ការចុះផ្សាយរបស់ CNN បានឱ្យដឹងថា មន្ត្រីរដ្ឋបាលជាន់ខ្ពស់អាមេរិក មានគម្រោងជួបជាមួយលោកប្រធានាធិបតី ដូណាល់ ត្រាំ ដើម្បីបញ្ចុះបញ្ចូលលោក ពីការបន្តការសាកល្បងនុយក្លេអ៊ែរ។

យោងតាមប្រភពព័ត៌មាន រាយការណ៍ថា មានតែរដ្ឋមន្ត្រីក្រសួងថាមពល លោក Chris Wright, មេដឹកនាំរដ្ឋបាលសន្តិសុខនុយក្លេអ៊ែរជាតិលោក Brandon Williams និងមន្ត្រីមកពីមន្ទីរពិសោធន៍ជាតិអាមេរិក ប៉ុណ្ណោះដែលមិនចង់ឱ្យមានការសាកល្បងក្បាលគ្រាប់នុយក្លេអ៊ែរ ដូចដែលលោក ត្រាំ បានស្នើកាលពីខែមុន។
របាយការណ៍ បានកត់សម្គាល់ថា មន្ត្រីទាំងនោះព្យាយាមដឹកនាំសេតវិមាន ឆ្ពោះទៅរកផែនការមិនផ្ទុះអាវុធនុយក្លេអ៊ែរ។ លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានប្រកាសថា លោក ណែនាំឲ្យមន្ទីរបញ្ចកោណបន្តការសាកល្បងអាវុធនុយក្លេអ៊ែរជាបន្ទាន់។
ទោះជាយ៉ាងណាក៏ដោយ លោក ត្រាំ មិនបានបញ្ជាក់ថាតើលោកកំពុងនិយាយអំពីការបំផ្ទុះក្បាលគ្រាប់នុយក្លេអ៊ែរ ឬអត់នោះទេ។
ទន្ទឹមនោះ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio មិនបានបញ្ជាក់ឱ្យច្បាស់ថាតើសហរដ្ឋអាមេរិក មានបំណងបន្តការសាកល្បងនុយក្លេអ៊ែរទ្រង់ទ្រាយធំ ឬអត់នោះទេ៕

ដោយ៖ ពេជ្រ
