អគ្គនាយករងរដ្ឋបាលអភិវឌ្ឍន៍ឧស្សាហកម្ម (IDA) លោក Tsou Yu-hsin បានប្រាប់អ្នកយកព័ត៌មានថា តៃវ៉ាន់ ត្រៀមនឹងបង្កើតកន្លែងអភិវឌ្ឍន៍ និងសាកល្បងដ៏សំខាន់មួយ នៅក្នុងតំបន់ Chiayi នាពេលខាងមុខ។
យោងតាមលោក Tsou បានឲ្យដឹងថា ក្រុមហ៊ុនផលិតយន្តហោះគ្មានមនុស្សបើករបស់តៃវ៉ាន់ នឹងស្វែងរកការបង្កើនចំណែក សម្រាប់ទីផ្សារពិភពលោក។
លោក បានបន្ថែមថា តំបន់ Chiayi ត្រៀមខ្លួនជាស្រេច ដើម្បីដើរតួជាមជ្ឈមណ្ឌលសម្រាប់ឧស្សាហកម្មយន្តហោះគ្មានមនុស្សបើកព្រោះវាមានមូលដ្ឋានគ្រឹះដ៏ល្អសម្រាប់ការផលិត ។
លោក បន្តថា ដូច្នេះ យើងគ្រោងនឹងសាងសង់កន្លែងសាកល្បងធំជាងនេះ ដើម្បីជំរុញការផលិតយន្តហោះគ្មានមនុស្សបើក។
ទន្ទឹមនោះ លោក Tsou ក៏បានកត់សម្គាល់ផងដែរថា ជម្លោះអ៊ុយក្រែន ធ្វើឱ្យពិភពលោកទាំងមូលយកចិត្តទុកដាក់បន្ថែមទៀតអំពីរបៀបដែលយន្តហោះគ្មានមនុស្សបើកត្រូវយកមកប្រើប្រាស់នៅក្នុងសេណារីយ៉ូយោធាដែលបង្កើតឱកាសជាច្រើនសម្រាប់តៃវ៉ាន់។
គួរបញ្ជាក់ថា អាជ្ញាធរកោះ បានប្រកាសបង្កើតសម្ព័ន្ធឱកាសអាជីវកម្មអន្តរជាតិរបស់តៃវ៉ាន់ Excellence Drone (Tediboa) ដែលប្រមូលផ្តុំក្រុមហ៊ុន និងចូលរួមក្នុងការអភិវឌ្ឍន៍យន្តហោះគ្មានមនុស្សបើក។ យោងតាមសារព័ត៌មាន Focus Taiwan សម្ព័ន្ធភាពបច្ចុប្បន្នមានសមាជិកជាង ១២០ នាក់ ដែលមានឯកទេសជាច្រើន ៕
ដោយ៖ ពេជ្រ