ប្រធានសមាគមមិត្តភាពកម្ពុជាចិនលើកឡើងថា ចិនគឺជាប្រទេសគំរូមួយក្នុងការកាត់បន្ថយភាពក្រីក្រ ដែលកម្ពុជាអាចរៀនសូត្រតាម

ភ្នំពេញ៖ ឯកឧត្តមឯក សំអុល ប្រធានសមាគមមិត្តភាពកម្ពុជា ចិនលើកឡើងថា ប្រទេសចិនគឺជាប្រទេសគំរូមួយលើកការងារកាត់បន្ថយភាពក្រីក្រ ដែលកម្ពុជាអាចរៀនសូត្រតាម ខណៈប្រទេសយើងទាំងពីរតែងតែគាំទ្រគ្នាទៅវិញទៅមកគ្រប់កាលៈទេសៈ។

ក្នុងកិច្ចសម្ភាសមួយវិទ្យុមិត្តភាពកម្ពុជាចិន កាលពីព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៥ ឯកឧត្តមឯក សំអុលមានប្រសាសន៍ថា ចំណុចដែលកម្ពុជាត្រូវរៀនសូត្រពីប្រទេសចិននោះគឺការអភិវឌ្ឍលើគ្រប់វិស័យ នៅតាមទីជនបទ។

សំឡេង៖ « កម្ពុជាគួររៀនសូត្រពីចិនគឺការកសាងភូមិគំរូកាត់បន្ថយភាពក្រីក្រនៅប្រទេសចិន ដោយចិនបានបញ្ចូលការអប់រំបណ្តុះបណ្តាលប្រជាពលរដ្ឋនៅតាមជនបទ និងជនជាតិផ្សេងៗឱ្យមានការប្រែប្រួលពីក្រីក្រលំបាកមកជាធូធារ មានវប្បធម៌ ចំណេះដឹងខ្ពស់។ ខ្ញុំសូមជំរុញឱ្យភាគីពាក់ព័ន្ធខិតខំធ្វើរឿងនេះឱ្យបានច្រើនជាងមុនថែមទៀត។»

ដោយមើលឃើញពីចំណុចល្អរបស់ប្រទេសចិន ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ភាគីកម្ពុជា និងចិនបានសហការគ្នាជ្រើសរើសភូមិតាននស្ថិតនៅឃុំដូង ស្រុកបាទីខេត្តតាកែវ ដើម្បីអភិវឌ្ឍន៍ និងធ្វើជាភូមិគំរូមួយក្នុងការកាត់បន្ថយភាពក្រីក្រ ។

ក្នុងនាមឯកឧត្តម កឹមរ័ត្ន វិសិដ្ឋ ប្រធានក្រុមប្រឹក្សាភិបាលវេទិកាសម្ព័ន្ធសង្គមស៊ីវិល ឯកឧត្តម ជា ពៅ អគ្គលេខាធិការរងបានថ្លែងថា ការអនុវត្តគម្រោងកាត់បន្ថយភាពក្រីក្រនៅភូមិតានននេះ ជាសញ្ញាណវិជ្ជមាននៃកិច្ចសហប្រតិបត្តិការកាន់តែរឹងមាំរវាងសង្គមស៊ីវិលនៃប្រទេសយើងទាំងពីរក្នុងការរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការបំពេញបាននូវតម្រូវការជាមូលដ្ឋានជូនដល់ប្រជាជនកម្ពុជា។

គួររម្លឹកថា គិតចាប់ពីឆ្នាំ២០១៧មកដល់បច្ចុប្បន្ន ក្រុមប្រឹក្សាភិបាលនៃវេទិកាសម្ព័ន្ធសង្គមស៊ីវិល បានខិតខំកៀរគរជំនួយរបស់ចិនមកចូលរួមនៅក្នុងការអភិវឌ្ឍស្រុកបាទី ជាពិសេសភូមិតានន ឃុំដូង មានដូចជា៖ អគារសិក្សា អណ្តូងទឹក ស្ថានីយផលិតទឹកស្អាត ផ្លូវបេតុង លូបង្ហូរទឹកភ្លៀង ផ្លូវដីខ្សាច់ស បង្គោលអគ្គិសនីដើរដោយពន្លឺព្រះអាទិត្យបំភ្លឺផ្លូវ, អគារពហុបំណងកម្ពស់២ជាន់បំពាក់ដោយសម្ភារៈអេឡិចត្រូនិកបម្រើដល់ការបណ្តុះបណ្តាល ការប្រារព្ធពិធីសាសនា និងជំនួបនានា។ ម៉ូតូដឹកកម្មករ, ម៉ូតូសម្រាប់ដឹកអ្នកជំងឺ, ដាំដើមឈើតាមផ្លូវ និងការថែរក្សាបរិស្ថានក្នុងភូមិ។ ក្រៅពីនេះភាគីចិន ក៏បានផ្តល់កាតាបដល់សិស្សានុសិស្សក្នុង១ឆ្នាំ៤០០កញ្ចប់សម្រាប់រយៈពេល៣ឆ្នាំ និងកង់ដល់សិស្សានុសិស្ស៨០គ្រឿង៕

Written by 

Related posts

Leave a Comment