អាមេរិក​៖ កូរ៉េខាងជើង កាន់តែមានសមត្ថភាព​ធ្វើ​សង្គ្រាម​ជាមួយប្រទេសជិតខាងដោយ​សារតែកិច្ចសហការ​ជាមួយ​រុស្ស៊ី

សហរដ្ឋ​អាមេរិក​បានអះអាង​ថា កិច្ចសហប្រតិបត្តិការ​យោធា​រវាង​កូរ៉េ​ខាង​ជើង​និង​រុស្ស៊ី​កំពុង​ធ្វើ​ឱ្យ​ក្រុង​ព្យុងយ៉ាង​មាន​សមត្ថភាព​កាន់​តែ​ខ្លាំង​ក្នុង​ការ​ធ្វើ​សង្រ្គាម​ប្រឆាំង​នឹង​ប្រទេស​ជិត​ខាង។

ឯកអគ្គរដ្ឋទូតរងសហរដ្ឋអាមេរិកប្រចាំអង្គការសហប្រជាជាតិ លោកស្រី Dorothy Camille Shea បានបង្ហាញនូវការអះអាងបែបនេះនៅក្នុងកិច្ចប្រជុំបន្ទាន់នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិកាលពីថ្ងៃពុធ។ កិច្ចប្រជុំ​នេះក៏​ត្រូវ​បាន​រៀបចំ​ឡើង​បន្ទាប់​ពី​ការ​បាញ់​មីស៊ីល​របស់​កូរ៉េ​ខាងជើង​កាលពី​ថ្ងៃ​ចន្ទ។  ប៉ុន្តែកូរ៉េខាងជើង​ថា ខ្លួន​បាន​បាញ់​សាកល្បង​ដោយ​ជោគជ័យ​នូវ​ប្រភេទ​ថ្មី​នៃ​កាំជ្រួច​ផ្លោង​លឿន​ជាង​សំឡេង​រយៈ​ចម្ងាយ​មធ្យម។

 លោក Shea បាននិយាយថា ប្រទេសកូរ៉េខាងជើងកំពុងទទួលបានអត្ថប្រយោជន៍យ៉ាងសំខាន់ពីការទទួលបានឧបករណ៍យោធា បច្ចេកវិទ្យា និងបទពិសោធន៍របស់រុស្ស៊ី ដែលធ្វើឱ្យវាកាន់តែមានសមត្ថភាពធ្វើសង្គ្រាមប្រឆាំងនឹងប្រទេសជិតខាង។

លោក Vassily Nebenzia ឯកអគ្គរដ្ឋទូតរបស់អង្គការសហប្រជាជាតិរបស់ប្រទេសរុស្ស៊ីបានច្រានចោលការចោទប្រកាន់របស់សហរដ្ឋអាមេរិកដែលថាទីក្រុងម៉ូស្គូមានគម្រោងចែករំលែកបច្ចេកវិទ្យាអវកាស និងផ្កាយរណបកម្រិតខ្ពស់ជាមួយកូរ៉េខាងជើង។ លោក Nebenzia បានលើកទ្បើងថា ការទាមទារដែលធ្វើឡើងដោយរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken កាលពីថ្ងៃចន្ទ គឺមិនមានហេតុផលទាំងស្រុងនោះទេ។

ដោយនិយាយសំដៅលើការបាញ់មីស៊ីលនេះ លោក Nebenzia បានថ្លែងថា ថ្នាក់ដឹកនាំកូរ៉េខាងជើងមានសិទ្ធិពេញលេញក្នុងការអនុវត្តវិធានការដើម្បីធានាសន្តិសុខរបស់ពួកគេ និងដើម្បីរក្សាអធិបតេយ្យភាពរបស់ប្រទេស។

ឯកអគ្គរដ្ឋទូតអង្គការសហប្រជាជាតិរបស់ប្រទេសជប៉ុន លោក Yamazaki Kazuyuki បានថ្កោលទោសការបាញ់បង្ហោះនេះ ដោយនិយាយថា វាមានទំនាក់ទំនងជាមូលដ្ឋានចំពោះការមិនរីកសាយភាយជាសកល។ លោក​អំពាវនាវ​ឲ្យ​ក្រុម​ប្រឹក្សា​ចាត់​វិធានការ​ជា​ការ​ឆ្លើយ​តបលើករណីនេះ។

 ឯកអគ្គរដ្ឋទូត​អង្គការសហប្រជាជាតិ​របស់​កូរ៉េខាងជើង លោក គីម សុង បានបង្ហាញ​ភាពត្រឹមត្រូវ​ចំពោះ​ការបាញ់​បង្ហោះ​នេះ​។ លោកបាននិយាយថា កាំជ្រួចផ្លោងលឿនជាងសំឡេងគឺជាផ្នែកមួយនៃផែនការអភិវឌ្ឍសមត្ថភាពការពារជាតិស្របតាមការផ្លាស់ប្តូរបរិយាកាសសន្តិសុខក្នុងតំបន់។

ចំណែក ឯកអគ្គរដ្ឋទូតរងអង្គការសហប្រជាជាតិរបស់ប្រទេសចិន លោក Geng Shuang បាននិយាយថា ប្រទេសរបស់លោកតែងតែអនុវត្តដោយមនសិការនូវរាល់ដំណោះស្រាយទាក់ទងនឹងកូរ៉េខាងជើង និងបានបំពេញកាតព្វកិច្ចអន្តរជាតិយ៉ាងត្រឹមត្រូវ។ លោក Geng ក៏បាននិយាយផងដែរថា សហរដ្ឋអាមេរិកបានបង្កើនវត្តមានយោធារបស់ខ្លួនយ៉ាងសន្ធឹកសន្ធាប់នៅលើឧបទ្វីបកូរ៉េ និងតំបន់ជិតខាង ដោយធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ផលប្រយោជន៍យុទ្ធសាស្ត្ររបស់ប្រទេសក្នុងតំបន់ រួមទាំងប្រទេសចិនផងដែរ៕

ដោយ៖ ពេជ្រ

Written by 

Related posts

Leave a Comment