ការចរចារដ៏ស្វិតស្វាញនៅតែបន្តនៅក្នុងសន្និសិទស្តីពីការប្រែប្រួលអាកាសធាតុរបស់អង្គការសហប្រជាជាតិ(COP29) ក្នុងប្រទេស Azerbaijan ជុំវិញការផ្តល់មូលនិធិដល់ប្រទេសកំពុងអភិវឌ្ឍន៍ដែលកំពុងដោះស្រាយការប្រែប្រួលអាកាសធាតុ។ ប្រទេសមួយចំនួនបានសម្តែងការព្រួយបារម្ភថាការផ្តល់ហិរញ្ញប្បទានអាកាសធាតុនឹងធ្វើឱ្យបន្ទុកបំណុលរបស់ពួកគេកាន់តែធ្ងន់ធ្ងរឡើង។
អ្នកចរចានៅឯសន្និសីទ COP29 នៅទីក្រុងបាគូកំពុងធ្វើការដើម្បីកំណត់គោលដៅផ្តល់មូលនិធិថ្មីដើម្បីគាំទ្រដល់ប្រទេសកំពុងអភិវឌ្ឍន៍ ខណដែល មធ្យោបាយរៃអង្គាសប្រាក់ក៏ស្ថិតក្នុងចំណោមប្រធានបទស្នូលក្នុងសន្និសីទនេះផងដែរ។
ប្រទេសជឿនលឿនកំពុងអំពាវនាវឱ្យមានការចូលរួមចំណែកពីប្រទេសដែលមានសេដ្ឋកិច្ចកំពុងរីកចម្រើន ស្ថាប័នហិរញ្ញវត្ថុអន្តរជាតិ និងវិស័យឯកជន ដើម្បីពង្រីកប្រភពមូលនិធិ។ ចំណែកប្រទេសកំពុងអភិវឌ្ឍន៍កំពុងសម្តែងការព្រួយបារម្ភអំពីការកើនឡើងនៃថ្លៃសេវាបំណុល ដោយសារការកើនឡើងនៃប្រាក់កម្ចី។
រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងការអភិវឌ្ឍប្រកបដោយចីរភាពរបស់ប្រទេសកូឡុំប៊ី លោកស្រី Susana Muhamad បាននិយាយថា យើងមិនអាចយកបំណុលបន្ថែមទៀតបានទេ។
ប្រធាន Palau លោក Surangel Whipps Jr. បានអំពាវនាវឱ្យហិរញ្ញវត្ថុអាកាសធាតុមានភាពងាយស្រួល និងគ្រប់គ្រាន់ដើម្បីបំពេញតាមតម្រូវការ ការបន្សាំ ការបន្ធូរបន្ថយ និងការបាត់បង់ និងការខូចខាត។
អ្នកដឹកនាំការចរចារបស់ Azerbaijan Yalchin Rafiyev បាននិយាយកាលពីថ្ងៃអង្គារថាអ្នកចរចាកំពុង ធ្វើការឆ្ពោះទៅរកការផលិតឡើងវិញនូវអត្ថបទព្រាងពេញលេញ នៅល្ងាចថ្ងៃពុធ៕
ដោយ៖ ពេជ្រ