ខេត្តរតនគិរី÷ បុរសម្នាក់ ចេញទៅឆក់ត្រីក្នុងទន្លេស្រែពក សង្ស័យភ្លាត់ស្នៀតបណ្តាលឲ្យឆក់ខ្លួនឯងស្លាប់យ៉ាងសោកសង្វេគក្នុងទឹកទន្លេនោះ បុរសម្នាក់នោះមានឈ្មោះ ខៃ រស់សាម៉ៃ អាយុ៤០ឆ្នាំជនជាតិខ្មែរ មានទីលំនៅកំណើតនិងបច្ចុប្បន្នភូមិស្រែពកតូច ឃុំសិរីមង្គល ស្រុកកូនមុំ ខេត្តរតនគិរី។
ហេតុការភ្ញាក់ផ្អើលនេះកើតឡើងនៅវេលាម៉ោង១១និង៣០នាទី ថ្ងៃទី២២ ខែវិចិ្ចកា ឆ្នាំ២០២៤ ខណ:ឃើញសាកសពបុរសខាងលើនេះ បានផុសឡើងនៅចំណុចកោះអន្លង់ផ្តិល បន្ទាប់ពីបាត់ខ្លួន៣យប់រួចមក។
តាមការបំភ្លឺពីប្រពន្ធជនរងគ្រោះឲ្យសមត្ថកិច្ចបានឲ្យដឹងថា កាលពីថ្ងៃទី២០ ខែវិចិ្ចកាឆ្នាំ២០២៤ វេលាម៉ោង២០និង៣០នាទីយប់ ប្តីរបស់គាត់បានចេញទូកម្នាក់ឯងដូចសព្វដង ដើម្បីទៅរកត្រី ដោយប្រើប្រាស់( ឧបករណ៍ឆក់ត្រី )តាមដងទន្លេស្រែពក។
លុះព្រឹកឡើងថ្ងៃទី២១ ខែឆ្នាំដដែល ប្រពន្ធកូនរងចាំមើលផ្លូវប្តីនិងឪពុកពុំឃើញត្រឡប់មកដល់ផ្ទះវិញ ក៏មានការសង្ស័យមិនស្រួលក្នុងចិត្តប្រពន្ធក៏ប្រញាប់ទៅរាយការណ៍ជូនអាជ្ញាធរមូលដ្ឋាន ឲ្យសមត្ថកិច្ចជួយអន្តរាគមន៍ស្វែងរកប្តីរបស់ខ្លួន។ លុះព្រឹកឡើងថ្ងៃទី២២ ខែវិច្ចិកា ឆ្នាំ២០២៤ វេលាម៉ោង៨និង៣០នាទី កម្លាំងសមត្ថកិច្ច ព្រមទាំងសាច់ញាតិបងប្អូនជនរងគ្រោះ បានតាមរកតាមដងទន្លេស្រែពក រហូតដល់ចំណុចកើតហេតុ ចំណុចកោះអន្លង់ផ្តិល ស្ថិតក្នុងភូមិ៣ស្រែអង្គ្រង ស្រុកកូនមុំ ខេត្តរតនគិរី ក៏ប្រទះឃើញសពអណ្តែតទឹកប្លុងៗ ផ្គាប់មុខ ហើមស្ពីង មើលលែងចង់ស្គាល់និងសាយក្លិនស្អុយភាយ។
យោងតាមរបាយការណ៍សមត្ថកិច្ចប៉ុស្ថិ៍ កម្លាំងជំនាញ សហការជាមួយកម្លាំងបប៉ុស្ថិ៍ឃុំសិរីមង្គលនិងអាជ្ញាធរមូលដ្ឋាន បានចូលរួមពិនិត្យសាកសព ធ្វើកុសល្យវិច័យ។
ស្ថានភាពសាកសពជនរងគ្រោះមានស្លាកស្នាមស្លោកដៃទាំងសងខាង របក់ខាងខ្នង១កន្លែង តាមមាត់ ច្រមុះនិងភ្នែកមានហូរឈាម សមត្ថកិច្ចជំនាញធ្វើការសន្និដ្ឋានថាពិតជាស្លាប់ដោយសារឆក់ត្រីភ្លាត់ស្នៀតឆក់យកជីវិតខ្លួនឯងពិតប្រាកដមែន ពុំមានករណីឃាតកម្មនោះទេ។
សមត្ថកិច្ចធ្វើកំណត់ហេតុប្រគល់សាកសពជូនក្រុមគ្រួសារសាច់ញាតិដើម្បីចាត់ចែងធ្វើបុណ្យតាមប្រពៃណី។
គួរកត់សំគាល់ផងដែរថា បទល្មើសនេសាទត្រីដោយខុសច្បាប់នៅក្នុងទន្លេស្រែពកដោយឈ្មួញប្រើប្រាស់ឧបករណ៍ឆក់ត្រជាក់កើតមានឡើងគ្រប់រដូវកាល មិនថារដូវបិទ រដូវបើកឡូតិ៍នេសាទនោះឡើយ ជាពិសេស នៅតាមដៃអូរនិមួយៗគេសង្កេតឃើញមានបិទអ៊ួន ដាក់ដាយ ស្ពៃមុងក្រឡាញឹក ប្រមូលយកត្រីទាំងតូចទាំងធំ យកមកកាន់ទីផ្សារ
ទោះច្បាប់ជលផលបិទប្រកាសយ៉ាងណាក៏ដោយ ក៏បទល្មើសទាំងនោះពុំមានការថមថយឡើយ។
ដូច្នេះប្រជាជនលោកសំណូមពរទៅថ្នាក់ដឹកនាំ ជាគណ:បញ្ជាការឯកភាពស្រុកខេត្ត ជាពិសេស មន្ត្រីជំនាញជលផល សូមរឹតបណ្តឹងច្បាប់ មានវិធានការណ៍ក្តៅការពារអាយុជីវិតមច្ឆាជាតិឲ្យនៅគង់វង្ស ត្រូវចេញដិកាប្រមូលចាប់យកឧបករណ៍នេសាទដោយខុសច្បាប់ នៅតាមខ្នងផ្ទះតែម្តង និងបង្កសំណុំរឿងបញ្ជូនទៅអយ្យកាអមសាលាដំបូងខេត្តដើម្បីចាត់ការតាមនិតិវិធីច្បាប់៕