​សិស្សសាលាអនុវិទ្យាល័យត្រពាំងក្រហមម្នាក់បានស្លាប់ខណ:ជិះម៉ូតូទៅប្រឡងឌីប្លូមក៏ជួបគ្រោះថ្នាក់ចរាចរណ៍

ខេត្តរតនគិរី÷ ករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាងរថយន្តនិងម៉ូតូ បណ្ដាលឲ្យយុវជនជាសិស្សសាលាម្នាក់បានស្លាប់ភ្លាមៗនៅនិងកន្លែងកើតហេតុ បើកបរនៅក្នុងទិសដៅបញ្ច្រាសគ្នាពីលិចទៅកើត។

ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៥និង៤៥នាទីព្រឹកថ្ងៃទី១៤ ខែ​កក្កដា ឆ្នាំ២០២៥ នៅតាមបណ្ដោយផ្លូវជាតិលេខ៧៨ ចន្លោះបង្គោលគីឡូម៉ែត្រលេខ៨៨-៨៩ នៅត្រង់ចំណុចមុខផ្ទះឈ្មោះ​ ហ៊ួន​ ពិសិដ្ឋ​ ស្ថិតក្នុងភូមិ១​ ឃុំត្រពាំងច្រេស​ ស្រុកកូនមុំ​ ខេត្តរតនគិរី។

លោក ម៉ៅ ភារម្យ នាយរងការិយាល័យចរាចរណ៍ផ្លូវគោកបានឲ្យដឹងថា ម៉ូតូ១គ្រឿងម៉ាកហុងដាឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1LD-5141បើកបរពីកេីតទៅលិច មានឈ្មោះ អាត​ ប៊ុនណារិទ្ធ​ ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ ជាសិស្សសាលា មានទីលំនៅភូមិ២​ ឃុំត្រពាំងច្រេស ស្រុកកូនមុំ ខេត្តរតនគិរី(ពាក់មួកសុវត្ថិភាព) ហើយបានស្លាប់នៅនិងកន្លែងកើតហេតុ។

រីឯរថយន្ត១គ្រឿងម៉ាក សាំយ៉ុង​ ពណ៌ស ពាក់ស្លាកលេខភ្នំពេញ​ 2AL-4064 បើកបរពីលិចទៅកេីត បន្ទាប់ពីជួបគ្រោះថ្នាក់ចរាចរណ៍អ្នកបើកបរបានដាក់មេប្រូចបាត់ស្រមោល មិនទាន់ស្គាល់អត្តសញ្ញាណ ហើយបន្សល់​ទុក​រថយន្តនៅនិងកន្លែងកេីតហេតុ។

ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកធ្វើការអន្តរាគមន៍ ទំនាក់ទំនងទៅសាច់ញាតិនៃសព ដើម្បីធ្វើកំណត់ហេតុប្រគល់ទៅឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យទៅតាមប្រពៃណី។

បច្ចុប្បន្នមធ្យោបាយទាំងពីរគ្រឿង សមត្ថកិច្ចជំនាញបានរឹបអូសយកមករក្សាទុកជាបណ្ដោះអាសន្ន នៅអធិការនគរបាលស្រុកកូនមុំ ដើម្បីបង្កសំណុំរឿងបញ្ជូនទៅតុលាការចាត់ការទៅតាមនីតិវិធីច្បាប់។

សូមបញ្ជាក់ថា យុវជនជាសិស្សសាលាដែលបានជួបគ្រោះថ្នាក់ចរាចរណ៍បានបាត់បង់អាយុជីវិតខាងលើនេះ បានទៅប្រឡងឌីប្លូននៅមណ្ឌលអនុវិទ្យាល័យត្រពាំងក្រហម ក៏បានជួបហេតុការណ៍អកុសលបែបនេះទៅ។ដោយគ្រួសារយុវជនជាសិស្សសាលានេះមានជីវភាពក្រខ្សត់ផងដែរ៕

Written by 

Related posts

Leave a Comment