ខេត្តរតនគិរី÷ ផ្លូវ១ខ្សែនៅខាងក្រោយផ្សារបានលុងពិបាកក្នុងការធ្វើដំណើរចេញចូលទៅមក ដោយសារប្រជាពលរដ្ឋបានយកម៉ូតូនិងរថយន្តមកឈប់នៅកណ្ដាលផ្លូវ ចូលទិញរបស់របរហូបចុកនៅចិញ្ចើមផ្លូវ ធ្វើឲ្យកក់ស្ទះចរាចរណ៍ដល់អ្នកធ្វើដំណើរ ប៉ុន្តែសមត្ថកិច្ចជំនាញមិនបានចាត់វិធានការនិងរៀបចំសណ្ដាប់ធ្នាប់ឲ្យបានត្រឹមត្រូវនោះឡើយ
ជាក់ស្ដែងនៅព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅតាមកំណាត់ផ្លូវមួយកន្លែង នៅត្រង់ចំណុចខាងក្រោយផ្សារបានលុង ស្ថិតក្នុងភូមិជ័យជំនះ សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី។

លោក ឌុច ហួរ ចៅសង្កាត់ឡាបានសៀក បានឲ្យដឹងតាមប្រព័ន្ធទូរស័ព្ទនៅព្រឹកថ្ងៃទី១៤វិច្ឆិកានេះ ថា រឿងបញ្ហាឈប់ឡាននេះច្រើនតែសមត្ថកិច្ចអ្នកចេះច្បាប់ ហើយពួកគាត់អាងជាសមត្ថកិច្ចទៀត ធ្វើឲ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈនិងសោភ័ណភាពក្នុងក្រុង ជាគំរូអាក្រក់មួយដល់ប្រជាពលរដ្ឋ។
លោកចៅសង្កាត់ បានបញ្ជាក់ទៀតថា បញ្ហាផ្លូវមួយកន្លែងនេះជាតួនាទីរបស់សមត្ថកិច្ចនគរបាលសណ្ដាប់ធ្នាប់នោះទេ ប៉ុន្តែយើងសង្កេតឃើញរាល់ថ្ងៃដូចជាមិនមានសមត្ថកិច្ចណាមកចុះរៀបចំសណ្តាប់ធ្នាប់នៅខាងក្រោយផ្សារនេះទេ ទុកឲ្យកក់ស្ទះចរាចរណ៍ចេញចូល ខ្លាចបង្កគ្រោះថ្នាក់ចរាចរណ៍ជាយថាហេតុណាមួយកើតឡើងដោយចៃដន្យ មកលើបងប្អូនប្រជាពលរដ្ឋដែលធ្វើដំណើរ ករណីនេះលោកចាំឲ្យកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ឡាបានសៀកចុះមកមើល។
សូមបញ្ជាក់ថា ផ្លូវមួយខ្សែនេះនៅខាងក្រោយផ្សារបានលុងជាជំងឺដ៏រ៉ាំរ៉ៃយូរលុងណាស់មកហើយ មិនមានសមត្ថកិច្ចជំនាញណាមើលឬរៀបចំសណ្តាប់ធ្នាប់ឲ្យបានត្រឹមត្រូវនោះទេ ទុកឲ្យរញ៉េរញ៉ៃកកស្ទះចរាចរណ៍ពេញតែដងផ្លូវជារៀងរាល់ថ្ងៃតែម្តង៕



