មុនប៉ះអង្គរថាយហ្គឺរ  គ្រូស្វាយរៀង ចាត់​ទុក​​​ការ​ប្រកួតនេះជាការប្រកួត​ដ៏​​លំបាកមួយ​សម្រាប់​ក្រុម​របស់​លោក

លោក Josep Muñoz គ្រូ​បង្វឹក​ព្រះ​ខ័ន​រាជ​ស្វាយរៀង បានចាត់​ទុក​ជាការ​ប្រកួត​ជាមួយអង្គរថាយហ្គឺរ ជាប្រកួតមួយដ៏​លំបាក​សម្រាប់​ក្រុម​របស់​លោក ប៉ុន្តែ​លោក​សង្ឃឹម​ធ្វើ​បាន​ល្អ​ជាង​កាល​ពី​ជុំ​ទី​២​នៅ​ទឹក​ដី​របស់​ក្រុម​ខេត្ត​សៀមរាប​មួយ។

​ថ្លែងក្នុងសន្និសីទសារព័ត៌មានមុនការប្រកួតគ្រូបង្វឹកសញ្ជាតិអេស្ប៉ាញរូបនេះ បាន​និយាយ​ថា ៖«អង្គរថាយហ្គឺរ​តែង​តែ​ធ្វើ​បាន​ល្អ​ក្នុង​ដី​របស់​ខ្លួន ហើយ​ជា​ការ​ប្រកួត​ដ៏​លំបាក​សម្រាប់​ពួក​យើង​ដែល​ទៅ​លេង​នៅ​ទី​នោះ។ យើង​នឹង​ព្យាយាម​ធ្វើ​ឲ្យ​បាន​ល្អ។ យើង​សង្ឃឹម​ថា យើង​នឹង​ធ្វើ​បាន​ល្អ​ជាង​លើក​មុន។ យើង​លេង​បាន​ល្អ អាស្រ័យ​លើ​កត្តា​ទី​លាន​នៅ​ទី​នោះ ទី​លាន​មាន​ស្ថាន​ភាព​ល្អ ហើយ​ក្រុម​អង្គរថាយហ្គឺរ​ក៏​ជា​ផ្នែក​មួយ​ជួយ​ឲ្យ​ការ​ប្រកួត​បាន​ល្អ​ដែរ»។

លោក​បាន​បន្ត​ថា ៖«ទោះ​បី​ជា​ការ​ប្រកួត​មុន យើង​ឈ្នះ​មែន ប៉ុន្តែ​​យើង​ចង់​ឲ្យ​មាន​ភាព​ប្រសើរជា​មុន។ នៅ​ក្នុង​ដី​របស់​អង្គរថាយហ្គឺរ​មិន​ងាយ​មាន​ក្រុម​ណា​យក​ឈ្នះ​ដោយ​ស្រួល​នោះ​ទេ។ បន្ទាប់​ពី​ការ​ប្រកួត​ពាន​រង្វាន់​សម្តេច​តេជោ​ ហ៊ុន សែន ក្នុង​ពាក់​កណ្តាល​សប្តាហ៍ គឺ​គ្មាន​បញ្ហា​សម្រាប់​យើង​ទេ ពី​ព្រោះ​ក្រុម​យើង​តែង​តែ​លេង​២​ប្រកួត​ក្នុង​មួយ​សប្តាហ៍។ វា​ល្អ​សម្រាប់​យើង​ដែល​មាន​ការ​ប្រកួត​២​លើក​ក្នុង​មួយ​សប្តាហ៍ ហើយ​កីឡាករ​ក៏​អាច​ស្តារ​កម្លាំង​កាយ​​មក​វិញ​គ្រប់​គ្រាន់​ដែរ ហើយ​រក្សា​ចង្វាក់​លេង​បាន​ល្អ»។

សូមជម្រាបថា ក្រុម​ព្រះ​ខ័ន​រាជ​ស្វាយរៀង ​នឹង​ធ្វើ​ដំណើរ​ទៅ​សួរ​សុខ​ទុក​ក្រុម​ល្អ អង្គរថាយហ្គឺរ នា​ល្ងាច​នេះ សម្រាប់​ការ​ប្រកួត​សប្តាហ៍​ទី​២ វគ្គ​៦​ក្រុម​ចុង​ក្រោយ​ ពាន​រង្វាន់​ខេមបូឌានព្រីមៀរលីគ​២០២៤-២៥៕

Written by 

Related posts

Leave a Comment