សហរដ្ឋអាមេរិកបានយល់ព្រមពន្យារពេលការដំឡើងពន្ធលើប្រទេសម៉ិកស៊ិក និងកាណាដារយៈពេលមួយខែបន្តទៀត។ កិច្ចព្រមព្រៀងនេះកើតទ្បើងបន្ទាប់ពីរដ្ឋបាល Trump បានគំរាមថានឹងយកពន្ធ ២៥ ភាគរយលើប្រទេសជិតខាងទាំងពីរចាប់ពីថ្ងៃអង្គារនេះ។

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានយល់ព្រមលើការផ្អាកការតម្លើងពន្ធជាមួយម៉ិកស៊ិក នៅព្រឹកថ្ងៃចន្ទម្សិលមិញ។ ជាថ្នូរនឹងកិច្ចព្រមព្រៀងនេះ ប្រធានាធិបតីម៉ិកស៊ិក Claudia Sheinbaum បានសន្យាថា នាងនឹងបញ្ជូនទាហាន ១០,០០០ នាក់ទៅកាន់ព្រំដែនដើម្បីទប់ស្កាត់ការជួញដូរគ្រឿងញៀន និងអន្តោប្រវេសន៍។
លោក Trump បានរំលឹកឡើងវិញនូវការទាមទារថាព្រំដែនរវាងអាមេរិក និងម៉ិកសិកត្រូវតែបានធានាពីការជួញដូរគ្រឿងញៀន និងការធ្វើអន្តោប្រវេសន៍។ គាត់បាននិយាយថា យើងត្រូវបញ្ឈប់ fentanyl ពីការចូលមកមិនថាខ្ញុំចូលចិត្តនរណាម្នាក់ឬអត់នោះទេ តែយើងត្រូវតែបញ្ឈប់ជនបរទេសខុសច្បាប់មិនឱ្យចូលមកអាមេរិក។
លោកស្រី Sheinbaum បាននិយាយថា លោកស្រីមានការសន្ទនាដ៏ល្អ និង គួរឱ្យគោរព ជាមួយប្រធានាធិបតី Trump ។ លោកស្រីក៏បានលើកពីតិកាសញ្ញាពាណិជ្ជកម្មបច្ចុប្បន្នរវាងអាមេរិក ម៉ិកស៊ិក និងកាណាដាផងដែរ។ លោកស្រីបាននិយាយថា ក្របខណ្ឌប្រភេទនេះគឺជា«មធ្យោបាយដ៏ល្អបំផុត»ដើម្បីប្រកួតប្រជែងជាមួយប្រទេសចិននិងតំបន់ផ្សេងទៀតនៃពិភពលោក។
ក្រោយមកនៅថ្ងៃដដែលនោះ លោក Trump ក៏បានទូរស័ព្ទជាមួយនាយករដ្ឋមន្ត្រីកាណាដាលោក Justin Trudeau ផងដែរ។ មេដឹកនាំទាំងពីរបានយល់ព្រមលើការផ្អាកការតម្លើងពន្ធរយៈពេល ៣០ ថ្ងៃផងដែរ។ ជាថ្នូរនឹងការផ្អាកការតម្លើងពន្ធនោះលោក Trudeau ក៏បានប្រកាសពីផែនការព្រំដែនតម្លៃ ១.៣ ពាន់លានដុល្លារនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម។ ការផ្លាស់ប្តូរនេះនឹងមានគោលបំណងជំរុញសន្តិសុខ និងបញ្ឈប់លំហូរនៃសារធាតុ fentanyl ។ ទន្ទឹមមនោះ លោក Trump ក៏បាននិយាយថា លោកនឹងពិភាក្សាអំពីពន្ធជាមួយនឹងប្រទេសចិនក្នុងរយៈពេល ២៤ ម៉ោងបន្ទាប់៕

ដោយ៖ ពេជ្រ