ពន្ធទៅវិញទៅមករបស់ Trump កំពុងធ្វើឲ្យចិន ឆេះដុំខ្លាំង

ក្រសួងពាណិជ្ជកម្មចិន បានឲ្យដឹងថា រដ្ឋាភិបាលក្រុងប៉េកាំង ថ្កោលទោសយ៉ាងខ្លាំងចំពោះការសម្រេចចិត្តរបស់ទីក្រុងវ៉ាស៊ីនតោន ក្នុងការដំឡើងពន្ធលើទំនិញចិន ហើយប្តេជ្ញាចាត់វិធានការតបតដើម្បីការពារសិទ្ធិ និងផលប្រយោជន៍របស់ខ្លួន។

 ក្រសួង បានលើកឡើង នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលបង្ហោះលើគេហទំព័ររបស់ខ្លួនថា ប្រទេសចិនប្រឆាំងដាច់ខាត ចំពោះរឿងនេះ។ យើងនឹងចាត់វិធានការយ៉ាងម៉ឺងម៉ាត់ដើម្បីការពារសិទ្ធិ និងផលប្រយោជន៍ផ្ទាល់ខ្លួនរបស់យើង ។

 ទន្ទឹមនោះ ក្រសួង បានបន្ថែមថា ពន្ធគយប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់ប្រទេសទាំងអស់ ដោយពណ៌នាថាជាការអនុវត្តធម្មតានៃការបំភិតបំភ័យឯកតោភាគី ។

 សេចក្តីថ្លែងការណ៍ដដែល បានកត់សម្គាល់ថា ប្រវត្តិសាស្រ្តបង្ហាញថាការដំឡើងពន្ធ នឹងមិនដោះស្រាយបញ្ហារបស់សហរដ្ឋអាមេរិកទេ ដោយបន្ថែមថា គោលនយោបាយគាំពារនិយមរបស់លោក ត្រាំ នឹងមិនត្រឹមតែប៉ះពាល់ដល់ផលប្រយោជន៍ក្រុងវ៉ាស៊ីនតោនប៉ុណ្ណោះទេ ថែមទាំងនឹងធ្វើឱ្យការអភិវឌ្ឍសេដ្ឋកិច្ចពិភពលោកនិងស្ថេរភាពនៃខ្សែសង្វាក់ផ្គត់ផ្គង់មានហានិភ័យ ផងដែរ។

 ក្រសួងចិន ក៏បានសង្កត់ធ្ងន់ថា មិនអាចមានអ្នកឈ្នះនៅក្នុងសង្គ្រាមពាណិជ្ជកម្មទេ។ ប្រទេសចិន អំពាវនាវឱ្យសហរដ្ឋអាមេរិកលុបចោលជាបន្ទាន់នូវពន្ធឯកតោភាគី និងដោះស្រាយភាពខុសប្លែកគ្នាដោយត្រឹមត្រូវជាមួយដៃគូពាណិជ្ជកម្មតាមរយៈការសន្ទនាស្មើភាពគ្នា ។

គួរបញ្ជាក់ថា កាលពីថ្ងៃទី ២ ខែមេសា លោក ត្រាំ បានប្រកាសថា សហរដ្ឋអាមេរិក នឹងដាក់បញ្ចូលពន្ធមូលដ្ឋាន ១០ ភាគរយ សម្រាប់មុខទំនិញនាំចូល។ ពន្ធបន្ថែមសម្រាប់ប្រទេសចិន ត្រូវបានកំណត់ដល់ ៣៤ ភាគរយ៕

ដោយ៖ ពេជ្រ

Written by 

Related posts

Leave a Comment