មេដឹកនាំអ៊ុយក្រែន សម្ដែងការមិនពេញចិត្ត ចំពោះប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ ដែលលើកសរសើរប្រធានាធិបតីរុស្ស៊ី ក្នុងអំឡុងពេលកិច្ចប្រជុំកំពូលនៅរដ្ឋ Alaska កាលពីខែមុន ។

លោក ត្រាំ បានជួបជាមួយលោក ពូទីម កាលពីថ្ងៃទី ១៥ ខែសីហា ដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងដើម្បីសម្របសម្រួលកិច្ចព្រមព្រៀងសន្តិភាពរវាងទីក្រុងម៉ូស្គូ និងទីក្រុងគៀវ។ ទោះបីកិច្ចប្រជុំនេះមិនទទួលបានលទ្ធផលអ្វីក៏ដោយ ភាគីទាំង ២ អះអាងថាជាជំហានដ៏វិជ្ជមាន។
ជុំវិញកិច្ចប្រជុំនេះ លោក ហ្សេលេនស្គី បាននិយាយថា លោក សោកស្ដាយខ្លាំងណាស់ដែលមិនត្រូវបានអញ្ជើញឱ្យចូលរួម ។
ទន្ទឹមនោះ លោក ហ្សេលេនស្គី បានប្រកែកថា លោកពូទីន ប្រម៉ូតខ្លួនឯង ក្នុងកិច្ចប្រជុំជាមួយលោក ដូណាល់ ត្រាំ ឱ្យពិភពលោក បានឃើញប៉ុណ្ណោះ។

ជាមួយគ្នានោះ លោក បានអំពាវនាវឲ្យមានការបង្កើនសម្ពាធលើទីក្រុងមូស្គូ ដោយនិយាយថា វាមិនយុត្តិធម៌ទេ ដែលប្រទេសសហភាពអឺរ៉ុបមួយចំនួនបន្តទិញប្រេង និងឧស្ម័នពីរុស្ស៊ី។
ទោះជាយ៉ាងណា លោក ត្រាំ ធ្លាប់ប្រកាសរួចហើយថានឹងដាក់ទណ្ឌកម្មរុស្ស៊ី បើកិច្ចព្រមព្រៀងមួយចំនួនមិនសម្រេច ដូចអ្វីដែលចង់បាន។
គួរបញ្ជាក់ថា រុស្ស៊ី បានទាមទារឲ្យអ៊ុយក្រែនទទួលស្គាល់ព្រំដែនថ្មីរបស់ខ្លួន ហើយបោះបង់គម្រោងចូលជាសមាជិកណាតូ។ ទីក្រុងមូស្គូ ក៏បានអំពាវនាវឱ្យបញ្ចប់ការផ្ដល់សព្វាវុធពីលោកខាងលិចទៅកាន់ទីក្រុងគៀវ ដែលជាលក្ខខណ្ឌមួយសម្រាប់បទឈប់បាញ់ ផងដែរ៕

ដោយ៖ ពេជ្រ