កាលពីម្សិលមិញ ប្រតិភូ គ្រូបង្វឹក និងកីឡាករ កីឡាការិនីកីឡាជឺជីតស៊ូកម្ពុជាចំនួន២១រូបបានចាកចេញពីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ដើម្បីឆ្ពោះទៅកាន់រដ្ឋធានីម៉ានីល ប្រទេសហ្វីលីពីន ដើម្បីចូលរួមការប្រកួតព្រឹត្តិការណ៍កម្រិតតំបន់អាស៊ីអាគ្នេយ៍ JJAU South East Asian Regional Championships 2025 ដែលប្រព្រឹត្តទៅនៅថ្ងៃទី១២ដល់ថ្ងៃទី១៣ ខែកក្កដា។
ឯកឧត្ដម ថោង បញ្ញាធន អគ្គលេខាធិការសហព័ន្ធកីឡាជឺជីតស៊ូកម្ពុជាមានប្រសាសន៍ថា នេះជាលើកទី២ហើយដែលសហព័ន្ធកីឡាជឺជីតស៊ូអាស៊ីអាគ្នេយ៍រៀបចំការប្រកួតកម្រិតតំបន់នេះឡើង ដោយលើកទី១ កាលឆ្នាំទៅមិញបានប្រព្រឹត្តទៅនៅកោះបាលី ប្រទេសឥណ្ឌូនេស៊ី។ សម្រាប់កម្ពុជាឆ្នាំនេះបានបញ្ជូនកីឡាករ កីឡាការិនីចំនួន១៨រូប ដែលនេះត្រូវបានចាត់ទុកជាចំនួនដ៏ច្រើនបំផុត និងច្រើនជាងការចូលរួមព្រឹត្តិការណ៍ជឺជីតស៊ូកម្រិតអាស៊ី និងពិភពលោកនាពេលកន្លងមកទៅទៀត៕
