មេដឹកនាំ​អឺរ៉ុប​សម្រេច​បង្កើន​ទណ្ឌកម្ម​លើ​រុស្ស៊ី​សម្រាប់​ការ​គាំទ្រ​អ៊ុយក្រែន

មេដឹកនាំអឺរ៉ុបបានបញ្ជាក់ថា ពួកគេនឹងបង្កើនការដាក់ទណ្ឌកម្មលើរុស្ស៊ី និងបន្តគាំទ្រអ៊ុយក្រែន ខណការបង្កើនទណ្ឌកម្មនោះនឹងរៀបចំនៅក្នុងកិច្ចប្រជុំកំពូលនៃសហគមន៍នយោបាយអឺរ៉ុប។

កិច្ច​ប្រជុំខាងលើ​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​កាល​ពី​ថ្ងៃ​សុក្រ​ក្នុង​រដ្ឋធានី Tirana របស់​ប្រទេស​អាល់បានី។ កិច្ចប្រជុំ EPC ត្រូវបានបង្កើតឡើងដោយសមាជិកសហភាពអឺរ៉ុប និងប្រទេសជិតខាងរបស់ពួកគេ បន្ទាប់ពីការលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែន។

មេដឹកនាំជាង ៤០ រួមទាំងប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy បានចូលរួមក្នុងកិច្ចប្រជុំនោះ។ កិច្ចប្រជុំកំពូលនេះ បានធ្វើឡើងចំពេលដែលកិច្ចចរចាផ្ទាល់កម្រិតខ្ពស់ស្តីពីបទឈប់បាញ់ត្រូវបានធ្វើឡើងរវាងរុស្ស៊ី និងអ៊ុយក្រែនក្នុងប្រទេសទួរគី។

នៅក្នុងកិច្ចប្រជុំនោះ លោក Zelenskyy បានអំពាវនាវឱ្យប្រទេសនានាបង្កើនសម្ពាធលើប្រទេសរុស្ស៊ី ប្រសិនបើទីក្រុងម៉ូស្គូមិនទទួលយកបទឈប់បាញ់ពេញលេញ និងគ្មានលក្ខខណ្ឌ។

ប្រទេសដាណឺម៉ាកនឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូល EPC លើកក្រោយនៅខែតុលា។  នេះបើយោងតាមនាយករដ្ឋមន្ត្រីរបស់ប្រទេសនេះ លោកស្រី Mette Frederiksen បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានបន្ទាប់ពីកិច្ចប្រជុំ។

លោក​ស្រី​បាន​សង្កត់​ធ្ងន់​ពី​ភាព​ចាំ​បាច់​ក្នុង​ការ​បង្កើន​សម្ពាធ​លើ​រុស្ស៊ី​ដោយ​មាន​ទណ្ឌកម្ម​បន្ថែម​ទៀត។ លោកស្រី​ក៏​បាន​បង្ហាញ​ការ​រំពឹង​ទុក​របស់​លោកស្រី​សម្រាប់​សហរដ្ឋអាមេរិក​ក្នុង​ការ​ចូល​រួម​ចំណែកសម្រាប់ទណ្ឌកម្មលើរុស្ស៊ី។  លោកស្រីបានកត់សម្គាល់ថា លោកប្រធានាធិបតី Donald Trump បានបង្ហាញសញ្ញាថា សហរដ្ឋអាមេរិកបានត្រៀមខ្លួនរួចជាស្រេចក្នុងការដាក់ទណ្ឌកម្មបន្ថែមទៀតលើប្រទេសរុស្ស៊ី ប្រសិនបើទីក្រុងមូស្គូមិនត្រៀមខ្លួនជាស្រេចដើម្បីធ្វើកិច្ចព្រមព្រៀង៕

Written by 

Related posts

Leave a Comment