ក្រសួងការបរទេសចិនបង្ហាញថា ភាគីចិនរំពឹងយ៉ាងស្មោះស្មគ្រ័ថា ភាគីទាំងពីរកម្ពុជានិងថៃអាចរក្សាភាពអត់ធ្មត់ និងដើរស្របតាមទិសដៅតែមួយ

នៅក្នុងសន្និសីទសារព័ត៌មានជាប្រចាំកាលពីថ្ងៃទី១៣ខែវិច្ឆិកា មានអ្នកសារព័ត៌មានបានលើកសំណួរថា តាមការផ្សាយដំណឹងឱ្យដឹងថា នៅថ្ងៃទី១០ខែវិច្ឆិកា ទាហានថៃបានរងរបួសដោយសារជាន់មីននៅតំបន់ព្រំដែនកម្ពុជានិងថៃ ហើយថ្ងៃទី១១ គណៈកម្មាធិការសន្តិសុខជាតិថៃបានកោះធ្វើកិច្ចប្រជុំជាបន្ទាន់ ដោយប្រកាសផ្អាកការអនុវត្តសេចក្តីថ្លែងការណ៍រួមស្តីពីសន្តិភាពរវាងកម្ពុជានិងថៃ។ រសៀលថ្ងៃទី១២ ទាហានថៃបានបាញ់ប្រហារនៅភូមិព្រៃចាន់នៅតំបន់ខេត្តបន្ទាយមានជ័យកម្ពុជា ដែលបណ្តាលឱ្យជនស៊ីវិលកម្ពុជា ស្លាប់បាត់បង់ជីវិតនិងរងរបួស តើភាគីចិនមានការអធិប្បាយយ៉ាងណាចំពោះរឿងនេះ?

លោក Lin Jian អ្នកនាំពាក្យក្រសួងការបរទេសចិនបានថ្លែងថា ភាគីចិនបានកត់សម្គាល់ពីស្ថាការណ៍វិវត្តិថ្មីនិងបញ្ហាថ្មីមួយចំនួនដែលកើតឡើងក្នុងដំណើរការអនុវត្តសេចក្តីថ្លែងការណ៍រួមរវាងកម្ពុជានិងថៃ ក្នុងនាមជាមិត្តនិងជាប្រទេសជិតខាងរបស់ប្រទេសទាំងពីរកម្ពុជានិងថៃ ភាគីចិនរំពឹងយ៉ាងស្មោះស្ម័គ្រថា ភាគីទាំងពីរកម្ពុជានិងថៃអាចរក្សាភាពអត់ធ្មត់ និងដើរស្របតាមទិសដៅតែមួយ ប្រកាន់ខ្ជាប់នូវការពិគ្រោះពិភាក្សាដោយមេត្រីភាព ប្រើប្រាស់យន្តការទ្វេភាគីដែលមានស្រាប់ ដើម្បីស្វែងរកដំណោះស្រាយដែលភាគីទាំងពីរសុទ្ធតែអាចទទួលយកបាន  ជៀសវាកុំឱ្យស្ថានការណ៍ឡើងកម្តៅថែមទៀត។  ភាគីចិននឹងបន្តដើរតួនាទីដែលមានលក្ខណៈស្ថាបនាក្នុងការបន្ធូរបន្ថយភាពតានតឹងតាមរបៀបរបស់ខ្លួន៕

Written by 

Related posts

Leave a Comment