រយៈពេល ៥ឆ្នាំចុងក្រោយ ក្រសួងប្រៃសណីយ៍ និងទូរគមនា​គមន៍ បានបំពេញតួនាទីយ៉ាងសកម្ម និងម៉ឺងម៉ាត់ ក្នុងការធ្វើកំណែទម្រង់ និងការលើកកម្ពស់ផលិតភាពការងារ

ភ្នំពេញ៖  ក្នុងរយៈពេល ៥ឆ្នាំចុងក្រោយនេះ ក្រសួងប្រៃសណីយ និងទូរគមនាគមន៍ បានបំពេញតួនាទីរបស់ខ្លួនយ៉ាងសកម្ម និងម៉ឺងម៉ាត់ ក្នុងការធ្វើកំណែទម្រង់ និងការលើកកម្ពស់ផលិតភាពការងារ ដែលបម្រើឱ្យការអភិវឌ្ឍ និងការគ្រប់គ្រងវិស័យទាំង ៣ រួមមាន វិស័យប្រៃសណីយ៍ វិស័យទូរគមនាគមន៍ និងវិស័យបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន ក៏ដូចជាការចាប់យកបច្ចេកវិទ្យាឌីជីថល ដើម្បីជំរុញល្បឿនបរិវត្តកម្មឌីជីថល ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកម្ពុជា។ នេះជាការលើកទ្បើងរបស់ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារ ៥ ឆ្នាំ ២០២០-២០២៥ នៃដំណើរឆ្ពោះទៅបរិវត្តកម្មឌីជីថល និងលើកទិសដៅការងារបន្ត របស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នាថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៥ នៅសណ្ឋាគារសុខាភ្នំពេញ។

ឯកឧត្តម  ជា វ៉ាន់ដេត បានមានប្រសាសន៍ថា ក្នុងរយៈពេល ៥ឆ្នាំ (២០២០-២០២៤) ដែលជារយៈពេលឆ្លងពីការអនុវត្តយុទ្ធសាស្ត្រចតុកោណដំណាក់ កាលទី៤ ទៅរកការអនុវត្តយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ក្រសួងប្រៃសណីយ៍ បានខិតខំធ្វើការកែទម្រង់លើការងាររបស់ខ្លួនប្រកបដោយឆន្ទៈមោះមុត ដើម្បីជំរុញការអភិវឌ្ឍ និងការគ្រប់គ្រងឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ នូវវិស័យ៣ ដែល ស្ថិតនៅក្នុងដែនសមត្ថកិច្ចរបស់ក្រសួង រួមចំណែកនៅក្នុងដំណើរការកសាងពលរដ្ឋឌីជីថល រដ្ឋាភិបាលឌីជីថល និងធុរកិច្ចឌីជីថល ស្របតាមក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា ២០២១-២០៣៥ និងគោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា ២០២២-២០៣៥ សំដៅជំរុញការចាប់យក ការប្រើប្រាស់ និងការធ្វើបរិវត្តកម្មឌីជីថលក្នុងសេដ្ឋកិច្ច និងសង្គមទាំងមូល។

ឯកឧត្តម បានបញ្ជាក់បន្ថែមថា ក្រសួងប្រៃសណីយ៍ បានចាត់ទុកថា ការងារកែទម្រង់ គឺជាបុរេលក្ខខណ្ឌដ៏ចាំបាច់សម្រាប់ជំរុញឱ្យមានការផ្លាស់ប្តូរជាវិជ្ជមាន ដើម្បីឈានឆ្ពោះទៅរកការលើកកម្ពស់ ប្រសិទ្ធភាព និងផលិតភាពកាងារ។ ក្រសួង ពិតជាមានមោទកភាព ដែលក្នុងរយៈពេល ៥ឆ្នាំកន្លងមកនេះ ជាមួយនឹងការផ្សារភ្ជាប់ទៅនឹងការអភិវឌ្ឍ និងការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាឌីជីថល ក្រសួង សម្រេចបានការកែលម្អ និងពង្រឹងគុណភាពនៃការគ្រប់គ្រងកិច្ចការផ្ទៃក្នុងក្រសួង ការគ្រប់គ្រងកិច្ចការហិរញ្ញវត្ថុ និងការគ្រប់គ្រង និងអភិវឌ្ឍសមត្ថភាពធនធានមនុស្ស ដែលបង្កើតបានជាមូលដ្ឋានសម្រាប់គាំទ្រដល់ការអភិវឌ្ឍ និងអភិបាលកិច្ចលើវិស័យក្នុងដែនសមត្ថកិច្ចរបស់ក្រសួង។

 ឯកឧត្តម ជា វ៉ាន់ដេត គ៏បានលើកឡើងផងដែរថា សមិទ្ធផលជាច្រើនដែលក្រសួង សម្រេចបានក្នុងរយៈពេល ៥ឆ្នាំកន្លងមកនេះ គឺជាការកសាងបាននូវមូលដ្ឋានគ្រឹះសម្រាប់គាំទ្រដល់ដំណើរការកសាងសេដ្ឋកិច្ច និងសង្គមឌីជីថល ហើយផ្អែកលើទិសដៅការងារដែលបានកំណត់ ថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់នៃក្រសួងប្រៃសណីយ៍ ត្រូវខិតខំប្រឹងប្រែងរួមគ្នាបន្តទៀត ធ្វើយ៉ាងណាឱ្យផែនការសកម្មភាពនិងទិសដៅការងារដែលក្រសួង បានដាក់ចេញ អាចសម្រេចជោគជ័យ និងទទួលបាននូវលទ្ធផលជាផ្លែផ្កាត្រចះត្រចង់ ហើយក្លាយជាគ្រឹះដ៏រឹងមាំក្នុងការប្រែក្លាយសេដ្ឋកិច្ច រដ្ឋាភិបាល និងសង្គមកម្ពុជា ទៅជាសេដ្ឋកិច្ច រដ្ឋាភិបាល និងសង្គមឌីជីថល រស់រវើកស្របតាមផែនការយុទ្ធសាស្ត្រ និងកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏មោះមុតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងឈានទៅសម្រេចឱ្យបា ជោគជ័យនូវចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០៕

Written by 

Related posts

Leave a Comment