ខេត្តរតនគិរី÷ មនុស្សបីនាក់បានរងរបួសធ្ងន់,ស្រាល ខណៈម៉ូតូពីរគ្រឿងបុកគ្នាយ៉ាងពេញទំហឹងបើកបរក្នុងទិសដៅស្របទិសគ្នាពីកើតមកលិច។

ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១៧និង២០នាទីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៥ នៅត្រង់ចំណុចមុខស្ថានីយប្រេងឥន្ធនៈ ម៉ាក់ ស៊ូអ៉ី ស្ថិតក្នុងភូមិ៤ សង្កាត់កាចាញ ក្រុងបានលុង ខេត្តរតនគិរី។
តាមប្រភពពីកន្លែងកើតហេតុបាននិយាយថា នៅមុនពេលកើតហេតុ គេបានឃើញម៉ូតូពីរគ្រឿងបើកបរក្នុងទិសដៅស្របទិសគ្នា ក្នុងនោះម៉ូតូបុគ្គលិកធនាគារបើកបរនៅពីខាងមុខបម្រុងនិងឆ្លងផ្លូវស្រាប់តែម៉ូតូ១គ្រឿងទៀតមកពីខាងក្រោយបើកក្នុងល្បឿនលឿន ក៏បុកយ៉ាងពេញទំហឹង បណ្តាលឲ្យមនុស្សបីនាក់ដេកដួលពេញផ្លូវ ខណៈបើកបរដោយខ្វះការប្រុងប្រយ័ត្នជាមុន។
លោក ម៉ា សំអាត នាយការិយាល័យនគរបាលចរាចរណ៍ខេត្តបានឲ្យដឹងថា ម៉ូតូ១គ្រឿងម៉ាក Honda Dream ស៊េរីឆ្នាំ2020 ពណ៌ ខ្មៅ ពាក់ស្លាកលេខ កំពង់ចាម 1Y-8649 ធ្វើដំណើរក្នុងទិសដៅពីកើតមកលិច បើកបរដោយឈ្មោះ ថា កញ្ញា ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរមន្ត្រីធនាគារ មានទីលំនៅនៅភូមិបន្ទាត់ ឃុំសេដា ស្រុកលំផាត់ ខេត្តរតនគិរី ពាក់មួកសុវត្ថិភាព រងរបួសធ្ងន់ ត្រង់ស្មាខាងឆ្វេង។

អ្នករួមដំណើរឈ្មោះ ជិន ប៉េងឃាង ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរបុគ្គលិកធនាគារ មានទីលំនៅនៅភូមិ អភិវឌ្ឍន៍ សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី ពាក់មួកសុវត្ថិភាព របួសស្រាល។
លោកបានបញ្ជាក់ទៀតថា មម៉ូតូ១គ្រឿងទៀតម៉ាកអ៉ិចសិនធឺរ ពណ៌ខៀវ គ្មានស្លាកលេខ បេីកបរឈ្មោះ គុណ រស្មី ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករ មានទីលំនៅភូមិ១ សង្កាត់កាចាញ ក្រុងបានលុង ខេត្តរតនគិរី ពុំមានពាក់មួកសុវត្ថិភាព រងរបួសធ្ងន់(សន្លប់ឈឹង។
ក្រោយកើតហេតុនគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់កាចាញនិងនគរបាលចរាចរណ៍ខេត្តចុះមកធ្វើការអន្តរាគមន៍ទំនាក់ទំនងទៅរថយន្តសង្គ្រោះបន្ទាន់នៃស្នងការនគរបាលខេត្ត ដឹកអ្នករបួសទៅព្យាបាលនៅមន្ទីរទេព្យបង្អែកខេត្តរតនគិរី។
បច្ចុប្បន្ន មធ្យោបាយទាំងពីរគ្រឿង ត្រូវបានមន្ត្រីនគរបាលជំនាញចរាចរណ៍រឹបអូសយកមករក្សាទុកបណ្ដោះអាសន្ននៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកខេត្ត ដើម្បីរងចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយ៕


