គ្រូបង្វឹកក្រុមនាគខៀវបឹងកេតលោក Conor Nestor បានកំពុងតែព្រួយបារម្ភយ៉ាងខ្លាំងពីស្ថានភាពរបួសជង្គង់របស់ខ្សែប្រយុទ្ធជំនាញជើងឆ្វេង ចាន់ វឌ្ឍនាកា ។
លោក Conor Nestor បានថ្លៃងប្រាប់ថា៖ «ពួកយើងកំពុងតែរង់ចាំលទ្ធផលពីការថតស្កេន។ ឥទ្បួវនេះយើងមិនអាចនិយាយចំណុចអ្វីមួយឱ្យបានជាក់លាក់ទាល់តែសោះចំពោះស្ថានភាពរបួស ឬក៏ពេលវេលាជាសះស្បើយរបស់គាត់»។ លោកបន្តថា «ជាការពិតណាស់! វាមើលទៅកំពុងតែស្ថិតក្នុងស្ថានភាពមិនល្អ ហើយយើងពិតជាមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះគាត់ ប៉ុន្តែពេលនេះ យើងមិនអាចនិយាយអ្វីបានទាំងអស់ រហូតដល់ទទួលបានលទ្ធផល ពីការថតសស្កេន»។
សូមជម្រាបថា ខ្សែប្រយុទ្ធជំនាញជើងឆ្វេង ចាន់ វឌ្ឍនាកា បានទទួលរងរបួសជង្គង់នៅនាទីទី៤០ និងបានដូរចេញភ្លាមៗ ក្រោយរួមចំណែករកបាន១គ្រាប់ ខណៈបឹងកេត យកឈ្នះលើក្រុមម្ចាស់ផ្ទះមន្ទីរអប់រំយុវជនខេត្តកំពង់ចាម ដោយលទ្ធផល ៨-១ សម្រាប់ការប្រកួតជើងទី១ វគ្គ១៦ក្រុមពានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី១៨ ឆ្នាំ២០២៤/២៥ ថ្នាក់ជាតិ កាលពីម្សិលមិញ៕