ក្រុមអ្នកចរចារបស់ហាម៉ាស បានរួចរស់ជីវិតពីការវាយប្រហាររបស់អ៊ីស្រាអែល កាលពីម្សិលមិញក្នុងប្រទេសកាតា ព្រោះតែចារកម្មទួរគី ជូនដំណឹងដល់គណៈប្រតិភូអំពីការវាយប្រហារដែលអាចកើតមានជាមុន។

យោងតាមកាសែតទួរគី បានឱ្យដឹងថា អង្គភាពពិសេសនៃអង្គការចារកម្មជាតិរបស់ប្រទេសទួរគី បានតាមដានសកម្មភាពយន្តហោះចម្បាំងរបស់អ៊ីស្រាអែលពេញមួយថ្ងៃមុនការវាយប្រហារកើតឡើង។
បើតាមចារកម្ម បានបញ្ជាក់ថា កងទ័ពអាកាសអ៊ីស្រាអែល ផ្ដើមវាយប្រហារកងនាវាមនុស្សធម៌នៅទុយនីស៊ី បន្ទាប់មកធ្វើការវាយប្រហារលើគោលដៅនៅ Latakia និង Tartus ក្នុងប្រទេសស៊ីរី ក៏ដូចជាកន្លែងនៅលីបង់ ហើយគោលដៅបន្ទាប់ចុងក្រោយសន្មត់ថាមន្ត្រីហាម៉ាស នៅដូហាតែម្ដង។
មន្ត្រីស៊ើបការណ៍របស់ប្រទេសទួរគី បានជូនដំណឹងដល់អ្នកចរចារបស់ហាម៉ាសអំពីហានិភ័យ ដែលនាំទៅដល់ការបង្កើនវិធានការសន្តិសុខសម្រាប់គណៈប្រតិភូប៉ាឡេស្ទីននៅទីក្រុងដូហា។ ដូច្នេះ កាសែតរាយការណ៍ថា ការស្លាប់របស់មន្ត្រីជាន់ខ្ពស់ហាម៉ាសភាគច្រើន គឺមិនអាចសន្មត់ថាពិតទាំងស្រុងទេ៕

ដោយ៖ ពេជ្រ