សិក្ខាសាលាផ្សព្វផ្សាយអំពី “អត្ថប្រយោជន៍នៃផលិតផលធានារ៉ាប់រងអាយុជីវិត”នៅខេត្តស្វាយរៀង

ស្វាយរៀង ៖ និយ័តករធានារ៉ាប់រងកម្ពុជា (ន.ច.ក.) បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយអំពី “អត្ថប្រយោជន៍នៃផលិតផល ធានារ៉ាប់រងអាយុជីវិត” ដែលប្រព្រឹត្តទៅនៅសាលប្រជុំសណ្ឋាគារទន្លេវ៉ៃគោ ខេត្តស្វាយរៀងនារសៀលថ្ងៃទី៣ ខែមីនាឆ្នាំ ២០២៥។

សិក្ខាសាលានេះមានការចូលរួមពី លោក សុខ រស់ អភិបាលរងខេត្តស្វាយរៀង លោក ទូច ម៉េងឡេង ប្រធាននាយកដ្ឋានអភិវឌ្ឍន៍ទីផ្សារនៃ ន.ច.ក. ព្រមទាំងមានការចូលរួមពីលោក លោកស្រី តំណាងមន្ទីរ, តំណាងអង្គភាពសវកម្មផ្ទៃក្នុងនៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ, គ្រឹះស្ថានឯកជន, សាស្ត្រាចារ្យ និងនិស្សិតសាកលវិទ្យាល័យខេត្តស្វាយរៀងផងដែរ។

លោក ទូច ម៉េងឡេង ប្រធាននាយកដ្ឋានអភិវឌ្ឍន៍ទីផ្សារ បានថ្លែងថា គោលបំណងនៃសិក្ខាសាលា គឺដើម្បីផ្សព្វផ្សាយ និងបញ្ជ្រាបចំណេះដឹងពីក្របខណ្ឌគោល-នយោបាយសម្រាប់អភិវឌ្ឍន៍វិស័យធានារ៉ាប់រង, ទិដ្ឋភាពទីផ្សារធានារ៉ាប់រង, អត្ថប្រយោជន៍របស់ផលិតផល ធានារ៉ាប់រងអាយុជីវិត និងនីតិវិធីនៃការទទួលនិងដោះស្រាយបណ្តឹងធានារ៉ាប់រង ឱ្យបានកាន់តែទូលំទូលាយ ដល់សាធារណជននៅក្នុងខេត្តស្វាយរៀង ក៏ដូចជាតួនាទី និងភារកិច្ចរបស់ ន.ច.ក. ក្នុងការការពារផល ប្រយោជន៍ និងបង្កើនទំនុកចិត្តដល់សាធារណជនលើការប្រើប្រាស់សេវាធានារ៉ាប់រង។

លោកបានអះអាងថា សិក្ខាកាមបានបង្ហាញនូវការយកចិត្តទុកដាក់ និងគាំទ្រលើផលិតផលធានារ៉ាប់រងអាយុជីវិតមាន កាលកំណត់ ដែលជាផលិតផលផ្តល់នូវអត្ថប្រយោជន៍ក្នុងការការពារកម្ចី និង ការការពារលើជំងឺធ្ងន់ធ្ងរ។ បន្ថែមពីនេះ សិក្ខាកាមក៏បានបង្ហាញចំណាប់អារម្មណ៍លើតួនាទីរបស់និយ័តករធានារ៉ាប់រងកម្ពុជា ក្នុងការគ្រប់គ្រងប្រតិបត្តិករធានារ៉ាប់រង និងការការពារផលប្រយោជន៍របស់សាធារណជនដែលប្រើប្រាស់សេវាធានា រ៉ាប់រង។

សូមបញ្ជាក់ថា សិក្ខាកាមទាំងអស់បានសាទរ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ ន.ធ.ក. និង បានគូសបញ្ជាក់ពីសារៈសំខាន់នៃការប្រើប្រាស់នូវសេវាធានារ៉ាប់រងអាយុជីវិត និងនីតិវិធីនៃការទទួល និង ដោះស្រាយបណ្តឹងធានារ៉ាប់រង ព្រមទាំងឆ្លើយតបឱ្យបានសមស្របទៅនឹងហានិភ័យដែលបណ្តាលឱ្យប៉ះពាល់ ដល់បន្ទុកហិរញ្ញវត្ថុនៅពេលដែលមានបញ្ហាសុខភាព ពិការភាពទាំងស្រុង ឬបាត់បង់អាយុជីវិត៕

Written by 

Related posts

Leave a Comment