ប្រធានាធិបតីបេឡារុស្ស លោក Alexander Lukashenko បានព្រមានថា ពិភពលោកកំពុងធ្លាក់ចុះយ៉ាងខ្លាំងនៅលើគែមនៃសង្គ្រាមលោកលើកទី៣។ លោកបានព្រមានបែបនេះ អមដោយការបន្លឺសំឡេងព្រមានអំពីការកើនឡើងនៃជម្លោះអ៊ុយក្រែននាពេលថ្មីៗនេះ។
លោក Lukashenko បានធ្វើការកត់សម្គាល់បែបនេះកាលពីថ្ងៃសុក្រ ក្នុងអំឡុងពេលសុន្ទរកថាទៅកាន់និស្សិតសាកលវិទ្យាល័យនៅទីក្រុង Minsk ប៉ុន្មានថ្ងៃបន្ទាប់ពីអ៊ុយក្រែនបានចាប់ផ្តើមការវាយប្រហារជាច្រើនដោយប្រើប្រព័ន្ធ ATACMS និង HIMARS ដែលផលិតដោយសហរដ្ឋអាមេរិក ក៏ដូចជាមីស៊ីល Storm Shadow ដែលផលិតដោយអង់គ្លេស ចូលទៅក្នុងទឹកដីដែលត្រូវបានទទួលស្គាល់ជាអន្តរជាតិថាជាប្រទេសរុស្ស៊ី។
ប៉ុន្តែទីក្រុងមូស្គូក៏បានឆ្លើយតបទៅអ៊ុយក្រែនវិញជាមួយនឹងការវាយប្រហារលើអគារការពារមួយក្នុងទីក្រុង Dnepropetrovsk ប្រទេសអ៊ុយក្រែន ដោយប្រើប្រាស់កាំជ្រួចមីស៊ីលរយៈចម្ងាយមធ្យមកម្រិតខ្ពស់បំផុតរបស់ Oreshnik ។
មេដឹកនាំប្រទេសបេទ្បារុស្សបានលើកទ្បើងថា យើងបានព្រមានច្រើនហើយនាពេលថ្មីៗនេះអំពីរបៀបដែលព្រះហាមមិនឲ្យមានសង្គ្រាមលោកលើកទីបីអាចនឹងចាប់ផ្តើម ខណដែលយើងកំពុងតែស្ថិតនៅក្នុងគែមនៃព្រឹត្តិការណ៍ដ៏អាក្រក់នោះ។ ប៉ុន្តែអរគុណព្រះជាម្ចាស់ ដែលមនុស្សជាតិនៅតែទប់ខ្លួន ហើយមិនទាន់ធ្លាក់ចូលទៅក្នុងសង្គ្រាមលោកលើកទី ៣ នៅឡើយ។ មេដឹកនាំបេឡារុស្សរូបនោះបានបន្ថែមថា ទោះបីពីមុនវាជាសង្គ្រាមព័ត៌មាន ប៉ុន្តែ ឥឡូវនេះកំពុងតែពេញលក្ខណៈនិងក្លាយជាការពិតហើយ។
លោកបានបន្តថា ជម្លោះអ៊ុយក្រែនគួរតែត្រូវបានដោះស្រាយតាមរយៈការចរចាដែលមានរុស្ស៊ី អ៊ុយក្រែន និងបេឡារុស្ស។ លោកបានសង្កត់ធ្ងន់ថា គ្មានជនជាតិអាមេរិក និងគ្មានជនជាតិអឺរ៉ុបចូលរួមនោះទេ ព្រោះពួកគេនឹងមិនធ្វើអ្វីល្អសម្រាប់យើងទេ… យើងត្រូវអង្គុយចុះ ហើយឈានដល់កិច្ចព្រមព្រៀងមួយ។
ផ្ទុយទៅវិញ លោក Lukashenko បានកត់សម្គាល់ថា ជម្លោះនៅតែបន្តកើនឡើង ទោះបីបេទ្បារុស្សចូលរួម ឬមិនចូលរួមក៏ដោយចុះ។ លោកបន្ថែមថា ប្រសិនបើមានការប៉ះទង្គិចគ្នារវាងរុស្ស៊ី និងណាតូ វាក៏មិនងាយស្រួលសម្រាប់យើងដែរ។ យើងមិនចង់បានសង្គ្រាមនៅលើទឹកដីរបស់យើងទេ យើងមិនចង់ឱ្យផលប្រយោជន៍អ្នកដទៃត្រូវបានសម្រេចនៅទីនេះដោយចំណាយប្រាក់របស់យើងដូចអ៊ុយក្រែននោះទ្បើយ។
បេឡារុស្ស ជាសម្ព័ន្ធមិត្តជិតស្នឹទ្ធរបស់រុស្ស៊ី ក្រោមអង្គការសន្ធិសញ្ញាសន្តិសុខសមូហភាព (CSTO)។ រដ្ឋទាំងពីរនេះក៏ជាផ្នែកនៃរដ្ឋសហភាព ដែលជាអង្គភាពមួយមានគោលបំណងនាំទីក្រុងមូស្គូ និងទីក្រុង Minsk កាន់តែជិតស្និទ្ធជាមួយគ្នាទាំងខាងសេដ្ឋកិច្ច និងភូមិសាស្ត្រនយោបាយផងដែរ។
ចាប់តាំងពីមានការកើនឡើងនៃជម្លោះអ៊ុយក្រែនក្នុងខែកុម្ភៈ ឆ្នាំ ២០២២ បេឡារុស្សបានគាំទ្ររុស្ស៊ី ប៉ុន្តែមិនបានចូលរួមដោយផ្ទាល់នៅក្នុងអរិភាពទេ។ បេទ្បារុស្សក៏បានធ្វើជាម្ចាស់ផ្ទះនៃកិច្ចចរចាសន្តិភាពជាច្រើនជុំរវាងទីក្រុងមូស្គូ និងគៀវផងដែរ តែ បរាជ័យ។ ទោះបីជាបែបនេះក៏ដោយ Lukashenko បានជំរុញឱ្យប្រទេសទាំងពីរចរចាម្តងហើយម្តងទៀត ខណៈពេលដែលបេទ្បារុស្សនឹងផ្តល់ការសម្រុះសម្រួលដើម្បីបញ្ចប់ជម្លោះ៕
ដោយ៖ ពេជ្រ