អតីតប្រធានាធិបតីស៊ីរី លោក បាសា អាល់អាសាដ បាននិយាយថា លោក មិនដែលមានបំណងភៀសខ្លួនទៅកាន់ប្រទេសរុស្ស៊ីនោះទេ នៅក្នុងអ្វីដែលគេសន្មត់ថាជាសេចក្តីថ្លែងការណ៍ដំបូងរបស់លោក ចាប់តាំងពីការដួលរលំរដ្ឋាភិបាលទីក្រុង Damascus កាលពី ៨ ថ្ងៃមុន។
សេចក្តីថ្លែងការណ៍របស់លោកអាសាដ នេះត្រូវបានបង្ហោះលើបណ្តាញ Telegram ដែលជាកម្មសិទ្ធិរបស់ប្រធានាធិបតីស៊ីរី កាលពីថ្ងៃចន្ទ តែគេមិនដឹងថាលោក ជាអ្នកសរសេរ ឬយ៉ាងណា។
លោក បានបន្ថែមថា នៅពេលដែលរដ្ឋធានីស៊ីរីធ្លាក់ទៅពួកឧទ្ទាម លោក សម្រេចទៅមូលដ្ឋានយោធារុស្ស៊ីមួយនៅក្នុងខេត្ត Latakia ដើម្បីត្រួតពិនិត្យប្រតិបត្តិការប្រយុទ្ធផងដែរ។
លោក បន្តថា មូលដ្ឋានទ័ពអាកាស Hmeimim ក៏ស្ថិតនៅក្រោមការវាយប្រហារកាន់តែខ្លាំងដោយការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើកហើយរុស្ស៊ីបានសម្រេចចិត្តបញ្ជូនលោក តាមអាកាសទៅកាន់ទីក្រុងម៉ូស្គូ។
គួរបញ្ជាក់ថា រដ្ឋាភិបាលស៊ីរីក្រោមការដឹកនាំរបស់លោក អាសាដ បានដួលរលំ បន្ទាប់ពីកងឧទ្ទាមប្រឆាំង វាយលុកចូលដោយជោគជ័យ កាលពីពេលថ្មីៗនេះ៕
ដោយ៖ ពេជ្រ