នាយករដ្ឋមន្ត្រីហុងគ្រី លោក Viktor Orban បាននិយាយថា លទ្ធផលនៃកិច្ចប្រជុំរបស់មេដឹកនាំបណ្តាប្រទេសអឺរ៉ុបមួយចំនួននៅទីក្រុងឡុងដ៍ គឺមានគ្រោះថ្នាក់ ដោយសារតែពួកគេសម្រេចចិត្តបន្តជម្លោះក្នុងប្រទេសអ៊ុយក្រែន ។

លោក Orban បានបង្ហោះនៅលើ X ថា មេដឹកនាំអឺរ៉ុប សម្រេចចិត្ត នៅទីក្រុងឡុងដ៍ថា ពួកគេចង់បន្តសង្រ្គាមជាជាងជ្រើសរើសសន្តិភាព។ ពួកគេបានសម្រេចចិត្តថាអ៊ុយក្រែន ត្រូវតែបន្តសង្រ្គាម។ នេះគឺអាក្រក់ គ្រោះថ្នាក់ និងខុស។ ហុងគ្រី នៅតែជ្រើសយកសន្តិភាព ។
នាយករដ្ឋមន្ត្រីហុងគ្រី មិនត្រូវបានអញ្ជើញឱ្យចូលរួមកិច្ចប្រជុំកំពូលស្ដីពីអ៊ុយក្រែន កាលពីថ្ងៃអាទិត្យ នៅទីក្រុងឡុងដ៍ នោះទេ ។
យោងតាម រដ្ឋមន្ត្រីការបរទេស លោក Peter Szijjarto បានលើកឡើងថា មេដឹកនាំហុងគ្រី មិនចូលរួមនោះទេ ព្រោះមានតែអ្នកគាំទ្រការបន្តអរិភាពប៉ុណ្ណោះ ដែលចូលរួម។

បើតាមលោក Szijjarto បន្ថែមថា ហុងគ្រី គាំទ្រការចរចាររវាងរុស្ស៊ី និងអាមេរិក ដែលគួរតែឈានទៅដល់ការដោះស្រាយជម្លោះអ៊ុយក្រែនដោយសន្តិវិធី។
គួរបញ្ជាក់ថា កិច្ចប្រជុំនៅទីក្រុងឡុងដ៍ មានការចូលរួមពីមេដឹកនាំនៃប្រទេសអាល្លឺម៉ង់ ដាណឺម៉ាក អេស្បាញ អ៊ីតាលី ហូឡង់ ន័រវែស ប៉ូឡូញ រូម៉ានី ហ្វាំងឡង់ បារាំង សាធារណរដ្ឋឆេក ស៊ុយអែត ក៏ដូចជាប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen , ប្រធានក្រុមប្រឹក្សាអឺរ៉ុប លោក Antonio Costa និងអគ្គលេខាធិការអង្គការណាតូលោក Mark Rutte ។ នាយករដ្ឋមន្រ្តីកាណាដា លោក Justin Trudeau និង លោក Vladimir Zelensky ក៏ត្រូវបានអញ្ជើញឱ្យចូលរួមក្នុងកិច្ចប្រជុំកំពូលផងដែរ ៕

ដោយ៖ ពេជ្រ