បន្ទាយមានជ័យ ៖កងទ័ព គ្រួសារកងទ័ព និងបងប្អូនប្រជាពលរដ្ឋចំនួន២.៨៥១នាក់ ស្មើនឹង ៤.៦១៩ករណី រស់នៅមណ្ឌលអភិវឌ្ឍន៍យោធិនពិការ ៣១៧ តេជោភ្នំឆ័ត្រ ត្រូវបានក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ (TYDA) ចុះមកពិនិត្យ និងព្យាបាលជំងឺជូនដោយឥតគិតថ្លៃ។ នេះបើតាម នាយទាហានពិការនៅមណ្ឌលអភិវឌ្ឍន៍យោធិនពិការ ៣១៧ តេជោភ្នំឆ័ត្រអោយដឹងកាលពីថ្ងៃទី២៣ខែវិច្ឆិកាឆ្នាំ២០២៤ ។
លោកវេជ្ជបណ្ឌិត ស៊ូ ស៊ីផាណ្ណា ប្រធានប្រតិបត្តិសមាគមនេះបានគូសបញ្ជាក់ថា : សម្ដេចតេជោ ហ៊ុន សែន សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត សម្តេចធិបតី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត លោកតែងតែយកចិត្តទុកដាក់គិតគូរអំពីសុខទុក្ខ និងសុខភាពរបស់បងប្អូនប្រជាពលរដ្ឋ តាមរយៈការបង្ខិតសេវាព្យាបាលជូនប្រជាពលរដ្ឋ ហើយឥតគិតថ្លៃថែមទៀត ។
ជាក់ស្ដែងសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ បានចុះពិនិត្យ និងព្យាបាលជំងឺជូនរួមមាន៖ ជំងឺទូទៅ, ជំងឺមាត់ធ្មេញ, ពិនិត្យអេកូ និងរោគស្រ្តី, ជំងឺបេះដូង, ពិនិត្យជំងឺភ្នែក, វះកាត់តូច, ជំងឺឫសដូងបាត, ជំងឺសន្លាក់, ជំងឺសើរស្បែក, ជំងឺត្រចៀក ច្រមុះ បំពងក, ថតកាំរស្មី, ពិនិត្យឈាម, និងបញ្ជូនទៅព្យាបាលបន្តក្នុងករណីមានជំងឺធ្ងន់ធ្ងរ ប្រកបដោយបេះដូង ទឹកចិត្តមនុស្សធម៌ និងស្នាមញញឹម ។ សកម្មភាពនេះ បានបង្កើតឡើងអស់រយៈពេល១២ឆ្នាំមកហើយ។
សូមបញ្ជាក់ថា៖ក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ (TYDA) បានបញ្ជូនបន្តករណីអ្នកជំងឺធ្ងន់ធ្ងរមកព្យាបាលបន្តមានចំនួន២៤នាក់ ។រាល់ការចំណាយទាំងអស់ក្នុងសកម្មភាពនេះគឺឧបត្ថម្ភដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ដោយផ្ទាល់ នេះគឺជាទឹកចិត្តមិនអាចកាត់ថ្លៃបានរបស់ថ្នាក់ដឹកនាំចំពោះប្រជាពលរដ្ឋ។
សកម្មភាពមនុស្សធម៍នៅពេលនេះ ក៏មានការចូលរួមសហការយ៉ាងសស្រាក់សស្រំាពីសំណាក់ អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ យុវជន កាកបាទក្រហមកម្ពុជា, យុវជន ស.ស.យ.ក, យុវជន អ.ម.ត, ក្រុមហ៊ុនLG ក្រុមហ៊ុនABA Bank និងផ្នែកពាក់ព័ន្ធដទៃទៀត។
លោកឧត្ដមសេនីយ៍ត្រី ជា ព្រឿង នាយកមណ្ឌល លោកនាយឧត្ដមសេនីយ៍ឯក ព្រហ្ម មរណ: មេបញ្ជាការរងកងទ័ពជើងគោក និងជាប្រធានគណ:កម្មការគ្រប់គ្រង់កសាងមណ្ឌលអភិវឌ្ឍន៍យោធិពិការ ៣១៧ តេជោភ្នំឆ័ត្រ គោរពថ្លែងអំណរគុណ ដល់គ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ (TYDA) ពិសេសសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ដោយផ្ទាល់ ដែលតែងតែគិតគូនឹកនាដល់សុខទុក្ខបងប្អូនយោធិនពិការ។ និងប្រជាពលរដ្ឋនៅតាមព្រំដែនកម្ពុជាថៃ មិនត្រឹមតែផ្ដល់ទីជំរក ហេត្ថារចនាសម្ព័ន្ធផ្លូវថ្នល់ ទឹកភ្លើងនោះទេ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ផ្ដល់នូវការពិនិត្យព្យាបាលដោយឥតគិតថ្លៃ ជូនយោធិនពិការពីគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ (TYDA)ថែមទៀត។
ប្រជាពលរដ្ឋដែលបានអញ្ជើញមកទទួលសេវាពិនិត្យ និងព្យាបាលសុខភាពទាំងអស់ បានសម្តែងក្តីសប្បាយរីករាយ និងថ្លែងអំណរគុណជាអនេកចំពោះថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ដែលបានដឹកនាំក្រុមគ្រូពេទ្យជំនាញ ចុះមកពិនិត្យ និងព្យាបាលសុខភាពរបស់ពួកគាត់ស្ទើរតែដល់ខ្នងផ្ទះ និងមិនមានការបង់ថ្លៃអ្វីទាំងអស់។
នាឱកាសនោះដែរ នាយឧត្ដមសេនីយ៍ឯក ព្រហ្ម មរណ: ក្នុងនាមយោធិនពិការ សូមគាំទ្រសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីគ្រប់ៗអណត្តិ៕