សហរដ្ឋអាមេរិកបានអះអាងថា កិច្ចសហប្រតិបត្តិការយោធារវាងកូរ៉េខាងជើងនិងរុស្ស៊ីកំពុងធ្វើឱ្យក្រុងព្យុងយ៉ាងមានសមត្ថភាពកាន់តែខ្លាំងក្នុងការធ្វើសង្រ្គាមប្រឆាំងនឹងប្រទេសជិតខាង។
ឯកអគ្គរដ្ឋទូតរងសហរដ្ឋអាមេរិកប្រចាំអង្គការសហប្រជាជាតិ លោកស្រី Dorothy Camille Shea បានបង្ហាញនូវការអះអាងបែបនេះនៅក្នុងកិច្ចប្រជុំបន្ទាន់នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិកាលពីថ្ងៃពុធ។ កិច្ចប្រជុំនេះក៏ត្រូវបានរៀបចំឡើងបន្ទាប់ពីការបាញ់មីស៊ីលរបស់កូរ៉េខាងជើងកាលពីថ្ងៃចន្ទ។ ប៉ុន្តែកូរ៉េខាងជើងថា ខ្លួនបានបាញ់សាកល្បងដោយជោគជ័យនូវប្រភេទថ្មីនៃកាំជ្រួចផ្លោងលឿនជាងសំឡេងរយៈចម្ងាយមធ្យម។
លោក Shea បាននិយាយថា ប្រទេសកូរ៉េខាងជើងកំពុងទទួលបានអត្ថប្រយោជន៍យ៉ាងសំខាន់ពីការទទួលបានឧបករណ៍យោធា បច្ចេកវិទ្យា និងបទពិសោធន៍របស់រុស្ស៊ី ដែលធ្វើឱ្យវាកាន់តែមានសមត្ថភាពធ្វើសង្គ្រាមប្រឆាំងនឹងប្រទេសជិតខាង។
លោក Vassily Nebenzia ឯកអគ្គរដ្ឋទូតរបស់អង្គការសហប្រជាជាតិរបស់ប្រទេសរុស្ស៊ីបានច្រានចោលការចោទប្រកាន់របស់សហរដ្ឋអាមេរិកដែលថាទីក្រុងម៉ូស្គូមានគម្រោងចែករំលែកបច្ចេកវិទ្យាអវកាស និងផ្កាយរណបកម្រិតខ្ពស់ជាមួយកូរ៉េខាងជើង។ លោក Nebenzia បានលើកទ្បើងថា ការទាមទារដែលធ្វើឡើងដោយរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken កាលពីថ្ងៃចន្ទ គឺមិនមានហេតុផលទាំងស្រុងនោះទេ។
ដោយនិយាយសំដៅលើការបាញ់មីស៊ីលនេះ លោក Nebenzia បានថ្លែងថា ថ្នាក់ដឹកនាំកូរ៉េខាងជើងមានសិទ្ធិពេញលេញក្នុងការអនុវត្តវិធានការដើម្បីធានាសន្តិសុខរបស់ពួកគេ និងដើម្បីរក្សាអធិបតេយ្យភាពរបស់ប្រទេស។
ឯកអគ្គរដ្ឋទូតអង្គការសហប្រជាជាតិរបស់ប្រទេសជប៉ុន លោក Yamazaki Kazuyuki បានថ្កោលទោសការបាញ់បង្ហោះនេះ ដោយនិយាយថា វាមានទំនាក់ទំនងជាមូលដ្ឋានចំពោះការមិនរីកសាយភាយជាសកល។ លោកអំពាវនាវឲ្យក្រុមប្រឹក្សាចាត់វិធានការជាការឆ្លើយតបលើករណីនេះ។
ឯកអគ្គរដ្ឋទូតអង្គការសហប្រជាជាតិរបស់កូរ៉េខាងជើង លោក គីម សុង បានបង្ហាញភាពត្រឹមត្រូវចំពោះការបាញ់បង្ហោះនេះ។ លោកបាននិយាយថា កាំជ្រួចផ្លោងលឿនជាងសំឡេងគឺជាផ្នែកមួយនៃផែនការអភិវឌ្ឍសមត្ថភាពការពារជាតិស្របតាមការផ្លាស់ប្តូរបរិយាកាសសន្តិសុខក្នុងតំបន់។
ចំណែក ឯកអគ្គរដ្ឋទូតរងអង្គការសហប្រជាជាតិរបស់ប្រទេសចិន លោក Geng Shuang បាននិយាយថា ប្រទេសរបស់លោកតែងតែអនុវត្តដោយមនសិការនូវរាល់ដំណោះស្រាយទាក់ទងនឹងកូរ៉េខាងជើង និងបានបំពេញកាតព្វកិច្ចអន្តរជាតិយ៉ាងត្រឹមត្រូវ។ លោក Geng ក៏បាននិយាយផងដែរថា សហរដ្ឋអាមេរិកបានបង្កើនវត្តមានយោធារបស់ខ្លួនយ៉ាងសន្ធឹកសន្ធាប់នៅលើឧបទ្វីបកូរ៉េ និងតំបន់ជិតខាង ដោយធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ផលប្រយោជន៍យុទ្ធសាស្ត្ររបស់ប្រទេសក្នុងតំបន់ រួមទាំងប្រទេសចិនផងដែរ៕
ដោយ៖ ពេជ្រ