អ្នកសារព័ត៌មានជាង ៦០នាក់ចុះផលិតព័ត៌មានផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍ និងវិនិយោគនៅខេត្តព្រះសីហនុ

អ្នកសារព័ត៌មានជាង៦០នាក់មកពីជាង៣០ស្ថាប័ន បានចេញដំណើរហើយនៅព្រឹកថ្ងៃអាទិត្យនេះឆ្ពោះទៅកាន់ខេត្តព្រះសីហនុដើម្បីផលិតនិងផ្សព្វផ្សាយព័ត៌មានទ្រង់ទ្រាយធំចេញពីទឹកដីខេត្តឆ្នេរសមុទ្រមួយនេះទៅកាន់តំបន់និងពិភពលោក។

បេសកកម្មរយៈពេល៤ថ្ងៃចាប់ពីថ្ងៃទី១៥ ដល់១៨ ខែធ្នូ ឆ្នាំ២០២៤ ដែលដឹកនាំដោយក្លិបអ្នកកាសែតកម្ពុជារំពឹងថាអត្ថបទសារព័ត៌មានរាប់រយចេញជា៥ភាសា៖ ខ្មែរ, បារាំង, វៀតណាម, ចិន និងអង់គ្លេស នឹងត្រូវបានផ្សព្វផ្សាយទាំងក្នុងនិងក្រៅប្រទេសដែលជាការរួមចំណែកដល់ការស្រូបយកអ្នកវិនិយោគជាតិនិងអន្តរជាតិ និងភ្ញៀវទេសចរបន្ថែមទៀតមកកាន់ខេត្តព្រះសីហនុ។
លោក ពុយ គា ប្រធានក្លិបអ្នកកាសែតកម្ពុជាបានថ្លែងថា “បេសកកម្មលើកនេះផ្តោតទៅលើវិស័យសេដ្ឋកិច្ច ទេសចរណ៍ ស្ថានភាពសន្តិសុខ តំបន់កសិឧស្សាហកម្ម តំបន់សេដ្ឋកិច្ចពិសេស ក៏ដូចជាការរកដំណោះស្រាយលើសំណង់អគារដែលជាប់គាំង”។

លោកបានបញ្ជាក់ថា នេះជាបេសកកម្មលើកទី៦របស់ ក.អ.ក បន្ទាប់ពីបេសកកម្មដ៏មានសារសំខាន់បែបនេះត្រូវបានធ្វើទ្បើងជាបន្តបន្ទាប់ទៅតាមខេត្តនានារួមទាំងខេត្កកែប សៀមរាប និងខេត្តពោធិ៍សាត់។ 
លោកបន្តថា ក.អ.ក នឹងព្យាយាមរៀបចំបេសកកម្មសារព័ត៌មានបែបនេះជាបន្តបន្ទាប់ទៅកាន់ទីកន្លែងផ្សេងៗជាច្រើនទៀត ហើយរំពឹងថា ទាំងស្ថាប័នរដ្ឋ និងវិស័យឯកជននឹងបន្តគាំទ្រដល់បេសកកម្មរបស់ ក.អ.ក ដើម្បីជាប្រយោជន៍ដល់សង្គម និងប្រជាជាតិយើង៕

Written by 

Related posts

Leave a Comment