រដ្ឋបាលខេត្តរៀបចំពិធីដាំកូនឈើចម្រុះប្រមាណ២០០ដើម នៅអតីតដីព្រលានយន្តហោះចាស់ ” រុក្ខទិវា ” ៩កក្កដា ២០២៥

ខេត្តរតនគិរី៖ ពិធីបុណ្យ រុក្ខទិវា ៩កក្កដា ឆ្នាំនេះ ត្រូវបានរដ្ឋបាលព្រៃឈើ នៃមន្ទីរកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទខេត្តរតនគិរី បានប្រារព្ធធ្វើឡើងនៅបរិវេណ អតីតដីព្រលានយន្តហោះចាស់ ស្ថិតក្នុងភូមិ៧មករា សង្កាត់ ឡាបានសៀក ក្រុងបានលុង នាព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥។

លោក សយ សូណា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តរតនគិរី បានលើកឡើងថា ពិធីបុណ្យ រុក្ខទិវា ៩កក្កដា ឆ្នាំ២០២៥នេះ កូនឈើចម្រុះជាច្រើនប្រភេទ ប្រមាណ២០០ដើម ក្នុងនោះមានកូនឈើគ្រញូង ឈើក្ងោក ឈើបេង ឈើធ្នង់ព្រីង និងឈើទឹកដោះ ត្រូវបាននាំយកមកដាំក្នុងថ្ងៃនេះ។

លោកថា កន្លងមកក្នុងដើមរដូវវស្សានេះ ខណ្ឌរដ្ឋបាលព្រៃឈើបានចែកកូនឈើដល់ប្រជាពលរដ្ឋ សាលារៀន សាលាស្រុក សាលាឃុំ ដាំមុនសរុបជិត១.០០០ដើមផងដែរ។       ហើយឆ្នាំនេះ រដ្ឋបាលខេត្តបាន កំណត់យកទីតាំងវិមានឯករាជ្យអតីតព្រលានយន្តហោះដើម្បីរៀបចំពិធី “រុក្ខទិវា” ដាំដើមឈើនាព្រឹកនេះ មានលក្ខណៈជាប្រពៃណីជាតិដើម្បី ឲ្យអាជ្ញាធរ ក្រុង,ស្រុក ឲ្យបំផុសចលនា ប្រជាពលរដ្ឋចូលរួមដាំដើមឈើនៅតាមវត្តអារាម សាលារៀន និងទីសាធារណៈ ពិសេសនៅបរិវេណ សាលាស្រុក សាលាឃុំ ដែលមានទីធ្លាធំទូលាយ ការដាំឈើជានិច្ចកាល លោកអភិបាលខេត្តតែងតែយកចិត្តទុកដាក់ណែនាំដាំឈើ ដើម្បីសោភ័ណភាពខេត្ត និងរក្សាបាន បរិស្ថាន បៃតងជានិច្ច និងបាន ជាផលប្រយោជន៍ បង្កើនគម្របព្រៃតំបន់ទេសភាពពណ៌បៃតង និងស្តារបរិស្ថានធនធានធម្មជាតិ មានបរិយាកាសល្អ សម្រាប់ជីវិតសត្វនិងមនុស្ស។

ថ្លែងក្នុងឱកាសនេះ លោក ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី បានចាត់ទុក រុក្ខទិវា គឺជាទិវាពលកម្មដាំដើមឈើជាប្រពៃណីជាតិនិងជាការអនុវត្តន៍នូវ ចក្ខុវិស័យរយៈពេលវែងរបស់រាជរដ្ឋាភិបាលនៅក្នុងកិច្ចការពារធនធានធម្មជាតិ ជាពិសេសក្នុងគោល ដៅគាំទ្រដល់សកម្មភាពថែរក្សាការពារព្រៃឈើ សត្វព្រៃ និងដាំដើមឈើគ្រប់ប្រភេទឡើងវិញពីព្រោះថា ព្រៃឈើមានតម្លៃជាពហុប្រយោជន៍ទាំងផ្នែកវប្បធម៌ សេដ្ឋកិច្ច និងសង្គម ហើយព្រៃឈើក៏មានតម្លៃយ៉ាងធំធេងសម្រាប់មនុស្សជាតិ ជាសរសៃឈាមក្នុងវិស័យកសិកម្ម ទេសចរណ៍ ជាអាយុជីវិតរបស់ ប្រជាកសិករ និងជាប្រភពនៃកំណើនសេដ្ឋកិច្ចជាតិ។ដូច្នេះយើងត្រូវតែរួមគ្នាថែរក្សា ការពារព្រៃឈើ សត្វព្រៃនិងដាំដើមឈើឲ្យបានគ្រប់ៗគ្នានិងគ្រប់ទីកន្លែង។

លោកអភិបាលខេត្ត បានបញ្ជាក់ថា ពិធីអបអរសាទរបុណ្យរុក្ខទិវា មានអត្ថន័យនិងសារៈសំខាន់ដ៏ជ្រាលជ្រៅបំផុតសម្រាប់បំផុសស្មារតីប្រជាពលរដ្ឋ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ទាំងអស់ឲ្យចូលរួមដាំដុះព្រៃឈើនិងថែរក្សាការពារព្រៃឈើ សត្វព្រៃឲ្យបានគង់វង្ស ហើយលើសពីនេះអភិវឌ្ឍន៍ធនធានទាំងនេះ ឲ្យកាន់តែសំបូរឡើងថែមទៀត សម្រាប់ជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិដើម្បីរួមចំណែកកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា។

តាមរយៈបុណ្យរុក្ខទិវា ៩កក្កដា ឆ្នាំ២០២៥នេះ លោកអភិបាលខេត្តសង្ឃឹមជឿជាក់ថា ព្រះថេរានុថេរៈ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ លោកគ្រូ អ្នកគ្រូ បងប្អូនប្រជាពលរដ្ឋ និងក្មួយៗទាំងអស់ និងយកព្រះទ័យ និងយកចិត្តទុកដាក់ដាំ ដើមឈើគ្រប់ប្រភេទឲ្យ បានច្រើនជាអតិបរមានៅតាមវត្តអារាម តាមភូមិដ្ឋានទីសាធារណៈ សាលារៀន មន្ទីរពេទ្យ ប្រព័ន្ធទំនប់ប្រឡាយ និងតាមដងផ្លូវនានា ហើយខិតខំថែរក្សាដើមឈើទាំងអស់នេះឲ្យ ដុះលូតលាស់ល្អឡើង រាប់ជំនាន់ក្រោយៗទៀត ជាផលប្រយោជន៍ដល់ខ្លួនឯងផ្ទាល់ ក៏ដូចជាសម្រាប់មនុស្សជាតិលើពិភពលោក៕

Written by 

Related posts

Leave a Comment