រដ្ឋមន្ត្រីការបរទេសវេណេស៊ុយអេឡា លោក Yvan Gil Pinto បាននិយាយថា រដ្ឋាភិបាលក្រុងការ៉ាកាស សូមថ្លែងអំណរគុណដល់ប្រទេសរុស្ស៊ី ចំពោះការគាំទ្ររបស់ខ្លួនចំពោះកិច្ចខិតខំប្រឹងប្រែងរបស់សាធារណរដ្ឋក្នុងការការពារអធិបតេយ្យភាព ហើយត្រៀមខ្លួនរួចជាស្រេចដើម្បីពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគី។

លោក Pinto បានលើកឡើងលើបណ្តាញ Telegram ថា ក្នុងនាមប្រធានាធិបតីវេណេស៊ុយអេឡា លោក Nicolas Maduro យើងសូមថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រចំពោះរដ្ឋាភិបាលរុស្ស៊ីចំពោះការគាំទ្រឥតឈប់ឈររបស់ខ្លួនចំពោះការការពារអធិបតេយ្យភាពរបស់យើង។ សព្វថ្ងៃនេះ រុស្ស៊ី និងវេណេស៊ុយអេឡា កំពុងពង្រឹងជំហរជាសម្ព័ន្ធមិត្តយុទ្ធសាស្ត្រ និងត្រៀមខ្លួនរួចជាស្រេចដើម្បីពង្រីកកិច្ចសហប្រតិបត្តិការនៅក្នុងវិស័យសំខាន់ៗនៃការអភិវឌ្ឍ និងវឌ្ឍនភាពទៅវិញទៅមក។
ទន្ទឹមនោះ អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី លោកស្រី Maria Zakharova បានប្រាប់សន្និសីទសារព័ត៌មានថា រុស្ស៊ីគាំទ្រ ថ្នាក់ដឹកនាំវេណេស៊ុយអេឡា ក្នុងកិច្ចខិតខំប្រឹងប្រែងការពារអធិបតេយ្យភាពជាតិ ដោយគិតគូរពីការវិវត្តនៃស្ថានភាពអន្តរជាតិ និងតំបន់។
យោងតាមលោកស្រី បានឱ្យដឹងថា រុស្ស៊ី រក្សាទំនាក់ទំនងជាមួយដៃគូវេណេស៊ុយអេឡា ហើយត្រៀមខ្លួនរួចជាស្រេច ដើម្បីឆ្លើយតបទៅនឹងសំណើក្នុងចំណោមការគំរាមកំហែងដែលមានស្រាប់ និងដែលអាចកើតមាន៕

ដោយ៖ ពេជ្រ
