ត្រាំ អស់ការអត់ធ្មត់ជាមួយ ពូទីន ហើយឲ្យបញ្ចប់សង្គ្រាមត្រឹម ៥០ថ្ងៃ បើមិនសម្រេចនឹងដឹងគ្នា

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសថា សហរដ្ឋអាមេរិក នឹងបញ្ជូនអាវុធកំពូលៗ ទៅកាន់ប្រទេសអ៊ុយក្រែន តាមរយៈបណ្តាប្រទេសណាតូ ហើយគំរាមរុស្ស៊ី ជាមួយនឹងពន្ធដ៏ធ្ងន់ធ្ងរ ប្រសិនបើកិច្ចព្រមព្រៀងបញ្ចប់សង្គ្រាមមិនសម្រេចក្នុងរយៈពេល ៥០ ថ្ងៃ នោះទេ។

លោក ត្រាំ បាននិយាយ បន្ទាប់ពីកិច្ចប្រជុំជាមួយប្រធានអង្គការណាតូលោក Mark Rutte នៅវ៉ាស៊ីនតោនថា យើងចង់ធ្វើឱ្យប្រាកដថាអ៊ុយក្រែន អាចប្រើប្រាស់អាវុធ និងធ្វើអ្វីដែលខ្លួនចង់ធ្វើ។

ទន្ទឹមនោះ លោក Rutte បាន​បញ្ជាក់​ថា អាមេរិក​ ​សម្រេច​ចិត្តផ្គត់ផ្គង់​អ៊ុយក្រែន​យ៉ាង​ច្រើន​នូវ​អ្វី​ដែល​ចាំបាច់​តាម​រយៈ​ណាតូ ។

លោក ត្រាំ បានកត់សម្គាល់ថា អាមេរិក នឹងបញ្ជូនប្រព័ន្ធការពារដែនអាកាស Patriot ទៅកាន់ទីក្រុងគៀវ ដើម្បីទប់ទល់ការវាយប្រហារតាមអាកាសដ៏សាហាវរបស់រុស្ស៊ី ។

ទោះជាយ៉ាងណា ទាំងលោក Rutte និងលោក ត្រាំ មិនបានបញ្ជាក់លម្អិតអំពីចំនួនសព្វាវុធដែលនឹងត្រូវបញ្ជូនទៅទីក្រុងគៀវនោះទេ។ ប៉ុន្តែលោក Rutte បាននិយាយថា កិច្ចព្រមព្រៀងនេះនឹងមានមីស៊ីល ប្រព័ន្ធការពារដែនអាកាស និងគ្រាប់រំសេវ ។

គួរបញ្ជាក់ថា លោក ត្រាំ ចាប់ផ្ដើមមិនសប្បាយចិត្តនឹងលោក ពូទីន បន្ទាប់ពីការបដិសេធ ជុំវិញកិច្ចខិតខំប្រឹងប្រែងរបស់លោក ក្នុងការស្វែងរកសន្តិភាពនៅអ៊ុយក្រែន កន្លងមក៕

ដោយ៖ ពេជ្រ           

Written by 

Related posts

Leave a Comment