាងស៊ីជម្រៅនៃបច្ចេកទេសឌីជីថលនិងសេដ្ឋកិច្ចជាក់ស្តែង និងការពង្រីកថែមមួយកម្រិតទៀតនៃទីផ្សារប្រើប្រាស់ កម្លាំងរស់រវើកនៃទីផ្សារធំៗរបស់ចិននឹងត្រូវរំលេចចេញកាន់តែច្រើនឡើងៗ ។

 “ការចាប់ផ្តើមល្អ”នៃការប្រើប្រាស់ក្នុងអំឡុងពេលបុណ្យចូលឆ្នាំថ្មីចិននាំឱ្យអ្នកផងទាំងពួងស្ទាបស្ទង់នូវសរសៃឈាមសេដ្ឋកិច្ចរបស់ចិន ។ ពេលថ្មីៗកន្លងទៅនេះ អង្គការមូលនិធីរូបិយវត្ថុអន្តរជាតិបានដំឡើងការប៉ាន់ប្រមាណចំពោះកំណើនសេដ្ឋកិច្ចចិននៅឆ្នាំ២០២៥និង២០២៦ ។ ប៉ុន្មានថ្ងៃកន្លងទៅនេះ សហគ្រាសបរទេសដូចជាក្រុមហ៊ុន Sanofi របស់បារាំងនិងក្រុមហ៊ុន Volkswagen របស់អាល្លឺម៉ង់ជាដើមបានពង្រីកទំហំធ្វើអាជីវកម្មនៅប្រទេសចិន ហើយស្ថាប័នទុនបរទេសដូចជាក្រុមហ៊ុន HSBC ជាដើមបានចេញផ្សាយចក្ខុវិស័យវិនិយោគសកលឆ្នាំ២០២៥ ដែលបន្តមានសុទិដ្ឋិនិយមចំពោះទីផ្សាររបស់ចិន ។

ផែនការក្នុងមួយឆ្នាំត្រូវរៀបចំនៅរដូវផ្ការីក ។ ឆ្លងតាមរយៈបង្អួចនៃបុណ្យចូលឆ្នាំថ្មីប្រពៃណីពិភពលោកបានឃើញប្រទេសចិនមួយដែលកាន់តែបើកទូលាយនិងបរិយាប័ន្ន គឺជាសក្ខីភាពនៃឱកាសនិងកម្លាំងរស់រវើកនៃសេដ្ឋកិច្ចរបស់ចិន ។ នៅឆ្នាំថ្មីនេះ ពិតមែនតែបរិយាកាសខាងក្រៅនៅតែមានភាពមិនប្រាកដប្រជាក៏ដោយ ក៏ប៉ុន្តែលក្ខខណ្ឌទ្រទ្រង់និងនិន្នាការជាទូទៅដែលឆ្ពោះទៅរកភាពល្អប្រសើរនៃសេដ្ឋកិច្ចរបស់ចិនមិនបានកែប្រែទេ ។ ជាមួយនឹងការធ្វើឱ្យស៊ីជម្រៅនូវកំណែទម្រង់ដោយគ្រប់ជ្រុងជ្រោយថែមមួយកម្រិតទៀតនិងពង្រីកការបើកទូលាយចំពោះអន្តរជាតិប្រកបដោយកម្រិតខ្ពស់ ប្រទេសចិននឹងជំរុញឱ្យសេដ្ឋកិច្ចបន្តកើនឡើងទៅរកភាពល្អប្រសើរ ដើម្បីអភិវឌ្ឍខ្លួនឯងនិងផ្តល់ផលប្រយោជន៍ដល់ពិភពលោកដោយនិន្នាការកើនឡើងយ៉ាងឆាប់រហ័ស ៕

Written by 

Related posts

Leave a Comment