អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា ជួបពិភាក្សាការងារជាមួយគណៈប្រតិភូសហរដ្ឋអាម៉េរិក

ទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) នារសៀលថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៥ តបតាមសំណើរបស់ស្ថានទូតអាម៉េរិកប្រចាំកម្ពុជា លោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា និងសហការីបានទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូសហរដ្ឋអាម៉េរិកដែលដឹកនាំដោយលោក Brett Horton នាយកខុទ្ទកាល័យរបស់សមាជិកសភា Steve Scalise ប្រធានក្រុមសម្លេងភាគច្រើនក្នុងរដ្ឋសភាអាម៉េរិក (Majority Leader of the U.S. House of Representative)។

លោកអគ្គលេខាធិការ ជា វុទ្ធី បានស្វាគមន៍គណៈប្រតិភូដែលបានអញ្ជើញមកកម្ពុជា ដើម្បីសិក្សាយល់បន្ថែមពីគោលនយោបាយទាក់ទាញការវិនិយោគឯកជនរបស់កម្ពុជា។ លោកក៏បានជម្រាបជូនគណៈប្រតិភូដោយសង្ខេបអំពីរចនាសម្ព័ន្ធគ្រប់គ្រងរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា, សាវតារនៃការរៀបចំគោលនយោបាយទាក់ទាញការវិនិយោគឯកជន, របបនៃការលើកទឹកចិត្តដែលពោរពេញដោយភាពទាក់ទាញក្រោមច្បាប់ស្តីពីវិនិយោគបច្ចុប្បន្ន, និងប្រព្រឹត្តិកម្មស្មើភាពដោយគ្មានការរើសអើង។

ទន្ទឹមនឹងនេះ លោកអគ្គលេខាធិការក៏បានលើកឡើងពីវឌ្ឍនភាពនៃការវិនិយោគជារួមនៅកម្ពុជា និងបានកត់សម្គាល់ពីទំហំនៃការវិនិយោគរបស់អាម៉េរិកនៅកម្ពុជាដែលនៅមានកម្រិតនៅឡើយបើប្រៀបធៀបនឹងបណ្តាប្រទេសដទៃទៀត។ យ៉ាងណាមិញ អាម៉េរិកនៅតែជាទីផ្សារដ៏ធំសម្រាប់កម្ពុជាធ្វើការនាំចេញ។  លោកអគ្គលេខាធិការក៏បានស្នើលោក Brett Horton និងប្រតិភូអមជួយជំរុញលើកទឹកចិត្តដល់ក្រុមហ៊ុនអាម៉េរិកមកវិនិយោគនៅកម្ពុជាឱ្យបានច្រើន។

ជាការឆ្លើយតប លោក Brett Horton បានសម្តែងនូវការសាទរចំពោះកម្ពុជាក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ពិសេសកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងការធ្វើពិពិធកម្មប្រភពវិនិយោគឯកជន។ អង្គប្រជុំក៏បានធ្វើការពិភាក្សា និងផ្លាស់ប្តូរយោបល់ផងដែរអំពីការជំរុញទាក់ទាញវិនិយោគិនអាម៉េរិកឱ្យមកបណ្តាក់ទុនវិនិយោគនៅកម្ពុជាបន្ថែមទៀត៕

Written by 

Related posts

Leave a Comment