ខេត្តរតនគិរី៖ កម្លាំងសមត្ថកិច្ចចម្រុះទាំង៣ អាជ្ញាធរស្រុក ទាំង៣ឃុំ និងប្រជាពលរដ្ឋនៅក្នុងភូមិសរុប២៧២នាក់ បាននិងំពុងបន្តការស្វែងរកជនរងគ្រោះចំនួន៤នាក់ទៀត ដែលបាត់ខ្លួនដោយទឹកជំនន់ហូរតាមអូរបុកចំផ្ទះ បណ្តាលឲ្យលិចលង់ទៅបាត់ ខណ:ពេលនេះនៅមិនទាន់រកឃើញនៅឡើយ។

នៅព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៥ ក្នុងប្រតិបត្តិការនេះ ដែលដឹកនាំកម្លាំងដោយលោកអភិបាលរងខេត្ត រួមមាន កម្លាំងPMខេត្ត កម្លាំងយោធាខេត្ត កម្លាំងនគរបាលខេត្ដ កម្លាំងPMស្រុក កម្លាំងអាជ្ញាធរស្រុកអូរជុំ កម្លាំងអាជ្ញាធរឃុំទាំង៣ និងប្រជាពលរដ្ឋសរុប ២៧២នាក់។
លោក គៀង តុលា អភិបាលស្រុកអូរជុំ បានបញ្ជាក់ថា រយៈពេល៣ថ្ងៃមកនេះក្រុមការងាររបស់លោក បានចុះហើយពិនិត្យឃើញថា ទីតាំងមួយចំនួនទឹកហូរដោយមានមកជាមួយនឹងសំណាត់មូលដូចបាល់ ហើយទីតាំងមួយចំនួនផ្សេងទៀតមិនទាន់បានទៅរក ដោយខ្វះសម្ភារៈមធ្យោបាយធ្វើដំណើរ។
លោក បានបញ្ជាក់ទៀតថា សំណាត់ខ្លះច្រើននៅកណ្តាលអូរតែម្តង មិនអាចចុះទៅរុះរើបាននោះទេ ខ្លាចក្រែងជួបគ្រោះថ្នាក់ដល់មនុស្សផ្សេងទៀត។ ចំណែកការចុះទៅរកថ្ងៃនេះបែងចែកជាក្រុម ក្រុមនីមួយៗត្រូវទទួលខុសត្រូវតាមផ្នែករៀងខ្លួន។

លោក ម៉ា វិចិត្រ អភិបាលរងខេត្ត និងជាប្រធានលេខាធិការដ្ឋាននៃគណកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត បានបញ្ជាក់ដែរថា កិច្ចការងារដ៏សំខាន់មួយនេះត្រូវចុះប្រតិបត្តិការផ្តល់ព័ត៌មានឲ្យកងកម្លាំងរបស់យើង ជាពិសេសនៅត្រង់ចំណុចពាក់ព័ន្ធប្រើប្រាស់កម្លាំងសរុប បែកចែកចេញជាក្រុមគោលដៅមួយ ទៅតាមប្រតិបត្តិការរបស់យើង សូមឲ្យលោកមេបញ្ជាការទទួលខុសត្រូវរៀងៗខ្លួន និងបែងចែកជាក្រុមតាមតិចនិងច្រើន។
សូមបញ្ជាក់ថា ជនរងគ្រោះដែលបានបាត់ខ្លួនចំនួន៤នាក់ នៅមិនទាន់រកឃើញនោះ រួមមាន:
១.ឈ្មោះ បាំ ឌឿន ភេទស្រី អាយុ៤៤ឆ្នាំ ជនជាតិទំពួន។
២.ឈ្មោះ រ៉ាត់ ជៀយ ភេទស្រី អាយុ៣១ឆ្នាំ ជនជាតិទំពួន។
៣.ឈ្មោះ ភ័ក្ត្រ មុន ភេទប្រុស អាយុ០៧ឆ្នាំ ជនជាតិទំពួន។
និង៤.ឈ្មោះ ភ័ក្ត្រ រេត អាយុ០១ឆ្នាំ ជនជាតិទំពួន។
ហើយជនរងគ្រោះម្នាក់ឈ្មោះ ជុំ រ៉ាត់ អាយុ៥៨ឆ្នាំ ត្រូវបានរកឃើញសាកសព កាលពីល្ងាចថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៥ ហើយជនរងគ្រោះទាំង៥នាក់ បានស្នាក់នៅផ្ទះចាំចម្ការទុរេន ត្រង់ចំណុចអូរប៉ាជន់ ស្ថិតក្នុងភូមិពីង ឃុំសាមគ្គី ស្រុកអូរជុំ ខេត្តរតនគិរី។
លោក គៀង តុលាអភិបាលស្រុកអូរជុំ នៅថ្ងៃទី២៩ ខែកញ្ញានេះ បានបង្ហោះសារលើបណ្តាញហ្វេស ប៊ុក ដោយមានខ្លឹមសារថា បើប្រជាពលរដ្ឋណាបានជួបប្រទះជនរងគ្រោះ៤នាក់ខាងលើកំពុងបាត់ខ្លួននោះ លោកនិងជូនជាសោហុយជាទឹកប្រាក់ចំនួន៤លានរៀលផងដែរ៕

