នាយករដ្ឋមន្ត្រីប៉ូឡូញ លោក Donald Tusk បាននិយាយថា ប្រទេសប៉ូឡូញ នឹងបិទព្រំដែនទាំងស្រុងជាមួយប្រទេសបេឡារុស ចាប់ពីពាក់កណ្តាលអធ្រាត្រថ្ងៃព្រហស្បតិ៍។

លោក Tusk បានលើកឡើង នៅមុនកិច្ចប្រជុំរដ្ឋាភិបាលកាលពីថ្ងៃអង្គារថា សម្រាប់ហេតុផលសន្តិសុខជាតិ យើងនឹងបិទព្រំដែនជាមួយប្រទេសបេឡារុស រួមទាំងផ្លូវដែកឆ្លងកាត់ នៅថ្ងៃព្រហស្បតិ៍ពាក់កណ្តាលអធ្រាត្រ។
យោងតាមទីភ្នាក់ងារសារព័ត៌មានប៉ូឡូញ បានឱ្យដឹងថា ការបិទនេះនឹងអនុវត្តចំពោះផ្លូវឆ្លងកាត់ទាំងអស់ ជាពិសេសផ្លូវដែកតែម្ដង។
ទន្ទឹមនោះ ជាការឆ្លើយតប បេឡារុស្ស បានតវ៉ាចំពោះការសម្រេចចិត្តរបស់ប៉ូឡូញ ខណៈនីតិវិធីបន្តយ៉ាងណា នៅមិនទាន់លម្អិតនៅឡើយនោះទេ។
ភាគីបេឡារុស្ស បានកោះហៅភារធារីប៉ូឡូញ លោក Krzysztof Ozanna ប្រចាំទីក្រុង Minsk ដើម្បីតវ៉ា។
ដោយឡែក ក្រសួងការបរទេសបេឡារុស្ស ក៏បានបញ្ជាក់ថា វិធានការឯកតោភាគីរបស់ប៉ូឡូញនេះ ត្រូវបានគេរំពឹងថានឹងប៉ះពាល់ដល់ព្រំដែនសហភាពអឺរ៉ុប និងបេឡារុស្សទាំងមូល ដោយរំខានដល់ចលនាប្រជាជន និងទំនិញ៕

ដោយ៖ ពេជ្រ