សន្និសីទពេញអង្គលើកទី៤នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនអាណត្តិទី២០បានបើកធ្វើនៅទីក្រុងប៉េកាំងចាប់ពីថ្ងៃទី២០ដល់ថ្ងៃទី២៣ខែតុលាដែលរៀបចំដោយការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន។ លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនបានថ្លែងសុន្ទរកថាគន្លឹះ។
សន្និសីទពេញអង្គបានស្តាប់និងពិគ្រោះពិភាក្សាលើរបាយការណ៍ការងារនៃការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនដែលថ្លែងដោយលោក Xi Jinping ព្រមទាំងពិនិត្យពិភាក្សានិងអនុម័តលើ«សំណើរបស់មជ្ឈិមបក្សកុម្មុយនីស្តចិនស្តីពីការតាក់តែងផែនការ ៥ឆ្នាំ ទី១៥ សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមជាតិចិន »។ លោក Xi Jinpingបានបកស្រាយអំពីសេចក្តីព្រាងនៃសំណើក្នុងអង្គសន្និសីទ។
សន្និសីទពេញអង្គបានវាយតម្លៃខ្ពស់យ៉ាងខ្លាំងចំពោះសមិទ្ធផលដ៏សំខាន់ដែលទទួលបានក្នុងការអភិវឌ្ឍប្រទេសចិនក្នុង អំឡុងពេលផែនការ ៥ឆ្នាំ ទី១៤” ។ សន្និសីទពេញអង្គបានគូសបញ្ជាក់ថា ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមក្នុងដំណាក់កាល“ផែនការ ៥ឆ្នាំ ទី១៥”ត្រូវប្រកាន់ខ្ជាប់នូវគោលការណ៍ដូចខាងក្រោម៖ ប្រកាន់ខ្ជាប់នូវការដឹកនាំទាំងស្រុងរបស់បក្ស ប្រកាន់ខ្ជាប់នូវការតម្កល់ទុកប្រជាជនជាអាទិភាព ប្រកាន់ខ្ជាប់នូវការអភិវឌ្ឍ ប្រកបដោយគុណភាពខ្ពស់ ប្រកាន់ខ្ជាប់នូវការកែទម្រង់ឱ្យស៊ីជម្រៅដោយគ្រប់ជ្រុងជ្រោយ ប្រកាន់ខ្ជាប់នូវការគ្លបផ្សំគ្នារវាងទីផ្សារប្រកបដោយប្រសិទ្ធភាពជាមួយរដ្ឋាភិបាលប្រកបដោយសមត្ថភាព និងប្រកាន់ខ្ជាប់នូវការគ្រោងផែនការទូទៅសម្រាប់ការអភិវឌ្ឍ និងសន្តិសុខ។
សន្និសីទពេញអង្គបានកំណត់គោលដៅសំខាន់សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមក្នុងអំឡុងពេល “ផែនការ ៥ឆ្នាំ ទី១៥”៖ការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ សម្រេចបានសមិទ្ធផលដ៏លេចធ្លោ ការពឹងផ្អែកលើខ្លួនឯងខាងការអភិវឌ្ឍវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាត្រូវបានលើកកម្ពស់យ៉ាងខ្លាំង ការធ្វើកំណែទម្រង់ឱ្យស៊ីជម្រៅដោយគ្រប់ជ្រុងជ្រោយទទួលបានសមិទ្ធផលថ្មី កម្រិតអរិយធម៌សង្គមទទួលបានការលើកកម្ពស់យ៉ាងលេចធ្លោ គុណភាពនៃជីវិតរស់នៅរបស់ប្រជាជនត្រូវបានលើកកម្ពស់ជាបន្តបន្ទាប់ ការកសាងប្រទេសចិនដ៏ស្រស់ស្អាតទទួលបានការរីកចម្រើនដ៏សំខាន់ របាំងសន្តិសុខជាតិត្រូវបានពង្រឹងបន្ថែមទៀត ។ រដ្ឋាភិបាលចិននឹងបន្តខិតខំប្រឹងប្រែងរយៈពេលប្រាំឆ្នាំទៀតផ្អែកលើមូលដ្ឋានទាំងនេះ ហើយនៅឆ្នាំ ២០៣៥ ប្រទេសចិននឹងសម្រេចបាននូវលើកកម្ពស់គួរឱ្យកត់សម្គាល់ទាំងផ្នែកសេដ្ឋកិច្ច ផ្នែកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា កម្លាំងការពារជាតិ កម្លាំងជាតិចម្រុះ និងឥទ្ធិពលអន្តរជាតិ ហើយផលិតផលក្នុងស្រុកសរុប ក្នុងមនុស្សម្នាក់ៗរបស់ចិននឹងឈានដល់កម្រិតនៃប្រទេសអភិវឌ្ឍន៍កម្រិតមធ្យម ជីវភាពរបស់ប្រជាជននឹងកាន់តែប្រកបដោយសុភមង្គល និងល្អប្រសើរ ហើយការធ្វើទំនើបកម្មសង្គមនិយមនឹងសម្រេចបានជាមូលដ្ឋាន៕

