ថ្លែងនៅក្នុងសន្និបាតបូកសរុបលទ្ធផលការងារ ៥ ឆ្នាំ ២០២២-២០២៥ នៃដំណើរឆ្ពោះទៅបរិវត្តកម្មឌីជីថល និងលើកទិសដៅការងារបន្តរបស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នាថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍បានឲ្យដឹងថា ក្នុងរយៈពេលពីឆ្នាំ២០២០-២០២៤ ក្រសួងសម្រេចប្រមូលចំណូលថវិកាជាតិនិងវិភាគទានមូលនិធិសរុបបានប្រមាណ ៨០៤លានដុល្លារអាម៉េរិក ហើយបើប្រៀបធៀបទៅនឹងចំណូលថវិកាជាតិ និងវិភាគទានមូលនិធិក្នុងរយៈពេល ២០១៥-២០១៩ ដែលប្រមូលបាន ចំនួនប្រមាណ ២១៦លានដុល្លារអាម៉េរិក។

ឯកឧត្តមបន្តថា ទន្ទឹមនឹងការសម្រេចបានការងារសំខាន់ៗជាច្រើន ក្រសួងក៏បានរៀបចំធ្វើបច្ចុប្បន្នភាពទិន្នន័យមន្ត្រីរាជការ ចូលក្នុងប្រព័ន្ធគ្រប់គ្រងព័ត៌មានមន្ត្រីរាជការផ្ទៃក្នុង, លើកកម្ពស់សុខុមាលភាព និងផ្តល់ការលើកទឹកដល់មន្ត្រីរាជការ តាមរយៈការបង្កើនប្រាក់រង្វាន់ ការផ្តល់ប្រាក់ឧបត្ថម្ភ និងការដំឡើងថ្នាក់និងឋានន្តរស័ក្តិ គ្រឿងឥស្សរិយយស បណ្ណសរសើរ, ជាពិសេសយកចិត្តទុកដាក់កៀរគរធនធានមនុស្ស និងអភិវឌ្ឍសមត្ថភាពមន្ត្រីរាជការតាមរយៈ កម្មវិធីផ្តល់អាហារូបករណ៍ និងបណ្តុះបណ្តាលទាំងក្នុងនិងក្រៅប្រទេស។

ឯកឧត្តមរដ្ឋមន្ត្រីបានបន្ថែមថា លើការងារកែទម្រង់អង្គភាព ក្រសួងក៏ បានពង្រឹងការងារនិយ័តកម្មនៃនិយ័តករទូរគមនាគមន៍កម្ពុជា, ប្រែក្លាយវិទ្យាស្ថានជាតិប្រៃសណីយ៍ ទូរគមនាគមន៍ បច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន (NIPTICT) ទៅជាបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា (CADT), បែងចែក តួនាទីភារកិច្ចការងារច្បាស់លាស់ដោយមិនឱ្យមានការចុះត្រួតពិនិត្យស្ទួនគ្នារវាងអគ្គាធិការដ្ឋាន និងនាយកដ្ឋាន សវនកម្មផ្ទៃក្នុង, កែទម្រង់សហគ្រាសទូរគមនាគមន៍កម្ពុជា និងប្រៃសណីយ៍កម្ពុជា ក៏ដូចជាអង្គភាពផ្សេងៗទៀត ក្រោមចំណុះរបស់ក្រសួង ដើម្បីជំរុញ និងធ្វើឱ្យប្រសើរឡើងនូវសមិទ្ធកម្មការងារ។

ឯកឧត្តម ជា វ៉ាន់ដេត បានបញ្ជាក់ឲ្យដឹងដែរថា ពីឆ្នាំ២០២០-២០២៤ ក៏ជាអំឡុងពេលដែលរាជរដ្ឋាភិបាលបានអនុម័តឯកសារសំខាន់ៗចំនួន៤ គឺ “ក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ចនិងសង្គមឌីជីថលកម្ពុជា ២០២១-២០៣៥”, “គោលនយោបាយរដ្ឋាភិបាល ឌីជីថលកម្ពុជា ២០២២-២០៣៥”, “គោលនយោបាយអភិវឌ្ឍន៍វិស័យប្រៃសណីយ៍ ២០២២-២០៣០” និង “យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា” ដែលឯកសារទាំងអស់នេះ គឺជាប្រទីបនិងជាត្រីវិស័យបំភ្លឺនិងនាំផ្លូវដល់ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ក្នុងការជំរុញ ការអភិវឌ្ឍនិងការគ្រប់គ្រងឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់នូវវិស័យ៣ដែលស្ថិតនៅក្នុងវិសាលភាពនៃការទទួល ខុសត្រូវរបស់ក្រសួង រួមមាន វិស័យប្រៃសណីយ៍ ទូរគមនាគមន៍ និងបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន ឬហៅថា វិស័យឌីជីថល ដើម្បីរួមចំណែកនៅក្នុងដំណើរការកសាងរដ្ឋាភិបាលឌីជីថល ពលរដ្ឋឌីជីថល និងធុរកិច្ចឌីជីថល សំដៅជំរុញការធ្វើបរិវត្តកម្មឌីជីថលក្នុងសេដ្ឋកិច្ចនិងសង្គមទាំងមូល៕

