លោកវរសេនីយ៍ឯកជាន់ខ្ពស់ ជាំង ប៊ីន អ្នកនាំពាក្យក្រសួងការពារជាតិចិន បាននិយាយ នៅក្នុងសន្និសីទសារព័ត៌មានជាប្រចាំមួយថា ប្រទេសជប៉ុន នឹងប្រឈមមុខការវាយប្រហារយ៉ាងធ្ងន់ធ្ងរ ប្រសិនបើសម្រេចចិត្តប្រើប្រាស់កម្លាំងក្នុងស្ថានភាព ជុំវិញតៃវ៉ាន់។

លោក បានព្រមានជាការឆ្លើយតបទៅនឹងការកត់សម្គាល់របស់លោកស្រីនាយករដ្ឋមន្ត្រីជប៉ុន សាណាអេ តាកាអ៊ីឈី ថាវិបត្តិយោធាដែលអាចកើតមាននៅជិតកោះនេះអាចបង្ខំឱ្យទីក្រុងតូក្យូ ងាកទៅរកសិទ្ធិការពារខ្លួន។
វរសេនីយ៍ឯកជាន់ខ្ពស់រូបនេះ បានពិពណ៌នាអំពីបញ្ហាតៃវ៉ាន់ថាជាកិច្ចការផ្ទៃក្នុងរបស់ប្រទេសចិនទាំងស្រុង ដែលនឹងមិនអត់ឱនចំពោះការជ្រៀតជ្រែកពីបរទេសណាមួយឡើយ ខណៈដែលលោក ច្រានចោលអ្វីដែលលោកហៅថា វោហាសាស្ត្រខុសឆ្គងពីមេដឹកនាំជប៉ុនទាក់ទងនឹងតៃវ៉ាន់ថាជា «ការជ្រៀតជ្រែកយ៉ាងធ្ងន់ធ្ងរ»។

ក្នុងអំឡុងពេលនៃការជជែកដេញដោលនៅសភា កាលពីសប្តាហ៍មុន លោកស្រី តាកាអ៊ីឈ៊ី ថ្លែងថា វិបត្តិយោធាដែលអាចកើតមាននៅតៃវ៉ាន់ នឹងបង្កជា «ការគំរាមកំហែងដល់អត្ថិភាព» ដែលនឹងបង្ខំឱ្យជប៉ុនអនុវត្តសិទ្ធិការពារខ្លួនរួមគ្នា។
ការកត់សម្គាល់នេះ បានបង្កឱ្យមានប្រតិកម្មយ៉ាងខ្លាំងពីទីក្រុងប៉េកាំង ដែលចេញការព្រមានយ៉ាងធ្ងន់ធ្ងរដល់ទីក្រុងតូក្យូ។ លើសពីនេះ អគ្គកុងស៊ុលចិនប្រចាំទីក្រុងអូសាកា លោក Xue Jian បានគំរាមកំហែងថានឹងកាត់ក្បាលនាយករដ្ឋមន្ត្រីជប៉ុន ប៉ុន្តែការបង្ហោះនេះត្រូវបានលុបចោលវិញ៕

ដោយ៖ ពេជ្រ
