បទវិភាគ៖ការកសាងសហគមន៍រួមវាសនារបស់មនុស្សជាតិជាមាគ៌ាដ៏ត្រឹមត្រូវសម្រាប់ឱ្យពិភពលោកឆ្ពោះទៅរកការអភិវឌ្ឍជានិរន្តរភាព

ថ្ងៃទី ២ ខែមករា ពិធីបើកស្លាកនៃមជ្ឈមណ្ឌលសិក្សាស្រាវជ្រាវអំពីសហគមន៍រួមវាសនារបស់មនុស្សជាតិបានប្រារព្ធធ្វើនៅទីក្រុងប៉េកាំង ។ ទស្សនៈស្តីពីសហគមន៍រួមវាសនារបស់មនុស្សជាតិបានផ្តួចផ្តើមឡើងដោយប្រទេសចិន  នៅខែមីនា ឆ្នាំ២០១៣ លោក Xi Jinping ប្រធានរដ្ឋចិនបានលើកឡើងជាលើកដំបូងនូវទស្សនៈដ៏សំខាន់ស្តីពីការកសាងសហគមន៍រួមវាសនារបស់មនុស្សជាតិ ព្រមទាំងបានលើកឡើងនូវ “ការប្រកាន់ខ្ជាប់៤ចំណុច”ដើម្បីឆ្ពោះទៅកាន់សហគមន៍រួមវាសនា ពោលគឺប្រកាន់ខ្ជាប់ការគោរពគ្នាទៅវិញទៅមកនិងគោរពរាប់អានគ្នាប្រកបដោយសមភាព ប្រកាន់ខ្ជាប់ការធ្វើកិច្ចសហប្រតិបតិ្តការឈ្នះ-ឈ្នះនិងការអភិវឌ្ឍរួម ប្រកាន់ខ្ជាប់ការសម្រេចបាននូវសន្តិសុខរួមប្រកបដោយកិច្ចសហប្រតិបតិ្តការនិងនិរន្តរភាព ប្រកាន់ខ្ជាប់ភាពស៊ីសង្វាក់គ្នា ការផ្លាស់ប្តូរនិងរៀនសូត្រពីគ្នាខាងអរិយធម៌ទីទៃគ្នា ។

បច្ចុប្បន្ននេះ ពិភពលោកបាននិងកំពុងស្ថិតក្នុងបម្រែបម្រួលដ៏ខ្លាំងដែលមិនធ្លាប់មានក្នុងរយៈពេល១រយឆ្នាំ ហើយបានឈានចូលដំណាក់កាលរង្គោះរង្គើនិងកំណែទម្រង់ ទំនាក់ទំនងនិងការពឹងផ្អែកគ្នារវាងប្រទេសនិងប្រទេសមានភាពកាន់តែស៊ីជម្រៅពីមួយថ្ងៃទៅមួយថ្ងៃ ប៉ុន្តែវាក៏ប្រឈមមុខនឹងការសាកល្បងរួមជាច្រើនផងដែរ ។ ជាពិសេស គឺប្រឈមនឹងស្ថានភាពដ៏ស្មុគស្មាញនៃសេដ្ឋកិច្ចសកលនិងបញ្ហាជាសកល ប្រទេសណាមួយក៏មិនអាចយកសុខតែខ្លួនឯងនោះឡើយ ។

សហគមន៍រួមវាសនារបស់មនុស្សជាតិ គឺមានន័យថា អនាគតនិងជោគវាសនារបស់ប្រទេសនីមួយៗ សុទ្ធតែមានទំនាក់ទំនងយ៉ាងជិតស្និទ្ធ ក្រុមមនុស្សទីទៃគ្នារួមសុខរួមទុក្ខដើម្បីធ្វើកិច្ចសហប្រតិបតិ្តការឈ្នះ-ឈ្នះ ។ ទស្សនៈនេះបានបង្ហាញពីមាគ៌ាត្រឹមត្រូវនៃការប្រាស្រ័យទាក់ទងរវាងប្រទេសនិងប្រទេស ដែលបណ្តាលឱ្យសហគមន៍អន្តរជាតិមានប្រតិកម្មនិងការរំពឹងទុករួមគ្នា ហើយក៏បានបង្ហាញពីទំនួលខុសត្រូវនិងកាតព្វកិច្ចរបស់ប្រទេសចិនដែលជាប្រទេសធំផងដែរ ។ ក្រោមការណែនាំពីទស្សនៈស្តីពីសហគមន៍រួមវាសនារបស់មនុស្សជាតិ ប្រទេសចិនបានដើរតាមផ្លូវថ្មីមួយសម្រាប់ការប្រាស្រ័យទាក់ទងរវាងប្រទេសនិងប្រទេសដែលមានការគោរពគ្នាទៅវិញទៅមក ប្រកបដោយសមភាពនិងយុត្តិធម៌ ក៏ដូចកិច្ចសហប្រតិបតិ្តការឈ្នះ-ឈ្នះ ។

បច្ចុប្បន្ននេះ មានប្រទេសនិងតំបន់ចំនួនរាប់សិបបានរួមសហការជាមួយប្រទេសចិនបង្កើតសហគមន៍រួមវាសនាតាមទម្រង់ខុសៗគ្នា  ។ ដោយឡែក ការកសាងសហគមន៍រួមវាសនារបស់មនុស្សជាតិក៏ត្រូវបានដាក់បញ្ជូលក្នុងសេចក្តីសម្រេចចិត្តនិងឯកសារពហុភាគីរបស់មហាសន្និបាតអង្គការសហប្រជាជាតិជាច្រើនលើក ដែលបានក្លាយជាផលិតផលសាធារណៈដ៏សំខាន់បំផុតប្រកបដោយអត្ថន័យជាសកលដែរ ។ ប្រទេសចិនរួមជាមួយប្រទេសកម្ពុជា ឡាវ មីយ៉ាន់ម៉ា ឥណ្ឌូណេស៊ី ថៃ ម៉ាឡេស៊ី ប៉ាគីស្ថាន ម៉ុងហ្គោលី គុយបា អាហ្វ្រិកខាងត្បូងនិងវៀតណាមជាដើម បានចេញផ្សាយផែនការប្រតិបតិ្ត សេចក្តីថ្លែងការណ៍រួម ឬបានឈានដល់គំនិតឯកភាពរួមដ៏សំខាន់អំពីការកសាងសហគមន៍រួមវាសនាទ្វេភាគី ដែលបានបង្កើតជាគំរូនៃទំនាក់ទំនងរវាងប្រទេសនិងប្រទេសក្នុងយុគសម័យថ្មី ។

សហគមន៍រួមវាសនារវាងចិននិងអាហ្វ្រិក ជាសហគមន៍រួមវាសនាក្នុងតំបន់ដែលត្រូវបានលើកឡើងមុនគេបង្អស់ បន្ទាប់មក កិច្ចកសាងសហគមន៍រួមវាសនារវាងចិននិងអារ៉ាប់ ចិននិងអាមេរិកឡាទីន ចិននិងប្រទេសដែនកោះប៉ាស៊ីហ្វិក ចិននិងអាស៊ាន អង្គការសហប្រតិបត្តិការសៀងហៃ ចិននិងអាស៊ីកណ្តាលជាដើមត្រូវបានជំរុញជាលំដាប់ ធ្វើឱ្យទស្សនៈស្តីពីការបង្កើតសហគមន៍រួមវាសនាទទួលបានឯកភាពកាន់តែទូលំទូលាយពីសំណាក់អន្តរជាតិ ដែលបានជំរុញឱ្យកិច្ចកសាងសហគមន៍រួមវាសនាមានភាពកាន់តែស៊ីជម្រៅនិងប្រាកដប្រជា ។

អ្នកជំនាញរបស់ប្រទេសជាច្រើនយល់ឃើញថា ទស្សនៈស្តីពីសហគមន៍រួមវាសនារបស់មនុស្សជាតិ ដែលប្រទេសចិនបានលើកឡើងនោះ បានផ្តល់វិធីសាស្ត្រដល់ប្រទេសនានាក្នុងការចាប់ដៃគ្នាឆ្លើយតបនឹងបញ្ហាប្រឈមជាសកល ហើយបានតម្រង់ទិសដៅសម្រាប់ការអភិវឌ្ឍសង្គមមនុស្សជាតិ ។ លោក Aleksei Rodionov អនុប្រធានអចិន្ត្រៃយ៍ផ្នែកបូព៌ានៃសាកលវិទ្យាល័យជាតិ St. Petersburg ប្រទេសរុស្ស៊ីយល់ឃើញថា ការកសាងសហគមន៍រួមវាសនារបស់មនុស្សជាតិ ជាផ្លូវឆ្ពោះទៅមុខដែលប្រទេសចិនបានគ្រោង ដោយអនុលោមតាមសភាពការណ៍ជាក់ស្តែងរបស់ពិភពលោកនាពេលបច្ចុប្បន្ននេះ ខណៈពេលការបដិបក្ខគ្នាផ្នែកភូមិសាស្ត្រនយោបាយមានភាពកាន់តែធ្ងន់ធ្ងរនាពេលបច្ចុប្បន្ន  ទស្សនៈនេះបានរំលេចនូវសារសំខាន់ជាបន្តបន្ទាប់ ។

លោក Keith Bennett អ្នកជំនាញខាងទំនាក់ទំនងអន្តរជាតិរបស់ប្រទេសអង់គ្លេសបានវាយតម្លៃថា ទស្សនៈស្តីពីសហគមន៍រួមវាសនារបស់មនុស្សជាតិ បានបន្តវេននិងអភិវឌ្ឍនូវគំនិតដ៏ស៊ីជម្រៅនិងបើកទូលាយទាំងអស់ក្នុងទស្សនៈវិជ្ជារបស់មនុស្សជាតិតាំងពីបុរាណដល់បច្ចុប្បន្ន ក្នុងនោះបូករួមទាំងតម្រិះប្រាជ្ញាជាប្រពៃណីរបស់ចិននិងលទ្ធិម៉ាក្សនិយម ព្រមពេលជាមួយគ្នានេះ ក៏បានធ្វើឱ្យវាសមស្របនឹងសភាពការណ៍ជាក់ស្តែងនិងតម្រូវការរបស់សកលលោកផងដែរ ។

សម្លឹងមើលទៅកាន់ពិភពលោកទាំងមូល មានប្រទេសកាន់តែច្រើនឡើងៗបានចូលរួមក្នុងកិច្ចកសាងសហគមន៍រួមវាសនា ។ ការកសាងសហគមន៍រួមវាសនារបស់មនុស្សជាតិបាននិងកំពុងត្រូវទទួលស្គាល់និងគាំទ្រដោយប្រទេសនិងប្រជាជនកាន់តែច្រើនឡើងៗ ។នេះគឺជាមាគ៌ាដ៏ត្រឹមត្រូវសម្រាប់ឱ្យពិភពលោកឆ្ពោះទៅរកការអភិវឌ្ឍជានិរន្តរភាព ហើយក៏ជាអនាគតរួមរបស់មនុស្សជាតិលើភពផែនដីនេះផងដែរ ៕

Written by 

Related posts

Leave a Comment