ពួកសកម្មប្រយុទ្ធបំបែកខ្លួន បានកម្ទេចផ្លូវរថភ្លើង និងបើកការបាញ់ប្រហារលើអ្នកដំណើរនៅភាគនិរតីប្រទេសប៉ាគីស្ថាន កាលពីថ្ងៃអង្គារ ដោយចាប់ចំណាប់ខ្មាំងរាប់សិបនាក់ ហើយបន្តប្រយុទ្ធជាមួយកងកម្លាំងសន្តិសុខដែលកំពុងធ្វើប្រតិបត្តិការជួយសង្គ្រោះ។ នេះបើយោងតាមមន្ត្រីប៉ូលិស។

ប៉ូលិស មិនទាន់អាចបញ្ជាក់ចំនួនអ្នកដំណើរប៉ុន្មាននាក់ដែលត្រូវបានចាប់ធ្វើជាចំណាប់ខ្មាំងនៅឡើយនោះទេ ប៉ុន្តែក្រុមបះបោរ អះអាងមានចំនួន ២១៤ នាក់ ហើយគំរាមសម្លាប់ពួកគេ ទៀតផង។
ទន្ទឹមនោះ មន្ត្រីប៉ូលិសជាន់ខ្ពស់ក្នុងតំបន់ លោក Rana Dilawar បញ្ជាក់ថា រថភ្លើងដែលរងការវាយប្រហារនោះ ត្រូវបញ្ឈប់ដោយបុរសប្រដាប់អាវុធម្នាក់។
លោក បាននិយាយថា កម្លាំងសន្តិសុខ បើកប្រតិបត្តិការដ៏ធំមួយ ដោយបន្ថែមថា ឧទ្ធម្ភាគចក្រ និងកងកម្លាំងពិសេស កំពុងដាក់ពង្រាយ។
អាជ្ញាធរមូលដ្ឋាន ប៉ូលិស និងមន្ត្រីផ្លូវដែក បានលើកឡើងថា រថភ្លើងនោះជាប់ក្នុងផ្លូវរូងក្រោមដីនៅឡើយ ហើយអ្នកបើកបរស្លាប់ បន្ទាប់ពីរងរបួសធ្ងន់ធ្ងរ។
គួរបញ្ជាក់ថា កងទ័ពរំដោះ Baloch ដែលជាក្រុមសកម្មប្រយុទ្ធផ្តាច់ខ្លួន បានបំផ្ទុះផ្លូវរថភ្លើង ហើយគ្រប់គ្រងរថភ្លើងភ្លាមៗ ដោយប្រកាសនឹងប្រហារជីវិតមនុស្ស ១០ នាក់ ជាការឆ្លើយតបចំពោះប្រតិបត្តិការយោធាដែលកំពុងបន្តនេះ៕

ដោយ៖ ពេជ្រ